
សហព័ន្ធស្រូវអង្ករកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍បានសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ(QDS)សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវដែលនឹងជួយបង្កើនគុណភាពពូជ និងផលិតកម្មស្រូវសម្រាប់តម្រូវការទីផ្សារនាំចេញ។
អគ្គនាយកដ្ឋានកសិកម្ម ក្រោមសហការជាមួយគម្រោងស្តីពី«កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា(CAVAC)» កាលពីថ្ងៃពុធម្សិលមិញបានសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ(QDS)សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ នៅសហគមន៍ត្រពាំងឬស្សី ស្ថិតកក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា(CRF)ប្រាប់ខ្មែរណាស់នៅថ្ងៃព្រហស្បត្តិ៍នេះថា ការដាក់ដំណើតការប្រព័ន្ធធានាគុណភាព QDS គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់ប្រជាកសិករដើម្បីប្រើប្រាស់ពូជប្រកដដោយគុណភាព។
លោកងថ្លែងដូច្នេះថា៖«ខ្ញុំគិតថាវាជាចំណុចសំខាន់ណាស់សម្រាប់វិស័យស្រូវអង្គរ ក៏ដូចជា ដំណាំផ្សេងៗទៀត ដែលមានកន្លែងសម្រាប់បញ្ជាក់គ្រាប់ពូជ ពីព្រោះ បញ្ហាប្រឈមរបស់ប្រជាកសិករមួយចំនួនគឺគ្រាប់ពូជដែលគាត់យកទៅប្រើមិនប្រាកដជាគ្រាប់ពូជមានគុណភាព ហើយជាបញ្ហាប្រឈមលើផលិតកម្មរបស់គាត់នឹងមានភាពប្រសើរឡើង»។
លោកបន្ថែមទៀថា ប្រព័ន្ធ QDSនេះគឺមានអត្ថប្រយោជន៍ណាស់សម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។
លោកថ្លែងទៀតថា៖ «បើមានពូជល្អអ្វីៗក៏ល្អដែរ កន្លងមក កសិករយើងមានបញ្ជាប្រឈមដោយសារពូជមួយចំនួនត្រូវការនាំចូល ហើយពូជក្នុងស្រុកកសិករប្រើប្រាស់តៗគ្នាដោយមិនមានការបញ្ជាក់គុណភាពពូជត្រឹមត្រូវដូច្នេះធ្វើឱ្យគុណភាពគ្រាប់ពូជ វាមិនល្អ ហើយការដាំដុះរបស់គាត់ក៏អត់បានទិន្នផលល្អដែរ»។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ថ្លែងក្នុងកម្មវិធីសម្ពោធថា នេះពិតជាបានឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្មគឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក។
លោករដ្ឋមន្រ្តីថ្លែងដូច្នេះថា៖ «ពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និងបរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នាឆ្នាំ២០៣០»។
តំណាងមកពីអង្គការ JICA និង កម្មវិធី CAVAC ដែលចូលរួមកម្មវិធីនេះសង្ឃឹមថាប្រព័ន្ធ QDS នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព ព្រមទាំង មានការប្រកួតប្រជែងឆ្លើយតបតាមតម្រូវការទីផ្សារ ពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022