
កាកសំណល់ផ្ទះបាយជាង ១២ តោនជារៀងរាល់ខែ ត្រូវបានប្រមូលពីតាមហាងបន្លែ ផ្លែឈើក្នុងខណ្ឌដង្កោនៅរាជធានីភ្នំពេញ ដើម្បីយកមកកែច្នៃជាជីកំប៉ុស្ត ដើម្បីរួមចំណែកថែរក្សាបរិស្ថាននិងរក្សាគុណភាពដីរបស់ប្រជាកសិករ។
សហគ្រាស កំប៉ូសូ(Composo) មានទីតាំងនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ញឿន ចាន់រ៉េត អាយុ៣២ ឆ្នាំ ស្ថាបនិកសហគ្រាស Composo ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មឆ្នាំ២០១៥។ ដោយមានបទពិសោធន៍បម្រើការងារលើវិស័យកសិកម្មជាច្រើនឆ្នាំបានជំរុញឲ្យលោកបង្កើតសហគ្រាស Composo នៅពាក់កណ្តាលឆ្នាំ២០២១ ហើយបច្ចុប្បន្នផលិតផលរបស់ Composo កំពុងរីកចម្រើនក្នុងទីផ្សារ។
លោក ចាន់រ៉េត ប្រាប់ខ្មែរណាស់ថា ដោយសង្កេតឃើញប្រជាពលរដ្ឋដាំដំណាំជាច្រើន ប៉ុន្តែកង្វះជីកំប៉ុស្តសម្រាប់ដាក់ឱ្យដំណាំលូតលាស់ល្អ និងផលិតបន្លែមានសុវត្ថិភាព ទើបជំរុញទឹកចិត្តលោកឱ្យកែច្នៃជីកំប៉ុស្តពីកាកសំណល់ពីផ្ទះបាយរហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់។
លោកថ្លែងទៀតថា ក្នុងដំណាក់កាលដំបូង សហគ្រាសលោកបានប្រមូលសំរាមពីហាងលក់ផ្លែឈើ និងបន្លែនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ដោយក្នុងមួយសប្តាហ៍ប្រមូលបានកាកសំណលផ្ទះបាយជាង ៣ តោនសម្រាប់យកមកកែច្នែជីកំប៉ុស្ត។

លោកថ្លែងដូច្នះថា៖«បញ្ហាបរិស្ថានយើងប៉ះពាល់ច្រើន ដោយសារតែនៅភ្នំពេញយើងយកកាកសំណល់បោះចោល ហើយបោះចោលទៅនឹងសំរាមផ្សេងៗទៀត លាយឡំគ្នា ដែលវាធ្វើឱ្យបញ្ហាសំរាមកាន់តែកើនឡើង ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសុខភាពយើង ដូច្នេះ ខ្ញុំគិតថា បើកែច្នៃកាកសំណល់ទៅជាជីកំប៉ុស្ត វាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងជួយទៅលើការដាំដុះដំណាំបានផងដែរ»។
លោកបន្ថែមថា កន្លងមក ផលិតផលរបស់លោកយកទៅដាក់លក់នៅមុខសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមហាងលក់ផលិតផលកសិកម្ម កន្លែងលក់កូនឈើ និងលក់ឱ្យកសិករដាំណាំផ្សេងៗ ហើយសម្រាប់ជីកំប៉ុស្តក្នុង១តោន មានតម្លៃ១៧០ ដុល្លារ។
លោកថ្លែងដូច្នេះថា៖«ផលិតផលខ្ញុំមានការគាំទ្រច្រើនពី សំណាក់និស្សិតគាត់យកទៅដាំដំណាំសាកល្បង គាត់យកទៅពិសោធន៍ អ្នកដាំដំណាំបន្លែតាមផ្ទះ និងកសិករគាត់ធ្វើចម្ការឈើហូបផ្លែហ្នឹង។ គាត់ទិញហើយ គាត់នៅតែបន្តទិញទៀត គាត់ថាផលិតយើង មានគុណភាពល្អ ហើយវាមានតម្លៃសមរម្យ វាធូរថ្លៃជាងជីកំប៉ុស្ត គាត់ទិញពីខាងក្រៅមក»។
