
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ជាគ្រឹះស្ថានឈានមុខគេមួយនៅកម្ពុជា បានបង្ហាញពីប្រាក់ចំណេញក្រោយការបង់ពន្ធ ៤៩,៣លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២២ កើន ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន ៣៥,៩ លានដុល្លារ។នេះបើតាមរបាយការណ៍ផ្ញើទៅផ្សារមូលបត្រកម្ពុជា(CSX)។
លោក Kwi Sang JUN ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ភីអិលស៊ី បានថ្លែងថា ជាមួយនឹងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចដ៏អំណោយផល ប្រាសាក់ជាថ្មីម្តងទៀតបានបង្ហាញពីកំណើនដ៏រឹងមាំលើប៉ារ៉ាម៉ែត្រសំខាន់ៗទាំងអស់ រួមទាំងទ្រព្យសម្បត្តិសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី ប្រាក់ចំណេញ ក៏ដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកបន្តថា ជាលទ្ធផលក្នុងដំណាច់ត្រីមាសទី១ឆ្នាំ២០២២ ទ្រព្យសម្បត្តិសរុបមាន៤,៥ ពាន់លានដុល្លារ កើនឡើង ២១,៣៣% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២១។ សមតុល្យប្រាក់បញ្ញើបានកើនឡើងដល់ ២,៧ពាន់លានដុល្លារ ហើយសម្ពៀតឥណទានសរុប ៤ ពាន់លានដុល្លារ។
លោកថ្លែងដូច្នេះថា៖ «យើងបានរៀនសូត្រច្រើនពីបញ្ហាប្រឈមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យប្រាសាក់ក្លាយជាស្ថាប័នដ៏រឹងមាំ និងស្ថិរភាពសម្រាប់កំណើនប្រកបដោយនិរន្តរភាពរយៈពេល ២៧ ឆ្នាំ»។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានប្រសាសន៍ថា ប្រាសាក់ បានធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុនដើម្បីដំឡើងដើមទុនចុះបញ្ជីពី ៣០០លានដុល្លារ ដល់ ៤០០លានដុល្លារ។ ការដំឡើងដើមទុននេះនឹងជួយដល់យុទ្ធសាស្ត្រកំណើនរបស់គ្រឹះស្ថាន និងពង្រឹងជំហរនៅក្នុងទីផ្សារ។
លោកថ្លែងដូច្នេះថា៖«លើសពីនេះ ក៏នឹងជួយយើងពង្រីកការផ្ដល់សេវាឱ្យកាន់តែទូលំទូលាយ និងធ្វើពិពិធកម្មផលិតផលនិងសេវាហិរញ្ញវត្ថុរបស់យើង ជាពិសេសគឺផ្នែកឌីជីថល។យើងខ្ញុំពិតជារីករាយនិងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចំពោះការអនុម័តនិងទទួលស្គាល់ការដំឡើងដើមទុននេះ»។
ប្រាសាក់បានប្រកាសប្រាក់ចំណេញសុទ្ធ ១៥៥,៥លានដុល្លារក្នុងឆ្នាំ២០២១ កើន ៤២,៩% បើធៀបនឹងឆ្នាំ២០២០ ដែលមាន ១០៨,៨លានដុល្លារ។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ប្រាសាក់៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022