មន្រ្តីក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពខ្យល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២។ រូបភាព៖ ហ្វេសប៊ុកក្រសួង​បរិស្ថាន

ក្រសួង​បរិស្ថាន ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ ​(AFD) ​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តីពី​ការ​អនុវត្ត​កម្ម​វិធី​លើកកម្ពស់​គុណភាព​ខ្យល់​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពី​ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងបរិស្ថាន​។​

សេចក្តីប្រកាសព័ត៌មានរួមបានផ្សាយដោយក្រសួងបរិស្ថាន​នៅថ្ងៃពុធនេះថា ការចុះអនុស្សរណៈនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងគាំទ្រ ចំនុចសំខាន់គឺទី១ ការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ និងការរៀបចំបទប្បញ្ញតិ និងគោលនយោបាយពាក់ពន្ធ័ទៅនឹងការកម្រិតការបំភាយឧស្ម័នពីយានយន្ត និងទី​២ការជួយអភិវឌ្ឍន៍គម្រោងនានាទាក់ទងនឹងការបំលាស់ទី ដោយថាមពលអគ្គិសនី។

លោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធី​នេះ​ថា ការ​ចុះអនុស្សរណៈថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់នូវស្មារតីរួមសហការគ្នាក្នុងការលើកកម្ពស់គុណ ភាពបរិស្ថានដែលជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាល។

លោក​ថ្លែងដូច្នេះថា៖ «កម្ពុជាបានដាក់ចេញរួចហើយនូវវិធានការជាបន្តបន្ទាប់ដូចជាសារាចរណែនាំស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ និងផែនការខ្យល់ ស្អាតកម្ពុជាដែល​ជាផែនការយុទ្ធសាស្រ្តជាតិសម្រាប់កំណត់សកម្មភាពកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់នៅកម្ពុជាសំដៅធានាឱ្យបាននូវស្រទាប់បរិយាកាសទ្រទ្រង់ជីវិតដ៏ល្អប្រសើរ»។

លោក តូច ចាន់កុសល រដ្ឋមន្រ្តីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈថ្លែងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងទទួលបានជំនួយបច្ចេកទេសថ្មីៗថែមទៀតពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

លោកថ្លែងទៀតថា៖« MoU នេះក្រសួងយើងទាំង២នឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការងារកាត់បន្ថយការបំភាយឧស្ម័នដោយយានយន្ត ដើម្បីលើកកម្ពស់ គុណភាពខ្យល់ និងឈានទៅរកការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋយើងផងដែរ»។

លោក Yazid Bensaid នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ថ្លែងក្នុងកម្មវិធីនេះថា AFD គឺជាដៃគូរសហការជាយូរមកហើយជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ ដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នជាច្រើន។

លោកថ្លែងដូចច្នេះថា៖«តាមរយៈការអនុវត្តកម្មវិធីថ្នាក់តំបន់របស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដើម្បីលើកកម្ពស់គុណភាពខ្យល់នៅអាស៊ីអាគ្នេយ៍ AFD នឹងគាំទ្រដល់បណ្តាប្រទេសនិងទីក្រុងទាំងឡាយណាដែលមានគោលនយោបាយនិងគម្រោង ដើម្បីធ្វើឱ្យ​ប្រសើរឡើងនូវគុណភាពខ្យល់»។

បច្ចុប្បន្ន AFD បានគាំទ្រលើគម្រោងចំនួន ៣២ ពាក់ពទ្ធ័នឹងវិស័យ បច្ចេកវិទ្យាបរិស្ថាន សេដ្ឋកិច្ច និងដឹកជញ្ជូន៕