
ប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺធនាគារ KB Kookmin Bank ជាថ្មីម្ដងទៀតបានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋរបស់ប្រាសាក់ជាប់ចំណាត់ថ្នាក់លេខ២ជាគ្រឹះស្ថានបង់ពន្ធច្រើនជាងគេ។
ប្រាសាក់ក៏ទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសក្នុងឆ្នាំ ២០២១ ផងដែរ ពីអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចហ៊ុន សែនបានចំណារថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក-លោកស្រីនាយកគ្រឹះស្ថាន ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទមាសក្នុងឆ្នាំ២០២១»។
ចំណាសម្តេចបន្តថា៖ «ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិនិងសង្គមជាតិកម្ពុជា»។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានប្រសាសន៍ថា «យើងខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានទទួលលិខិតដ៏មានតម្លៃយ៉ាងឧត្តុង្គឧត្តមពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។ នេះគឺជាឆ្នាំទីពីរហើយដែលប្រាសាក់បានទទួលលិខិតសរសើរ។ ការណ៍នេះដែរគឺបានបង្ហាញពីការបន្ដប្តេជ្ញាចិត្ត និងតម្លាភាពរបស់ប្រាសាក់ក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ»។
គិតត្រឹមដំណាច់ឆ្នាំ២០២១ ប្រាសាក់មានទ្រព្យសកម្មសរុប៤,៣២ ពាន់លានដុល្លារ កើន ១៩,៥% ធៀបនឹងដំណាច់ឆ្នាំ២០២០។សមតុល្យប្រាប់បញ្ញើសន្សំសរុបបានកើនឡើងដល់២,៦២ លានដុល្លារ និងមានអតិថិជនសេវាបញ្ញើសន្សំសរុបចំនួន ៦៦១ ពាន់នាក់ ព្រមទាំងប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធបានកើនឡើង ៤២,៥៧%ពី១០៨,៨ លានដុល្លារ ដល់ ១៥៥,៥ លានដុល្លារនៅដំណាច់ឆ្នាំ២០២១ និងដើមទុនចុះបញ្ជីកើនឡើងពី២៣០ ដល់ ៣០០ លានដុល្លារ៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022