ការជម្លៀសអ្នកដែលរងរបួសចេញពីរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol ក្នុងអំឡុងពេលឈ្លានពានរបស់រុស្ស៊ី ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។ រូបភាព៖ VOA

គេ​ហាក់​ដូច​ជា​មើល​ឃើញ​ថា កងកម្លាំង​រុស្ស៊ីទំនង​ជានឹង​ចូល​គ្រប់​គ្រង​ទីក្រុងកំពង់ផែ Mariupol ទាំង​ស្រុង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ខណៈដែល​អ៊ុយក្រែន​ បាន​សម្រេច​បោះបង់​ការតស៊ូ​របស់​ខ្លួន​នៅ​ក្នុង​រោងចក្រ​ដែក​ថែក​ដ៏​ធំ​មួយ​នេះ​ ហើយអ្នក​ប្រយុទ្ធ​អ៊ុយក្រែន​ជា​ច្រើន​រយនាក់ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ក្នុង​រោងចក្រ​នោះ​ បានសម្រេចប្រគល់​ខ្លួន​ឱ្យកងកម្លាំង​រុស្ស៊ី​ នៅ​ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​ភាគីជម្លោះ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា។

ការដណ្តើម​កាន់កាប់​ទីក្រុង Mariupol នៅ​តាមបណ្តោយឆ្នេរ​សមុទ្ រAzov ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ ៤ សែន ៣ ម៉ឺន​នាក់ មុន​ពេល​សង្គ្រាម​នោះ ជា​ជ័យ​ជម្នះដ៏​ធំ​បំផុត​មួយ​របស់​រុស្ស៊ី​ នៅ​ក្នុង​ការចូល​ឈ្លានពាន​របស់​ខ្លួន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ដែល​មាន​រយៈពេលជិត​ ៣ ​ខែ​មក​ហើយនេះ។

ក៏ប៉ុន្តែ កង​កម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​ដណ្តើម​យក​ទឹកដីមួយ​ចំនួន​បន្ថែម​ទៀត​នៅភាគ​ខាង​កើត​អ៊ុយ ក្រែន ក៏ប៉ុន្តែបានទទួល​បរាជ័យ​ក្នុង​ការផ្តួល​រំលំ​រដ្ឋាភិបាល​របស់លោកប្រធានាធិបតី Volodymyr Zelenskyy ឬ​ចូល​កាន់​កាប់​រដ្ឋធានី​កៀវ។

ការបាញ់​ផ្លោង​ឥត​ឈប់ឈរ​ពី​សំណាក់កងកម្លាំង​រុស្ស៊ី​ដែលអ៊ុយក្រែន​បាន​ប៉ាន់ស្មាន​ថា​បាន​សម្លាប់​ជនស៊ីវិល​របស់​ខ្លួន​ប្រមាណ ២ ម៉ឺននាក់ នៅ​ក្នុងទីក្រុង Mariupol ផ្នែក​ភាគ​ច្រើន​នៃ​ទីក្រុងនោះ​បាន​ទទួល​រង​ការ​ខូច​ខាត​ខ្ទេចខ្ទាំយ៉ាង​ធ្ងន់ធ្ងរ។ ទីក្រុង​នោះ​ស្ថិត​នៅ​ចន្លោះ​ទឹកដី​រុស្ស៊ី​និងឧបទ្វីប Crimea ដែល​រុស្ស៊ីបាន​ដណ្តើម​កាន់កាប់ពី​អ៊ុយក្រែន​កាល​ពីឆ្នាំ ២០១៤។

កង​កម្លាំង​អ៊ុយក្រែន​ប្រមាណ ២៦០ ​នាក់​ ដែលមួយ​ចំនួន​កំពុង​រងរបួស​ធ្ងន់​ហើយ​ស្ថិត​នៅ​ក្នុង​គ្រែ​ស្នែងនោះ​ បាន​ចាកចេញពី​រោងចក្រ​ដែក​ថែប Azovstal កាល​ពី​ថ្ងៃ​ចន្ទ​ និង​បានប្រគល់​ខ្លួន​ឲ្យ​កង កម្លាំង​រុស្ស៊ី។ អាជ្ញាធរ​អ៊ុយក្រែនបាន​និយាយ​ថា ពួកគេ​កំពុង​ធ្វើការ​ដើម្បី​ជម្លៀសទាហានរបស់​ខ្លួនដែល​នៅ​សេសសល់​ក្នុង​រោងចក្រ​នេះ ក៏ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយទេ​ថា តើ​នៅមាន​
ទាហាន​អ៊ុយក្រែន​ប៉ុន្មាន​នាក់​ទៀត​ដែល​ស្ថិត​នៅក្នុង​រោងចក្រ​នេះនៅ​ឡើយ។

រុស្ស៊ី​បាន​ហៅ​កិច្ចប្រតិបត្តិការ​នេះ​ថា​ជា​ការ​ចុះចូល​ដ៏​ធំ​មួយ​របស់​ទាហាន​អ៊ុយក្រែន។ ក៏ប៉ុន្តែផ្ទុយ​ទៅ​វិញ ខាង​អ៊ុយក្រែនបាន​និយាយ​ថា កងទ័ព​របស់​ខ្លួន​បានបញ្ចប់​បេសកកម្ម​នៅ​ទី​នោះរួច​ហើយ។

អភិបាលក្រុង Mariupol លោកVadym Boychenko បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​អ៊ុយក្រែន​ថា៖ «គោល​បំណង​គឺ​ថា កងកម្លាំង​របស់​យើង​បាន​ការពារ​ទីក្រុងនោះ​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន​ និង​បាន​ទប់ទល់​ជា​មួយ​កម្លាំង​សត្រូវ​ដោយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុងMariupolដោយ​មិន​អនុញ្ញាត​ឱ្យ​សត្រូវ​ឆ្លងកាត់​ទីក្រុង​នេះ។ គេ​បាន​ជួយ​សង្រ្គោះ​ប្រទេស​ជាតិ គេបាន​អនុញ្ញាតឱ្យ​កងកម្លាំង​អ៊ុយក្រែន​ត្រៀម​ខ្លួន​និងបាន​ឱ្យ​ទីក្រុង​ផ្សេងៗ​ទៀត​ត្រៀម​ខ្លួន​ ដើម្បី​ប្រយុទ្ធនៅ​ក្នុង​សង្គ្រាម​ដ៏ខ្លាំង​មួយនេះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»៕