
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ (CP Cambodia Limited) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងចំណីអាហារដ៏ធំឈានមុខគេរបស់ថៃគឺក្រុមហ៊ុន CPF បានសម្ពោធរោងកច្រផលិតចំណីអាហារថ្មីនៅខេត្តកំពត កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២។
រោងចក្រនេះ ស្ថិតនៅក្នុងឃុំជម្ពូវន្ត ស្រុកជុំគិរី ខេត្តកំពត ក្រោមអធិបតីភាពសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។
សម្តេច ស ខេង ថ្លែងក្នុងកម្មវិធីនេះថា រោងចក្រផលិតចំណីអាហារនៅខេត្តកំពតរបស់ក្រុមហ៊ុនស៊ី.ភី គឺជាផ្នែកមួយនៃការលើកកម្ពស់ស្តង់ដារផលិតចំណីអាហារនៅកម្ពុជា។
សម្តេចថ្លែងទៀតថា ក្រុមហ៊ុនមានគោលបំណងផ្តល់ឱ្យប្រជាជនកម្ពុជាអាចទទួលបាននូវចំណីអាហារដែលមានអនាម័យ និង សុវត្ថិភាពល្អ ដើម្បីអភិវឌ្ឍសង្គមដោយឈរលើមូលដ្ឋានគ្រឹះទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
លោកសម្តេចថ្លែងដូច្នេះថា៖ «នេះគឺជាជំហានដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ផលិតផលចំណីអាហាររបស់កម្ពុជាឱ្យមានការទទួលស្គាល់ទូទាំងពិភពលោក និងជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជាក្នុងការទទួលបានផលិតផលចំណីអាហារប្រកបដោយអនាម័យ និងសុវត្ថិភាព ដែលផលិតក្នុងស្រុក»។
សម្តេចថ្លែងទៀតថា ការវិនិយោគរបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់នេះ គឺជាដំណោះស្រាយយុទ្ធសាស្រ្ត និងទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក និង បានពង្រីកសក្ដានុពលវិស័យកសិឧស្សាហកម្មនោកម្ពុជា។
សម្តេចថ្លែងដូច្នេះថា៖ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រផលិតចំណីអាហារបែបនេះបន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានសក្ដានុពលនៅកម្ពុជានិងស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេសដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និងប្រជាកសិករអំពីបច្ចេកទេសថ្មីៗ»។
លោក វុធ ថៃយ៉ាង គ្រៀងក្រៃវីដ នាយករងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ថ្លែងក្នុងកម្មវិធីនេះថា ក្រុមហ៊ុនបានទុកប្រទេសកម្ពុជាជាគោលដៅអាទិភាពនៃការវិនិយោគ។
លោកថ្លែងទៀតថា៖«ក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមានអាជីវកម្មបីប្រភេទ រួមមាន អាជីវកម្មអាហារសត្វ ការចិញ្ចឹមសត្វ និងអាជីវកម្មអាហារកែច្នៃ និងបានទិញវត្ថុធាតុដើមមាននៅកម្ពុជាស្រាប់ ដូចជា ពោត ដំឡូងមី ចុងអង្ករជាដើម»។
ទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតថៃប្រចាំនៅកម្ពុជា បានឱ្យដឹងថា នេះគឺជារបកគំហើញដ៏សំខាន់មួយទៀតសម្រាប់អាជីវកម្មផលិត និងកែច្នៃចំណីអាហារ ដែលនឹងជួយជំរុញគុណភាព និងធ្វើឱ្យដំណើរការកែច្នៃជ្រូកនៅកម្ពុជាស្របតាមស្តង់ដារអន្តរជាតិ។
ទំព័រហ្វេសប៊ុកសរសេរដូច្នេះថា៖ «ជាវិវឌ្ឍនភាពមួយដ៏សំខាន់នៃធុរកិច្ចផលិតកម្មចំនីអាហារ និងកែច្នៃម្ហូប ដែលនិងជួយជំរុញអោយដំណើរការកែច្នៃសាច់ជ្រូកនៅក្នុងប្រទេសកម្ពុជាមានគុណភាព និស្របតាមស្ដង់ដារអន្តរជាតិ»។
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មចាប់តាំងពីឆ្នាំ ១៩៩៦ មករហូតដល់បច្ចុប្បន្ននេះមានរយៈពេលជាង ២៦ ឆ្នាំមកហើយ ដែលវិនិយោគលើ អាជីវកម្មផលិតចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ និងអាជីវកម្មចំណីអាហារ។
ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងចំណីអាហារជា ច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និងStar Coffee ជាដើម៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022