រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើដំណើរទៅដល់ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គ​ម្ចាស់ Sheikh Khalifa bin Zayed Al Nahyan ក្នុង​ទីក្រុង​អាប៊ុយដាប៊ី ​​អេមីរ៉ាត​អារ៉ាប់​រួម ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុងស្ថិត​នៅ​ក្នុង​ទីក្រុង​អាប៊ុយដាប៊ី នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅពេល​ដែល​ក្រុម​មេដឹកនាំ​និង​អ្នក​ការទូត​មកពី​ជុំវិញ​ពិភពលោក​ ​គោរព​វិញ្ញាណក្ខន្ធ​សព​មេដឹកនាំ​របស់​ប្រទេស​នេះ។

លោក Blinken ជាសមាជិក​មួយ​រូប​នៃ​គណៈប្រតិភូ​ជាន់​ខ្ពស់​អាមេរិក​ ដែល​ដឹកនាំ​ដោយ​លោក​ស្រី​អនុ​ប្រធានាធិបតី Kamala Harris។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​មាន​គោលបំណង​បន្ធូ​បន្ថយ​ភាព​តានតឹង​ និង​បង្ហាញពី​ការគាំទ្រ​នៅពេល​ដែល​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេសអេមីរ៉ាត​អារ៉ាប់​រួម មាន​ភាព​តានតឹង​នៅ​ក្រោម​អាណត្តិ​របស់​លោក​ប្រធានាធិបតី Joe Biden។

គណៈប្រតិភូជាន់​ខ្ពស់​អាមេរិក​នោះ ក៏រួមមាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាអាមេរិក CIA លោក William J. Burns ផង​ដែរ។

ព្រះអង្គ​ម្ចាស់ Sheikh Khalifa bin Zayed Al Nahyan ដែល​ជាមេដឹកនាំ​យូរ​អង្វែង​ចាស់ជរា​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ក្នុង​ព្រះ ជន្មាយុ ៧៣ ព្រះ​វស្សា​ បន្ទាប់​ពី​ដឹកនាំ​ប្រទេស​នេះ​ឱ្យ​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សាកល​លោក​ និង​មជ្ឈមណ្ឌល​មហាអំណាច​នៅ​ក្នុង​តំបន់​មក។

គណៈប្រតិភូ​ជាន់​ខ្ពស់​អាមេរិកក៏​នឹង​ចូល​សម្តែង​ការ​គួរសម​ព្រះអង្គម្ចាស់ Sheik Mohammed bin Zayed Al Nahyan ​ដែល​ជា​អ្នក​ស្នង​តំណែងជំនួស​ ដែល​ជា​សញ្ញា​នៃ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​អាប៊ុយដាប៊ី​ នៅ​ក្នុង​រដ្ឋធានី​ប្រទេស​លោក​ខាង​លិច ​និង​អារ៉ាប់​ផង​ដែរ៕