ជំនួបពិភាក្សាការងាររវាងលោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក.អ.ក(ស្តាំ) ជាមួយលោក Rho Hyunjun ប្រធាន KOICA ប្រចាំនៅកម្ពុជា(ឆ្វេង) កាលពីថ្ងៃទី១៦ ឧសភា។រូបភាព៖ ហ្វេសប៊ុក ក.អ.ក

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(ក.អ.ក.) បាន​លើឡើងថា ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​កូរ៉េ(KOICA)​នឹង​បន្ត​​​ផ្តល់ហិរញ្ញប្បទានឥតសំណងដល់រដ្ឋាភិបាលកម្ពុជា​សម្រាប់បណ្តាឆ្នាំខាងមុខដោយ​​ផ្តោតលើវិស័យ​កសិកម្ម សុខាភិបាល ឌីជីថល អភិវឌ្ឍន៍ជនបទ និងបរិស្ថាន​ និងការប្រែប្រួលអាកាសធាតុ។

ការលើកឡើងនេះ ត្រូវ​បានធ្វើឡើងនៅក្នុង​ជំនួបពិភាក្សា​ការងារ​រវាង​លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍​កម្ពុជា​នៃក.អ.ក ជាមួយលោក  Rho Hyunjun ប្រធាន​ KOICA ប្រចាំនៅកម្ពុជា កាលពី​ថ្ងៃទី១៦ ឧសភា។​

ក្នុងជំនួបនេះ ភាគីទាំង២ ពិភាក្សា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ និងភាពជាដៃគូពិសេសការពិនិត្យ​លើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ KOICA និងការជ្រើសរើសបេក្ខភាព​គម្រោងស្នើសុំ​ហិរញ្ញប្បទានឥតសំណងពី KOICA សម្រាប់ឆ្នាំ២០២៤។

លោក យ៉ាណារ៉ា ថ្លែងថា សម្រាប់បណ្តាឆ្នាំខាងមុខ KOICA នឹង​ផ្តល់​ហិរញ្ញប្បន្ន​ទាន​ផ្តោត​សំខាន់លើវិស័យ​កសិកម្ម សុខាភិបាល ឌីជីថល អភិវឌ្ឍន៍ជនបទ បរិស្ថាន និងការប្រែប្រួល​អាកាសធាតុ​ ដែលបានបញ្ជាក់នៅក្នុងផែន​ការ​ប្រទេសរបស់​ទីភ្នាក់ងារ​ KOICA។

លើសពីនេះ KOICA បាន​ផ្តល់​បន្ថែម​កិច្ចសហប្រតិបត្តិការ​ជាច្រើន ដូចជា ការបញ្ជូនអ្នកជំនាញ​ការ​ និង​អ្នកស្ម័ក្រ​ចិត្ត​កូរ៉េ និង​ការ​ផ្តល់​កម្មវិធី​បណ្តុះបណ្តាលរយៈ​ពេល​ខ្លី​ និងកម្មវិធី​អាហារូបករណ៍​រយៈ​ពេលវែង​ ព្រមទាំង​កម្មវិធី​ភាពជាដៃគូ​ជាមួយអង្គការសង្គមស៊ីវិល។

លោក Rho Hyunjun ថ្លែងថា៖ «កម្ពុជាគឺជា​ដៃគូដ៏សំខាន់​សម្រាប់កូរ៉េ​ក្នុងការ​បើក​ផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍​ផ្លូវការ​ និ​ងស្ថិត​នៅលំដាប់ខ្ពស់​នៃការគាំទ្រ​ដ៏សំខាន់​សម្រាប់កិច្ចអភិវឌ្ឍន៍ពី KOICA»។

ចាប់តាំងពី​ឆ្នាំ១៩៩១-២០២១ ភ្នាក់ងារ​ KOICA បាន​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណងប្រមាណ ៣១៦ លានដុល្លារ​៕