លោករដ្ឋមន្រ្តី ចម ប្រសិទ្ធ ថ្លែងក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី ១៧ ឧសភាថា បច្ចុប្បន្នសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជាប្រមាណ ៥០ម៉ឺនមូលដ្ឋាន ប៉ុន្តែពួកគេមកចុះបញ្ជីស្របច្បាប់ទើបបានជាង២ម៉ឺនមូលដ្ឋានប៉ុណ្ណោះ។។ រូបភាព៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍បានអំពាវនាវដល់សមាគមអ្នកផលិតចំណីអាហារបន្តកៀរគរដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម(SMEs)មកចុះបញ្ជីទទួលស្គាល់ស្របច្បាប់បន្ថែមទៀត ដើម្បីទទួកបានអត្ថប្រយោជន៍នានាពីរដ្ឋាភិបាល។

លោករដ្ឋមន្រ្តី ចម ប្រសិទ្ធ ថ្លែងក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី ១៧ ឧសភាថា បច្ចុប្បន្នសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជាប្រមាណ ៥០ម៉ឺនមូលដ្ឋាន ប៉ុន្តែពួកគេមកចុះបញ្ជីស្របច្បាប់ទើបបានជាង២ម៉ឺនមូលដ្ឋានប៉ុណ្ណោះ។

លោករដ្ឋមន្រ្តីបានស្នើឱ្យសមាគមនេះជួយកៀរគរសមាជិករបស់ខ្លួនថែមទៀត ដើម្បីមកចុះបញ្ជីទទួលស្គាល់តាមច្បាប់ ខណៈការចុះបញ្ជីអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ។

លោករដ្ឋមន្រ្តីថ្លែងទៀតថា៖ «ការចូលជាសមាជិកសមាគម និងចុះបញ្ជីស្របច្បាបមានអត្ថប្រយោជន៍ទទួលបានការចែករំលែកព័ត៌មានទីផ្សារ ការងារបណ្តុះបណ្តាល ហើយសមាគមមានសិទ្ធអំណាចតវ៉ាជាសមូហភាព សម្រាប់ផលប្រយោជន៍របស់ពួកគេ»។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាថ្លែងថា សមាគមនឹងខិតខំប្រឹងប្រែងជំរុញឱ្យសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យមមកចុះបញ្ជីឱ្យកាន់តែច្រើនថែមទៀត។លោកថ្លែងថា៖«សមាគមកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ការអនុវត្តតាមបញ្ញតិកម្ម បទដ្ឋានគតិយុត្ត នីតិវិធី ស្តង់ដារ បច្ចេកទេស និងភាពអនុលោមត្រូវការមានការពិគ្រោះយោបល់ ការណែនាំ និងបណ្តុះបណ្តាលបន្ថែមទៀតក្រសួង»។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ។រូបភាព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍លោករដ្ឋមន្ត្រីកត់សម្គាល់ថា ប្រជាពលរដ្ឋទូទៅនៅមានខ្វះខាតការយល់ដឹងពីបញ្ហាសុវត្ថិភាពចំណីអាហារ និងការផលិតចំណីអាហារឲ្យស្របតាមស្តង់ដារ និងអនាម័យ។

លោកថ្លែដូច្នេះថា៖«ពីព្រោះផលិតផលខ្លះពេលហូបរាល់ថ្ងៃទៅ នឹងធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ទាំងរយៈពេលខ្លី និងរយៈពេលវែង ។ ដូច្នេះការងារបណ្តុះបណ្តាលស្វែងយល់ ពីស្តង់ដារអនាម័យ ការវេចខ្ចប់ ការស្តុកទុក ជាការចាំបាច់ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាទីផ្សារផលិតផលរបស់យើងបានយូរអង្វែង និងមានលទ្ធភាពអាចប្រកួតប្រជែងសម្រាប់ការនាំចេញទៀតផង»៕