
កសិដ្ឋានចិញ្ចឹមធំៗនៅក្នុងខេត្តសៀមរាបកំពុងប្រឈមនឹងកង្វះទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកដែលនាំឱ្យតម្លៃកូនពូជនិងក្រពើសាច់ធ្លាក់ថ្លៃយ៉ាងគំហុកក្នុងរយៈពេល៣ឆ្នាំចុងក្រោយដោយពួកគេត្រដចិញ្ចឹមទាំងខាតចុងខាតដើម។
លោក វ៉ា ចំណាប់ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើចំនួន ៣០០ក្បាល នៅឃុំរលួស ស្រុកបាគង ខេត្តសៀមរាប ប្រាប់ខ្មែរណាស់នៅថ្ងៃសុក្រនេះថា តម្លៃក្រពើបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ។ សព្វថ្ងៃ មេក្រពើបានធ្លាក់ថ្លៃមកត្រឹមជាង១ ដុល្លារក្នុង១គីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យលោកខាតអស់១ម៉ឺនដុល្លារកាលពីឆ្នាំមុន។
លោកថ្លែងដូច្នេះថា៖«ឥឡូវក្រពើវាស៊ីចំណីរាល់ថ្ងៃ មួយខែ២ទៅ៣ ដង យើងពិបាករឿងរកលុយដាក់ចំណីវា។ កូនញាស់មកវាលក់អត់បានតម្លៃ យើងទូទាត់ថ្លៃចំណីអត់រួច ផងហ្នឹង។ និយាយទៅក្នុង១ឆ្នាំចំណាយឱ្យចំណីអស់៥០ដុល្លារក្នុង១ក្បាល»។
លោកបន្តថា ទោះបីជា គ្មានទីផ្សារក៏លោកនៅតែបន្តរបរនេះ ព្រោះមេក្រពើមានតម្លៃថោកគ្មានឈ្មួញមកទិញនោះទេដោយរំពឹងថាតម្លៃមេក្រពើនឹងហក់ឡើងវិញនៅពេលអនាគត។ លោកអំពាវនាវឱ្យមានវិនិយោគិនពីក្រៅប្រទេស បង្កើតរោចក្រកែច្នៃក្រពើក្នុងស្រុក ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
លោកលើកឡើងដូច្នេះថា៖«និយាយទៅផលិតផលយើងមានតែនៅក្នុងស្រុកនាំចេញទៅក្រៅអត់រួច។ ឥឡូវខាងវៀតណាម អត់សូវទិញទេ ហើយថៃក៏បិទជិតតែម្តង អត់ទិញទេ ដោយសារ ថៃ និងវៀតណាមគេក៏ផលិតបានច្រើនដែរ»។
បច្ចុប្បន្ន នៅខេត្តសៀមរាបមានចំនួនកសិដ្ឋានចិញ្ចឹមក្រពើធំៗមិនមានការថយចុះនោះទេគឺមានចំនួន ១៩០ ប៉ុន្តែសម្រាប់ការចិញ្ចឹមលក្ខណៈគ្រួសារមានការបោះបង់មួយចំនួន។នេះបើតាម លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។

លោក គឹមសុទ្ធ ប្រាប់ខ្មែរណាស់ថា បើទោះជា ប្រឈមបញ្ហាកង្វះទីផ្សារ ការចិញ្ចឹមក្រពើនៅតាមកសិដ្ឋានខ្នាតធំៗនៅក្នុងខេត្តនេះ មិនទាន់មានការបោះបង់ចោលនោះទេ។
លោកថ្លែងដូច្នេះថា៖«ដោយសារស្ថានភាពសេដ្ឋកិច្ច ពាក់ព័ន្ធនឹងតម្លៃក្រពើ ជាពិសេសតម្លៃកូនក្រពើតែម្តង។ អ្នកដែលមានហើយ គាត់នៅតែចិញ្ចឹមដដែល អ្នកខ្លះដែលមើលឃើញស្ថានភាពយ៉ាប់ ក៏គាត់យ៉ាប់យឺនខ្លះដែរ។ មិនទាន់មានអ្នកបោះបង់ចោលនៅឡើយនោះទេ គ្រាន់តែថានៅតែចិញ្ចឹមទាំងខាត ដោយរង់ចាំទីផ្សារវិញ»។
លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូនក្រពើមានតម្លៃថោកខ្លាំង ដោយកូនក្រពើមួយ១ក្បាលមានតម្លៃត្រឹមជាង១ ដុល្លារ ខណៈមុនអំឡុងការរីករាលដាលជំងឺកូវីដ១៩ កូនក្រពើមានតម្លៃពី៥ ដុល្លារ ទៅ៩ ដុល្លារ ក្នុង១ក្បាល។ នេះគឺជាតម្លៃនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃ និងនាំចេញបន្តទៅប្រទេសចិន។
លោកថា កន្លងមកស្បែកក្រពើក៏ត្រូវបាននាំចេញផងដែរ ប៉ុន្តែក្នុងចំនួនតិចតូចប៉ុណ្ណោះ សម្រាប់កែច្នៃជារបស់ប្រើប្រាស់ផ្សេងៗ។
លោកថ្លែងដូច្នេះថា៖«វាពាក់ព័ន្ធនឹងទីផ្សារ កាលណាវាគ្រប់គ្រាន់ ចិនអត់ទទួលយកពីយើងតទៅទៀត ហើយណាមួយយើងពឹងផ្អែកទីផ្សារពីថៃ និងវៀតណាម។ ស្បែកក្រពើរបស់យើងអត់ត្រូវជាមួយទីផ្សារអន្តរជាតិទេ ដល់ចឹងអត់មានអ្នកណាធ្វើស្បែកលក់ទៀតទេ ធ្វើទៅលុះត្រាតែស្បែកវាល្អដែរ»។
លោកលើកឡើងទៀតថា ការផលិតអាស្រ័យលើទីផ្សារ កាលណាតម្រូវការលើទីផ្សារមានចំនួនលើស ដូច្នេះ ការផលិតរបស់កសិករគ្មានតម្លៃ ស្របពេលការផលិតកូនក្រពើនៅទីផ្សារអន្តរមានចំនួនកើនឡើង។
លោកថ្លែងដូច្នេះថា៖«កាលពីមុនយើងផលិតកូនក្រពើច្រើន ដោយសារ កូនក្រពើវាមានទីផ្សារខ្ពស់មានតម្រូវការច្រើន ប៉ុន្តែឥឡូវនេះ គេចិញ្ចឹម(អ្នកចិញ្ចឹមក្រពើនៅក្រៅប្រទេស)វាច្រើនទៅដែរពីរបីឆ្នាំនេះ ដូច្នេះ វាបានកាត់បន្ថយអត្រាការនាំកូនក្រពើពីយើង»។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជាមានចិញ្ចឹមក្រពើចំនួន ២៩២ ១០០ក្បាល ហើយបច្ចុប្បន្នកម្ពុជាបាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ៕
- UNODC បើកយុទ្ធនាការឌីជីថលប្រឆាំងអំពើហិង្សានៅរាជធានីភ្នំពេញរយៈពេល៦ខែ - នៅថ្ងៃទី 24/05/2022
- ការដាំខ្ទឹមបារាំងទាមទារឱ្យកសិករជ្រើសរើសពូជសុទ្ធដែលធន់ជំងឺនិងអាកាសធាតុ - នៅថ្ងៃទី 23/05/2022
- មន្ត្រីថា គ្មានការផ្លាស់ប្តូរឧទ្យានសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងនោះទេ - នៅថ្ងៃទី 21/05/2022