លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Amber Cernobs លេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ពិនិត្យ​មើល​ពូជដំឡូងមី​ក្នុងផ្ទះសំណាញ់។ រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម​

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងតំណាងពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា​ បាន​ប្រគល់ផ្ទះសំណាញ់ដល់​មន្ទីរកសិកម្មខេត្តស្ទឹងត្រែង​សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដើម្បី​ចែកចាយជូន​ប្រជាកសិករ​ដាំដុះនៅតំបន់នេះ​។

កម្ម​វិធីប្រគល់ផ្ទះសំណាញ់ត្រូវបានរៀបចំឡើងកាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរកសិកម្មខេត្ត​ស្ទឹងត្រែង​ក្រោមអធីបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Amber Cernobs លេខាទី១​នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា​ ព្រមទាំង​អភិបាលខេត្ត ប្រធានមន្ទីរ ក្រុមហ៊ុន និង​ប្រជាកសិករ​សរុប ១៥០នាក់។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​ស្ទឹង​ត្រែង​ថ្លែងក្នុងកម្មវិធីនេះថា គម្រោងនេះនឹង​ប្រយោជន៍​ដល់​កំណើនផលិតកម្ម​ដំឡូងមី និង​​សេដ្ឋកិច្ចគ្រួសារ​តាមរយ:ការប្រើប្រាស់ពូជដំឡូងមីគ្មានជំងឺ។

លោក​ថ្លែងទៀតថា៖«មន្រ្តីជំនាញ ត្រូវខិតខំបន្ថែមទៀតពង្រីកពូជដំឡូងមីគ្មានជំងឺឲ្យបានគ្រប់គ្រាន់ ឆ្លើយតបតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ខ្ញុំសង្ឃឹមថាលទ្ធផលទទួលបានពីគម្រោង​នេះនឹងជួយឲ្យផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹងត្រែងមានកំណើន ធានាបានពូជដំឡូងមីមានសុខភាពល្អ ទិន្នផលខ្ពស់ និងគុណភាពល្អ»។

លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាដែលចូលរួមកម្មវិធីនេះ​ថ្លែងថាផលិតកម្មដំឡូងមីមានឥទ្ធិផលជាវិជ្ជមានលើសេដ្ឋកិច្ចគ្រួសារ និង​ចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា​។

លោកស្រីថ្លែងដូច្នេះថា៖ខ្ញុំសង្ឃឹមថាគម្រោងនេះនឹងជួយដោះស្រាយបញ្ហាចំពោះមុខជូនប្រជាកសិករ គឺផលិតពូជសុទ្ធល្អ គ្មានជំងឺឆ្លង ផ្តល់ទិន្នផលខ្ពស់ និងធានាបានគុណភាព»។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ថ្លែងថា ណែនាំ​ឱ្យ​មន្រ្តីជំនាញយកចិត្តទុកដាក់បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំដំឡូងមីនៅតាមបណ្តាចំការ និងក្រុមហ៊ុនផ្ទាល់ ដើម្បីផ្សព្វផ្សាយពូជ និងបច្ចេកទេសជូនកសិករនៅទូទាំងតំបន់នេះ។

លោក​ថ្លែងថា៖«ខ្ញុំសង្ឃឹមថា លទ្ធផលនេះនឹងជួយពង្រីកពូជសុទ្ធគ្មានជំងឺទទួលបានទិន្នផលខ្ពស់ ដើម្បីផ្សព្វផ្សាយជូនប្រជាកសិករនៅទូទាំងខេត្តស្ទឹងត្រែង និងចែកជូនខេត្តនៅក្នុងតំបន់នេះទាំងមូលសម្រាប់ដាំដុះឲ្យទាន់រដូវ»។

គម្រោងផ្ទះសំណាញ់នេះ​គាំទ្រដោយមូលនិធិរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី(CAVAC)និងអនុវត្តដោយក្រុមហ៊ុន ខាតណ្ហ អ៊ីមើជីង ម៉ាឃីត និងគាំទ្របច្ចេកទេសដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច(CIAT)៕