
រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនី អនៀន ធីវ័ន (Onion T1)ដែលមានទុនវិនិយោគ ២០ លានដុល្លារ របស់ Onion Mobility ក្រុមហ៊ុន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
រោងចក្រនេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
រោងចក្រនេះវិនិយោគដោយក្រុមហ៊ុន Onion Mobility Co., Ltd ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL TADA (Cambodia) Co.,Ltd កំពុងប្រតិបត្តិការលើសេវាកម្ម TADA App សម្រាប់កក់យានជំនិះធ្វើដំណើរនៅកម្ពុជា។
លោក សៀង វិរៈ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Onion Mobility ប្រាប់ខ្មែរណាស់ថា រោងចក្រនេះនឹងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយកន្លែង ពិសេសអ្នកនៅក្នុងតំបន់នោះ។
លោកថ្លែងដូច្នេះថា៖«យើងអាចមានសមត្ថភាពផលិត ៣ ០០០ គ្រឿងក្នុងឆ្នាំ២០២២ ហើយយើងនឹងបង្កើនចង្វាក់ផលិតកម្មរបស់យើងឱ្យកាន់តែច្រើនថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ»។
ម៉ូតូកង់បីអគ្គិសនីដ៏ទំនើប និងមានផាសុកភាព អាចបើកបានចម្ងាយ ១០០ គីឡូម៉ែត្រនៅពេលសាកអាគុយពេញ ឬជាមធ្យមចំណាយប្រហែល ២ ដុល្លារសម្រាប់ការធ្វើដំណើរ ១០០ គីឡូម៉ែត្រ។ ការចំណាយនេះគឺទាបជាង ២០ ភាគរយ បើធៀបនឹងត្រីចក្រយានយន្តប្រើប្រាស់ឧស្ម័ន LPN ដែលកំពុងចរាចរច្រើននៅកម្ពុជា។
ក្រុមហ៊ុនបានបញ្ចេញលក់ អនៀន ធីវ័ន បានជិត ២០០ គ្រឿងគិតចាប់តាំងពីបើកលក់ជាផ្លូវការកាលពីឆ្នាំ២០២១ និងអ្នកកុម្ម៉ង់កក់ប្រមាណ ៥០០ គ្រឿង ហើយក្រុមហ៊ុនមានផែនការបញ្ចេញលក់ អនៀន ធីវ័ន ឱ្យបាន ៣ពាន់គ្រឿង នៅឆ្នាំ២០២២៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022