លោក ប៊ូ ម៉ាន កសិករដាំឪឡឹកលឿននៅត្បូងឃ្មុំ(រូបទី២ខាងស្ដាំ)។ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

កសិករម្នាក់នៅខេត្តត្បូងឃ្មុំ ដាំឪឡឹកលឿងលើផ្ទៃដី២០ហិកតា អាចរកចំណូលបាន២០០លានរៀលឬ៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដោយសារបច្ចុប្បន្ន ឪឡឹកលឿងមានតម្រូវការទីផ្សារ និងមានតម្លៃសមរម្យ។

លោក ប៊ូ ម៉ាន ម្ចាស់ចម្ការឪឡឹកលឿងចំនួន២០ហិកតា នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៨ឧសភាថា ក្នុងមួយឆ្នាំ លោកអាចលោកចំណូលពីការប្រកបមុខរបរដាំឪឡឹកលឿងបានចំនួន២០លានរៀលក្នុង១ហិកតា ព្រោះជាមធ្យមលើផ្ទៃដីដាំឪឡឹក១ហិកតា អាចប្រមូលផលបានចន្លោះពី១០ តោន ទៅ២០តោន។

លោកបន្តថា បច្ចុប្បន្ន ឪឡឹករបស់លោក មានទីផ្សារនៅតាមបណ្តាខេត្តផ្សេងៗ ជាពិសេសនៅរាជធានីភ្នំពេញ ឈ្មួញបបានញ្ជាទិញយកទៅដាក់លក់ក្នុងផ្សារទំនើបច្រើន។ លោកអះអាងថា ឪឡឹកលឿងមានទីផ្សារល្អ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋពេញនិយមបរិភោគ និងត្រូវបានយកទៅរៀបចំដាក់ឱ្យភ្ញៀវក្នុងកម្មវិធីផ្សេងៗ។

លោកថ្លែងដូច្នេះថា៖«ដំបូងឡើយ យើងដាំហ្នឹងផ្គត់ផ្គង់ឱ្យអ្នកនៅជុំវិញខ្លួនយើងសិន បន្ទាប់មកទៀត បានយើងយកទៅកាន់ទីប្រជុំជន ឬក៏ទីផ្សារហ្នឹង ហើយបន្ទាប់មកទៀត ចេះតែមានទីផ្សារច្រើន មានការគាំទ្រច្រើនអ៊ីចឹងទៅ។ យើងអាចយកទៅលក់នៅតាមរាជធានីខេត្តក្រុង ហើយអតិថិជនគាត់កម្ម៉ង់ទិញទៅតាមខេត្តក្រុង និងរាជធានីភ្នំពេញតែម្តង»។

លោកបានចាប់ផ្តើមដាំឪឡឹកលឿងជាង១០ឆ្នាំមកហើយ ដោយសារឪឡឹកលឿង ជាដំាណាំវិលល្ងាច ឆាប់បានប្រមូលផលក្នុងរយៈពេល២ទៅ៣ខែប៉ុណ្ណោះ។ លោកថា ការដាំឪឡឹកលឿង​ ធ្វើឱ្យលោកជួបឧបសគ្គមួយចំនួនដូចជា បញ្ហាអាកាសធាតុប្រែប្រួល និងសត្វល្អិតបំផ្លាញ។

លោកថ្លែងដូច្នេះថា៖«ភាពលំបាករបស់ដំណាំហ្នឹង កត្តាអាកាសធាតុ(រាំងស្ងួត) អាកាសធាតុវាធ្វើឱ្យដំណាំរបស់យើងអត់អាចលូតលាស់បានល្អ ហើយកត្តាមួយទៀតកត្តាសត្វល្អិត សត្វល្អិតវាអាចធ្វើឱ្យដំណាំរបស់យើងខូចខាត»។

លោកបន្តថា ដើម្បីកាត់បន្ថយកត្តាបញ្ហារាំងស្ងួត កសិករត្រូវជ្រើសរើសដី ដែលមានជីវជាតិ ត្រូវមានប្រព័ន្ធទឹកគ្រប់គ្រាន់ ដើម្បីស្រោចស្រពឪឡឹកឱ្យបានគ្រប់គ្រាន់។ ម៉្យាងវិញទៀត ត្រូវប្រើផ្លាស្ទិកគ្របពីលើផ្ទៃដី ដើម្បីរក្សាសំណើមនៅក្នុងដី ដើម្បីធ្វើឱ្យឪឡឹកលូតលាស់បានល្អ។ ក្រៅពីដាំដំណាំឳឡឹកលឿងនេះ លោក ម៉ាន ដាំដំណាំផ្សេងៗទៀតដែរ មានដូចជា ត្រសក់ផ្អែម ត្រសក់ទ្រើង និងបន្លែផ្សេងៗទៀត។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្នឪឡឹកលឿងមានតម្លៃ៣ពាន់រៀល ក្នុង១គីឡូក្រាម ហើយមិនទាន់មានកសិករដាំច្រើននោះទេ។ លោកថា មន្ទីរមិនទាន់មានតួលេខជាក់លាក់ថាមានកសិករចំនួនប៉ុន្មានដាំឳឡឹកនោះទេ ហើយក៏មិនទាន់ហ៊ានផ្សព្វផ្សាយឱ្យកសិករផ្សេងដាំដែរ ព្រោះវាអាស្រ័យលើទីផ្សារ។

លោកថ្លែងដូច្នេះថា៖«តាមពិតយើងមិនមែនចេះតែឱ្យដាំនោះទេ វាទាក់ទងនឹងដី។ យើងក៏មិនចង់ឱ្យដាំច្រើនគ្នាដែរ ដំណាំនេះខ្លះ នោះខ្លះទៅ កុំឱ្យជាន់គ្នា ជាន់គ្នាឈ្មួញឱ្យតម្លៃថោក»។

លោកបញ្ជាក់ថា ដើម្បីដាំដំណាំឪឡឹកទទួលបានផលល្អ ត្រូវដាំលើដីក្រហម និងដីទន្លេ៕