រូបថតចេញផ្សាយដោយ Korean Central News Agency បង្ហាញឲ្យឃើញមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីបក្ស ក្នុងអំឡុងការផ្ទុះជំងឺកូវីដ១៩ នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។

ទីក្រុង​សេអ៊ូល — មេ​ដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un និយាយ​ថា ភាពខ្ចិល​ច្រអូស​និង​ភាពព្រងើយ​កន្តើយរបស់​មន្ត្រី​រដ្ឋ​មួយ​ចំនួនបាន​ធ្វើឱ្យការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​នេះ ធ្លាក់​ចូល​ក្នុង​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង។ នេះ​បើតាមសេចក្តីរាយការណ៍​របស់​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​ដែលករណីឆ្លង​ដោយសារ​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស​បាន​ឡើង​ដល់​ប្រមាណ ១ លាន ៧ សែន​នាក់។ នេះ​បើតាម​ការចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។

ប្រទេសដែល​មាន​អាវុធ​នុយក្លេអ៊ែរមួយ​នេះ​បានរាយការណ៍​ពី​ការរក​ឃើញ​ករណីអ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ដំបូង​កាល​ពី​សប្តាហ៍​មុន​ ហើយការឆ្លង​ដោយ​វីរុសបំប្លែង​ខ្លួន​អូមីក្រុង​បាន​ចាប់ផ្តើម​រាលដាលកាន់តែ​ខ្លាំង​ចាប់​ពីពេល​នោះ​មក ដែល​នេះ​ជាបរាជ័យ​មួយ​ដល់កូរ៉េ​ខាង​ជើង​ ដែល​បាន​បិទ​ខ្ទប់​ប្រទេស​អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ ​ដើម្បី​ទប់ស្កាត់​ការឆ្លងនៃ​ជំងឺ​នេះ​ចាប់​តាំង​ពី​ជំងឺកូវីដ១៩ បាន​ចាប់​ផ្តើម​ឆ្លង​រាតត្បាត​ជា​លើក​ដំបូង​នៅក្នុង​ពិភព​លោក។

ក្នុងពេល​ធ្វើ​ជា​អធិបតីភាព​ក្នុងកិច្ចប្រជុំការិយាល័យ​នយោបាយ​របស់គណបក្ស​កាន់អំណាច​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​លោក Kim Jong Un បាន​និយាយ​ថា៖ «រដ្ឋកំពុង​ស្ថិត​នៅ​ក្នុងសមត្ថភាព​ក្មេង​ខ្ចី​ក្នុង​ការទប់ទល់​ដោះស្រាយ​នឹង​វិបត្តិ​ជំងឺ​កូវីដ​នេះ​ ហើយ​បាន​ស្តី​បន្ទោសទៅ​លើអកប្បកិរិយា​អវិជ្ជមាន ភាព​ស្ពឹកស្រពន់​និង​ភាពអសកម្ម​របស់មន្ត្រី​ដឹកនាំ​រដ្ឋ​មួយ​ចំនួន»។ នេះ​បើយោង​ទៅ​លើការចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានមជ្ឈិមផ្លូវការរបស់​កូរ៉េខាង​ជើង KCNA។

កូរ៉េខាង​ជើង​បាន​រកឃើញ​ករណី​ថ្មីនៃ​អ្នក​ដែល​មាន​ជំងឺគ្រុនក្តៅ​ប្រមាណ ២៣២.៨៨០ នាក់​ កាល​ពីយប់​ថ្ងៃអង្គារ​ម្សិលមិញ​ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃអ្នក​ដែល​មាន​រោគ​សញ្ញានេះ​កើន​ឡើង​ដល់​ចំនួន​សរុប​ប្រមាណជាង ១ លាន ៧ សែន​នាក់​ និង​មាន​អ្នក​ស្លាប់ ៦២​ នាក់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA ។

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ​បាន​ចូលរួម​ដោយ​ផ្ទាល់ដល់​ការឆ្លើយ​តប​ជំងឺ​កូវីដ១៩ ដោយ​និយាយថា ការ​រាតត្បាត​នៃ​ជំងឺ​នេះ«​កំពុង​បង្ក​ភាពចលាចលជា​ខ្លាំង»នៅ​ទូទាំង​ប្រទេស។​

ថ្នាំពេទ្យ​ដែល​ត្រូវ​បាន​ផ្តល់​ដោយគ្រួសារ​លោក Kim Jong Un ត្រូវ​បាន​គេ​យក​ទៅ​ចែកចាយ​ដល់​ពលរដ្ឋ ​នៅក្នុង​ខេត្ត Hwanghae ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេសកូរ៉េ​ខាង​ជើង​ដែល​ជា​ការ​បញ្ជាក់​នៃ​ការ​ចូលរួម​ដោយ​ផ្ទាល់របស់​មេដឹកនាំ​កូរ៉េខាង​ជើង​រូប​នេះ​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩។

បុគ្គលិក​ពេទ្យ​យោធា​កូរ៉េ​ខាង​ជើង​ប្រមាណ ៣ ពាន់​នាក់​ កំពុង​ចូលរួមនៅ​ក្នុង​ប្រព័ន្ធ​ផ្តល់​សេវា ២៤ ម៉ោង​ ដើម្បីដឹកជញ្ជូន​និង​ផ្តល់​ថ្នាំ​ពេទ្យ។ នេះបើ​តាម​ការ​ចេញផ្សាយនៃ​ព័ត៌មានរដ្ឋកូរ៉េខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ៕