សហគ្រាស Composo មានផលិតផលចំនួន ៣ ដូចជា ជីកំប៉ុស្ត ដីដាំដំណាំ និងដីបណ្តុះកូនដំណាំផ្សេងៗទៀត។
លោក ចាន់រ៉េត បន្តថា ជីកំប៉ុស្តត្រូវបានផលិតពីកាកសំណល់ បន្លែ ផ្លែឈើ លាយជាមួយលាមកសត្វ ដូចជា លាមកគោ និងលាមកមាន់ ហើយបន្ទាប់មកយកស្ករល្ងលាយជាមួយទឹក រួចស្រោចទៅលើវាឱ្យបានសព្វ។ បន្ទាប់មកទៀត ផ្អាបទុកវាទុករយៈពេល ៣ខែ ដោយត្រូវត្រឡប់វាឱ្យសព្វចូលគ្នា ក្នុងរយៈពេល១សប្តាហ៍ម្តង ទើបអាចយកទៅដាក់ដំណាំបាន។
ចំណែក ដីបណ្តុះកូន ផលិតពីជីកំប៉ុស្ត លាយជាមួយលាមកជន្លេន ស្រកីដូង ធ្យូងអង្កាម និងដីស្រទាប់លើ ខណៈដីដាំ ផលិតពីជីកំប៉ុស្ត លាយជាមួយធ្យូងអង្កោម និងដីស្រទាប់លើ។
ជីកំប៉ុស្តមានមុខងារសំខាន់ក្នុងការបង្កើនជីរជាតិដី ដីមានសុខភាពល្អ សំបូរដោយបាក់តេរីមានប្រយោជន៍ដែលរុក្ខជាតិត្រូវការ។ ដីកសិកម្មដែលប្រើប្រាស់ជីកំប៉ុស្តទៀងទាត់មានអាចមន៍ជន្លនច្រើន វត្តមានសត្វល្អិតមានប្រយោជន៍ក្នុងដីច្រើន។
ជីកំប៉ុស្ត កំប៉ូសូ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ផ្តល់ដល់រុក្ខជាតិ។ ការប្រើប្រាស់ជីកំប៉ុស្តជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបំភាយចេញពីក្នុងដី។ ការប្រើប្រាស់ជីកំប៉ុស្ត ជាយន្តការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។
ជាទូទៅ ដីដាំបន្លែ១ហិកតាត្រូវការប្រាស់ជីកំប៉ុស្តជុំវិញ ១ ទៅ ២ តោន អស់ថវិកាប្រមាណ ៦០០ ០០០ រៀល ទៅ ៨០០ ០០០ រៀល។
បច្ចុប្បន្ន សហគ្រាស Composo អាចផ្គង់ផ្គង់ជីកំប៉ុស្តប្រមាណ ១៥០ ក្នុងឆ្នាំដែលភាគច្រើននៅលើទីផ្សារក្នុងរាជធានីភ្នំពេញ ហើយនៅថ្ងៃអនាគត សហគ្រាសមានគោលបំណងផលិតជីកំប៉ុសឱ្យបានចំនួនច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលជីក្រៅប្រទេស៕
- ក្រសួងសុខាភិបាល៖ ជក់បារីអេឡិត្រូនិចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួតរហូតធ្វើឱ្យបានបង់ជីវិត - នៅថ្ងៃទី 24/06/2022
- រដ្ឋកាត់ដីផ្ទៃបឹងទន្លេបាទី២២២ហិកតា ប្រគល់ឱ្យឯកជនយកទៅអភិវឌ្ឍ - នៅថ្ងៃទី 24/06/2022
- លោក សុខ ទូច៖ ខ្ញុំឈឺចាប់ ទើបបង្ហោះរិះគន់រឿងលុបបឹងតាមោក - នៅថ្ងៃទី 23/06/2022