
ផលិតផលភេសជ្ជៈស្វាយដែលកែច្នៃពីស្វាយកែវរមៀតរបស់សហគមន៍កសិកម្មសាមគ្គីតំបែរនឹងឈានជើងចូលទីផ្សារក្នុងស្រុកនៅដើមឆ្នាំក្រោយជាមួយនឹងតម្លៃសមរម្យបំផុត។
លោក អុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ ប្រាប់ខ្មែរណាស់នៅថ្ងៃអង្គារ៍ថា ដោយមើលឃើញពីតម្លៃផ្លែស្វាយកែវរមៀតកំពុងជួបបញ្ហាកង្វះទីផ្សារ សហគមន៍កសិកម្មសាមគ្គីតំបែរកំពុងកែច្នៃស្វាយកែវរមៀតជាភេសជ្ជៈស្វាយសម្រាប់លក់នៅលើទីផ្សារក្នុងស្រុក ក្នុងគោលបំណងដើម្បីបង្កើនតម្លៃបន្ថែមដល់ប្រជាកសិករដាំស្វាយដែលជាសមាជិករបស់សហគមន៍។

លោកថ្លែងទៀតថា សព្វថ្ងៃ សហគមន៍លោកកំពុងកុម្ម៉ង់ដបពីប្រទេសចិនសម្រាប់វិចខ្ចប់ភេសជ្ជៈស្វាយ ដើម្បីចែកចាយនៅលើទីផ្សារតាមការគ្រោងទុក។លោករំពឹងថានឹងអាចឈានជើងចូលទីផ្សារនៅដើមឆ្នាំ២០២៣។
លោកថ្លែងដូច្នេះថា៖ «បន្តិចទៀតយើងនឹងបញ្ចេញភេសជ្ជៈស្វាយ ដើម្បីលក់នៅលើទីផ្សារក្នុងស្រុក។ យើងមានលទ្ធភាពផលិតបានហើយ យើងកំពុងរកដបដែលល្អស្អាតដើម្បីទាក់ទាញអ្នកហូប។ ផលិតផលភេសជ្ជស្វាយអាចនឹងចេញលក់នៅដើមឆ្នាំក្រោយ អាចក្នុងខែមករា ឬកុម្ភៈ»។
លោកបន្ថែមទៀតថា ក្នុងដំណាក់កាលដំបូង សហគមន៍នឹងផលិតភេសជ្ជៈស្វាយប្រហែល១ម៉ឺនដប ដើម្បីលក់សាកល្បងនៅលើទីផ្សារ។
លោកមានប្រសាសន៍ថា៖«យើងគ្រោងលក់ទឹកភេសជ្ជស្វាយ១ដប២ពាន់រៀលនៅលើទីផ្សារ ព្រោះយើងមិនអាចលក់សើលនេះបានទេ ព្រោះជីវភាពប្រជាកសិករនៅមានកម្រិត។ខ្ញុំសង្ឃឹមថានឹងមានអ្នកគាំទ្រពីប្រជាជនខ្មែរយើងលើផលិតផលក្នុងស្រុក។ យើងកំពុងខិតខំពន្យាយាមផ្សព្វផ្សាយគុណប្រយោជន៍នៃភេសជ្ជៈស្វាយជួយដល់សុខភាព»។
លោកបន្តថា ក្រៅពីភេសជ្ជៈស្វាយ សហគមន៍ក៏កំពុងកែច្នៃ ទឹកខ្មេះ ចាហ៊ួយ និងស្រា ពីផ្លែស្វាយកែវរមៀត ខណៈសហគមន៍កំពុងកៀរគរហិរញ្ញវត្ថុបន្ថែមដើម្បីកែច្នៃផលិតផលទាំងនេះ។
លោកថ្លែងទៀតថា៖«យើងកែច្នៃពីស្វាយកែវរមៀតឱ្យអស់ពីលទ្ធភាព ដើម្បីជួយកសិករយើង ព្រោះស្វាយមានតម្លៃថោកៗមែនតែន។យើងក៏ចង់កែច្នៃឱ្យបានច្រើនមុខដែរ ប៉ុន្តែដោយលទ្ធភាពនៃហិរញ្ញវត្ថុរបស់សហគមន៍របស់យើងមានតិចតួច។យើងកំពុងកៀរគរទាំងអ្នកមានហិរញ្ញវត្ថុ និងចំណេះដឹងឱ្យគាត់មកចូលហ៊ុនគ្នា ដើម្បីអាចផលិតកែច្នែផលិតផ្សេងទៀតពីស្វាយកែវរមៀត ដូចជា ទឹកខ្មេះ ចាហ៊ួយជាដើម»។
សហគមន៍នេះមានគ្រួសារអ្នកដាំស្វាយចំនួន ៧០ គ្រួសារ ដោយមានផ្ទៃដីដាំស្វាយកែវរមៀតប្រមាណ ១២៧ ហិកតា ស្មើនឹងប្រមាណ ៣ ម៉ឺនដើម ដែលអាចផ្តល់ទិន្នផលជាមធ្យមក្នុងរង្វង់ ៣០តោនក្នុង ១ ឆ្នាំ៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022