លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម(ឈរនៅលំដាប់ទី៤ខាងឆ្វេង) ថតជាមួយអ្នកវិនិយោគិនឥណ្ឌា។ រូបភាព៖ រូបភាព៖ ដកស្រង់ពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម។

ក្រុមហ៊ុន Kirloskar Group ជាក្រុមហ៊ុនឧស្សាហកម្មវិស្វកម្មឈានមុខគេក្នុងប្រទេសឥណ្ឌា សម្លឹងមើលការវិនិយោគលើការធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំឧស្សហកម្មហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វនៅកម្ពុជា។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៨ ឧសភា បានជួបពិភាក្សាគ្នាជាមួយលោក SANJAY C. KiRLOSKAR នាយក និងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Kirloskar Group Company និងសហការី លើកម្មវត្ថុស្តីពីការធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំកសិឧស្សាហកម្ម ឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌា។

ក្នុងជំនួបនេះ លោក វេង សាខុន បានគាំទ្រគោលបំណងរបស់ក្រុមហ៊ុន ដែលគម្រោងនេះ នឹងអាចជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ និងបច្ចេកវិទ្យាទំនើបកសិកម្មរបស់ឥណ្ឌាអាចមានលក្ខណ:ងាយស្រួលប្រើ សមស្របទៅតាមបរិបទនៃការវិវឌ្ឍរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មនិងភាតរបរិស្ថាន។

លោកថ្លែងដូច្នេះថា៖«សម្រាប់គម្រោងនេះ ខ្ញុំសង្ឃឹមថា នឹងចូលរួមចំណែកធ្វើឲ្យគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម២០២២ -២០៣០ របស់រាជរដ្ឋាភិបាល(ការធ្វើទំនើបកម្មកសិកម្ម) អាចឈានទៅដល់គោលដៅតាមផែនការបានគ្រោងទុក គឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។

លោក SANJAY C. KiRLOSKAR បានបង្ហាញពីឆន្ទ:ថា​​ ក្រុមការងារបច្ចេកទេស នឹងខិតខំធ្វើឲ្យគ្រោងនេះ បានដំណើរការក្នុងពេលឆាប់ៗខាងមុខ ឆ្លើយតបសេចក្តីត្រូវការរបស់កសិករបានទាន់ពេល។ លោកថ្លែងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា ពួកគាត់នឹងទទួលបានប្រយោជន៍យ៉ាងច្រើនពីបច្ចេកវិទ្យាទំនើបមួយនេះ»។

លោករដ្ឋមន្រ្តីថ្លែងទៀតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ និងវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបដោយសារកំណើនប្រជាជន សេចក្តីត្រូវការស្បៀងទាំងបរិមាណ និងគុណភាពកាន់តែកើនឡើងជាបន្តបន្ទាប់ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម។

លោកបន្តថា៖«កិច្ចការស៊ីជម្រៅទាក់ទងបច្ចេកទេស និងការអនុវត្តជាក់ស្តែងខ្ញុំសូមណែនាំឲ្យក្រុមហ៊ុន បន្តធ្វើកិច្ចការនេះជាមួយអគ្គនាយកដ្ឋានកសិកម្ម ហើយក្រសួងនឹងផ្តល់កិច្ចសហការបន្ថែមតាមការចាំបាច់ ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ»៕