ទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alibaba ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៩។ រូបភាព៖Reuters

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចរចាជាមួយក្រុមហ៊ុនAlibaba ក្នុងការនាំយកផលិតផលខ្មែរដាក់លក់នៅលើផ្លេតហ្វម Alibaba របស់ក្រុមហ៊ុនយក្សចិន។ ក្រុមការងារចំពោះកិច្ច មានតំណាងមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិជំរុញចលនាភ១ផ១ ព្រមទាំងក្រសួង-ស្ថានមួយចំនួនទៀត។

សេចក្តីជូនដំណឹងមួយចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការបន្តទៀតជាមួយនឹងក្រុមហ៊ុនAlibaba ក្នុងការរៀបចំរបាយការណ៍ផ្សេងៗ ដើម្បីដាក់ជូនសម្តេច ហ៊ុន សែន លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជានិងក្រុមហ៊ុន Alibaba និងការនាំចេញផលិតផល្មខែ្មរទៅផ្សារបរទេសតាមរយៈវេទិកា Electronic World Trade Platefrom(eWTP)របស់ក្រុមហ៊ុន Alibaba។

លោក ជា សំណាង ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភ១ផ១ ប្រាប់សារព័ត៌មានខ្មែរណាស់ថា ទាក់ទងនឹងផលិតផលភ១ផ១ ដែលត្រូវដាក់លក់តាម App របស់ក្រុមហ៊ុន Alibaba គឺខាងគណៈកម្មាធិការជាតិជំរុញចលនាភ១ផ១ កំពុងរងចាំក្រសួងពាណិជ្ជកម្មបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការងារនេះជាមួយ Alibaba Group។

លោកថ្លែងដូច្នេះថា៖«ពីព្រោះសេចក្តីជូនដំណឹង (សជណ) របស់រាជរដ្ឋាភិបាលលេខ ១៩៣ចុះថ្ងៃទី១៥មិនា បានណែនាំទៅក្រសួងពាណិជ្ជកម្មដើម្បីរៀបចំដំណើការសហការជាមួយ Alibaba Group រហូតមកទល់នឹងពេលនេះក្រុមការងារអន្តរក្រសួងមិនទាន់បានចេញជារូបរាងនៅឡើយទេ ដោយខាងក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំឯកសារគតិយុត្តនានាដែលពាក់ព័ន្ធនឹងការងារនេះ»។

លោក ថូរ៉ាក់ស៊ី បានអនុញ្ញាឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិជំរុញចលនាភ១ផ១ បង្កើតក្រុមការងារចំពោះកិច្ចមួយដែលមានតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភ១ផ១ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសម្របសម្រួលធ្វើការជាមួយនឹងក្រុមហ៊ុន Alibaba។ ក្រុមការងារចំពោះកិច្ចនេះក៏ធ្វើការរាយការណ៍ជូនសម្តេច ហ៊ុន សែន ពីវឌ្ឍនភាពការងារ និងយល់ព្រមក្នុងការចូលជាសមាជិករបស់ eWTP៕