លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ភីអិលស៊ី ទទួលវិញ្ញាបនបត្រពីលោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២។រូបភាព៖ captured

ធនាគារ ​អេស៊ីលីដា ​ភីអិលស៊ី ​គឺជា​ធនាគារ​ពាណិជ្ជ​ដំបូង​គេ​ត្រូវ​បាន​ផ្តល់​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​បត្រ​(Custodian License)​​ពីនិយ័តករ​មូល​បត្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ​ខែឧ​សភា ​ឆ្នាំ២០២២​។​

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្លែងក្នុងកម្មវិធីនេះថា នេះគឺជាកំណត់ត្រាដ៏វិសេសវិសាលមួយថ្មីទៀតសម្រាប់ធនាគារ អេស៊ីលីដា។ការផ្តល់វិញ្ញា​បនបត្រនេះធ្វើ​ឱ្យ​ធនាគារ​ អេស៊ីលីដាដំបូងគេ​នឹង​ផ្តល់សេវារក្សាសុវត្ថិភាព​ក្នុងវិស័យមូលបត្រនៅកម្ពុជា​។

លោកថ្លែងដូច្នេះថា៖«ខ្ញុំបាទមានជំនឿយ៉ាងម៉ុតមាំថាភ្នាក់ងាររក្សាសុវត្ថិភាព​មូលបត្ររបស់ធនាគារអេស៊ីលីដានេះនឹងដើរតួនាទីយ៉ាងសំខាន់​ក្នុងការទាក់ទាញវិនិយោគិន ពិសេសវិនិយោគិនបរទេស​ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា​ព្រោះការវិនិយោគមូលបត្ររបស់ក្រុមហ៊ុនបរទេស​ចាំបាច់​ត្រូវធ្វើឡើងតាមរយៈភ្នាក់ងាររក្សាមូលបត្រ​។ លើសពីនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើ​ឱ្យផ្សារ​មូលបត្រនៅកម្ពុជាកាន់តែសកម្ម​»។

លោក ចាន់នី ថ្លែងទៀតថា ភ្នាក់ងាររក្សាសុវត្ថិភាព​មូលបត្រគឺជាសេវាកម្ម​ថ្មីមួយរបស់ធនាគារ អេស៊ីលីដា​ ក្នុងការបម្រើសេវាកម្ម​រក្សាសុវត្ថិភាពក្នុងវិស័យ​មូលបត្រជូនវិនិយោគិននិងសាធារណៈជន។ មុខងារចម្បងៗក្នុងសេវាកម្មជូនវិនិយោគិននេះ រួមមាន គណនីរក្សាសាច់ប្រាក់​ គណនីរក្សាសុវត្ថិភាព​មូលបត្រ​ និងសេវារក្សាសុវត្ថិភាពមូលបត្រ​។

លោកថ្លែងថា៖ «យើងសង្កេតឃើញថា វិស័យមូលបត្រកម្ពុជា​បាននិងកំពុងរីកចម្រើន​គួរឱ្យកត់សម្គាល់​ដែលចលករមួយដ៏សំខាន់​ដែល​នាំឱ្យធនាគារអេស៊ីលីដាសម្រេចចិត្តបោះជំហានមួយនូវការផ្តល់សេវាកម្មនេះ។

លោកបន្ថែមថា៖ «ធនគារ អេស៊ីលីដា ប្រកាន់ភ្ជាប់នូវគោលការតម្លាភាព​ មានសីលធម៌វិជ្ជាជីវៈខ្ពស់​ មានអភិបាលកិច្ចល្អ គោរពច្បាប់ សង្គមនិងបរិស្ថាន។ ធនគារអេស៊ីលីដា បានបំពាក់បច្ចេកវិទ្យាឌីជីថល​ខ្ពស់ដែល​មានគុណភាព ទំនើបទាន់សម័យ​សម្រាប់គាំទ្រសេវាកម្ម​នេះ​ ព្រមទាំងមានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈដែល​មានចំណេះដឹងជំនាញពិតប្រាកដ​ក្នុងការផ្តល់សេវាកម្មនេះ​ ដោយប្រកាន់ភ្ជាប់នូវបទបញ្ញាតនិងក្របសីលធម៌»។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ថ្លែងក្នុងកម្មវិធីនេះថា ការទទួលបាននូវការទទួលស្គាល់ជាភ្នាក់ងាររក្សាសុវត្ថិភាព​ក្នុងវិស័យមូលបត្រ​គ្រាន់តែជាជំហានចាប់ផ្តើមដំបូង​ ដើម្បីចេញមុខទៅក្នុងតំបន់និងលើឆាកអន្តរជាតិ​។

