សម្តេច ហ៊ុន សែន ព្រមានដកអាជ្ញាបណ្ណពីក្រុមហ៊ុន​ឯកជនមួយដែលទទួលសិទ្ធិវិនិយោគលើរោងចក្រផលិតវ៉ាក់សាំងដែលអសកម្ម​។រូបភាព៖ ហ្វេស ប៊ុក អង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល​

សម្តេច​ ហ៊ុន ​សែន ​ថ្លែងថា​ រដ្ឋា​ភិបាល​កម្ពុជា​នឹង​សហការ​ជាមួយភាគី​ចិន​វិនិយោគ​លើ​រោង​ចក្រ​ផលិត​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ដោយ​ខ្លួន​ឯង​ ហើយ​ព្រមាន​ដក​ហូត​អាជ្ញា​បណ្ណ​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​សិទ្ធិ​វិនិយោគ​សាងសង់​រោង​ចក្រ​ផលិត​វ៉ាក់​សំាង​ការពារ​ជំងឺ​កូវីដ១៩ ​ប៉ុន្តែ​អសកម្ម​រហូត​មក​ដល់​ពេល​នេះ​។ ទន្ទឹមនឹងនេះ សម្តេចណែនាំឱ្យអ្នកពាក់ព័ន្ធ​រៀបចំ​ឡើងវិញអំពីដំណើរការ​កសាងរោងចក្រផលិតវ៉ាក់សាំង​ការពារជំងឺកូវីដ១៩។

សម្តេច​ថ្លែង​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្ម​វិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA)​នៅ​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៌​អន្តរជាតិ​ជ្រោយ​ចង្វា ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ​ឆ្នាំ​២០២២​។

សម្តេចថ្លែងដូច្នេះថា៖ «វិស័យឯកជនដែលទទួលបានសិទ្ធិធ្វើថាតើធ្វើឬក៏មិនធ្វើ? ប្រសិនបើមិនធ្វើប្រគល់សិទ្ធិឱ្យអ្នកផ្សេងធ្វើទៅ! ប្រសិនបើមិនធ្វើទេ ដកយកអាជ្ញាបណ្ណមកវិញមក ហើយ​ប្រគល់​ឱ្យក្រុមហ៊ុនណាហ៊ានធ្វើ ខ្ញុំត្រូវការមានរោងកច្រមួយផលិតវ៉ាក់សាំង»។

សម្តេច បានបង្ហើបថា មានក្រុមហ៊ុនចិនមួយបានទទួលអាជ្ញាបណ្ណ​បង្កើត​រោងចក្រ​ផលិតវ៉ាក់សាំង​កូវីដ១៩ ប៉ុន្តែ​រហូត​មកដល់ពេល​នេះ​មិន​លេចជារូបនៅឡើយ។​

​ សម្តេចថ្លែងទៀតថា៖ «ឥឡូវខាងភាគីចិន​គេថាយើងអត់ឆ្លើយ​ យើងអត់ធ្វើអ្វី ចាប់តាំងពីចិនព្រមព្រៀងកាលពីពេលប៉ុន្មានខែ ខុសគ្នារឿងអ្វី មានបញ្ហាអ្វី​ ម្តេចមិនរាយការណ៍ឱ្យក្រសួង​សុខាភិបាល​ ហើយក្រសួង​សុខាភិបាល​ខ្លួនឯងកុំទ្រើកៗពេក។ ឥឡូវត្រូវរាយការណ៍​ឱ្យខ្ញុំ​គ្រប់ពេលគឺ១សប្តាហ៍ម្តងស្តីពីវឌ្ឍនភាពរោងចក្រ​ផលិតវ៉ាក់សាំង​»។

សម្តេចថ្លែងទៀតថា ប្រសិនបើ គេ​​មិនសាងសង់រោងចក្រ​ផលិតវ៉ាក់សាំងទេ រដ្ឋាភិបាលមានទុនអាចវិនិយោគ​លើរោងចក្រ​នេះដោយខ្លួនឯងបាន​ដោយសហការជាមួយភាគីចិន។

លោកថ្លែងដូច្នេះថា៖«ឥឡូវដកហូតអាជ្ញាបណ្ណមក ក្រសួងយើងជាអ្នកធ្វើតែម្តងទៅវាយ៉ាងម៉ិច ទុនយើងមាន​ អត់បញ្ហា ខ្ញុំឲ្យបញ្ចេញ​ទុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ឲ្យរដ្ឋផលិតតែម្តង ធ្វើជាដៃគូជាខាងចិន។ ប្រសិនបើវិស័យឯកជនវាពិបាក ដកអាជ្ញាបណ្ណមកវិញ យើងរដ្ឋចេញមុខធ្វើទៅក្នុង​ការផលិតវ៉ាក់សាំង។ យើងដាក់ជាសំនួរថាតើពេលណាជំងឺកូវីដ១៩វាអស់​?»។

គិតត្រឹមខែឧសភានេះ កម្ពុជាទទួលបានវ៉ាក់សាំង​កូវីដ១៩ ជាង ៥០ លានដូល ក្នុងនោះ កម្ពុជាបានទិញដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនជិត ៣០លានដូល៕