លោកថ្លែងដូចច្នេះថា៖ «ខ្ញុំសូមជម្រាបថា ភ្នាក់ងាររក្សាសុវត្ថិភាព​ក្នុងវិស័យ​មូលបត្រគឺជា​តួអង្គដ៏សំខាន់មួយ​ក្នុង​ប្រព័ន្ធនៃទីផ្សារនេះ​ ដូច្នេះ យើងខ្ញុំនឹងបន្តធ្វើការទៀតជាមួយនឹងដៃគូអភិវឌ្ឍន៍ដែលគាំទ្រទាំងឡាយ ដើម្បី​រុញធនគារ អេស៊ីលីដា ពីភ្នាក់ងារថ្នាក់តំបន់ទៅក្នុងបណ្តាញទីភ្នាក់ងារអន្តរជាតិ។ ពេលនោះហើយ ធនាគារអេស៊ីលីដានឹង​ទាក់ទាញវិនិយោគិន​ធំៗមកផ្សារមូលបត្រកម្ពុជា​ នេះគឺជាជំហានដែល​យើង​ចង់បាន»។

លោក​បន្ថែមថា អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ​បានចូលរួមយ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍទីផ្សារមូលបត្រ​តាំងពីដំណាក់កាលដំបូង​។

លោកថ្លែងទៀតថា ៖«ក្នុងនាមនិយ័តករមូលបត្រកម្ពុជា​ ខ្ញុំសម្តែង​ក្តីរីករាយ​បំផុតដែលធនាគារ អេស៊ីលីដា បានទទួលស្គាល់ជាផ្លូវការពីមូលបត្រកម្ពុជា​ធ្វើជាភ្នាក់ងាររក្សាសុវត្ថិភាព​ក្នុងវិស័យ​មូលមត្រ​។នេះជាវិវត្តន៍ជាវិជ្ជមានមួយទៀត​ សម្រាប់ទីផ្សារមូលបត្រកម្ពុជារបស់យើង​។តាមរយៈភាគហ៊ុន អេស៊ីលីដា ធ្វើឱ្យទីផ្សារ​យើងមានមមាញឹក»។

លោក ហុង សុខហួរ អគ្គនាយក​ផ្សារមូលបត្រកម្ពុជា បានថ្លែងក្នុងកម្មវិធីនេះថា ការចូលរួមរបស់ធនាគារនេះ ​គឺជាការចូលរួមអភិវឌ្ឍន៍ និងភាពរីកចម្រើននៃផ្សារមូលបត្រ​នៅកម្ពុជា​ ហើយនឹងក្លាយជាចំណែកមួយ​ដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារមូលបត្រ។ ការចូលរួមរបស់ធនាគារនេះគឺស្របពេលទីផ្សារមូលបត្រនៅកម្ពុជា​កំពុងតែចាប់ផ្តើមរីកចម្រើន​ខ្លាំង​ពីមួយឆ្នាំទៅមួយឆ្នាំ​ជាមួយនឹង​ការកើនឡើងយ៉ាងច្រើននូវចំនួនវិនិយោគិន​ និងទំហំជួញដូរ​។

លោកថ្លែងដូច្នេះ៖«យើង​សង្ឃឹមថា ការផ្តល់អាជ្ញាបណ្ណថ្ងៃនេះ នឹងមានវិនិយោគិន​ថ្មីៗបន្ថែម​ ជាពិសេ​សវិនិយោគិនជាស្ថាប័ន។យើង​មានតួអង្គមួយទៀតចាំទទួលស្វាគមន៍វិនិយោគិនបរទេស​។ជាការពិតណាស់យើងត្រូវការវិនិយោគិនមកពីប្រភពរឹងមាំដែលអាច​ទាក់ទាញទាំងក្រុមហ៊ុន ទាំងវិនិយោគិន ដើម្បីមកចុះបញ្ជីនិងលក់ភាគហ៊ុននៅក្នុងទីផ្សារ​ ក៍ដូចជាមកវិនិយោគបានកាន់តែងាយស្រួល​និងមានសុវត្ថិភាព​។​យើងរំពឹងថា​ចំនួនវិនិយោគិននឹងអាចឡើងដល់១០ម៉ឺនគណនីក្នុងរយៈពេលពីរបីឆ្នាំទៀត»។

​យោងតាម លោក ហុង សុខហួរ ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២២ ទំហំជួញដូរ​ក្នុង​ផ្សារមូលបត្រកម្ពុជា​សម្រេចបានជាមធ្យម ១លានដុល្លារ១ថ្ងៃ៕​