
ក្រសួងបរិស្ថានបានសរសេរនៅទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១១ ឧសភា នេះដោយអំពាវនាវដល់ភ្ញៀវទេសចរឈប់បេះបំផ្លាញផ្កាបំពង់ក្រឡោមដែលជារុក្ខជាតិកម្រដុះតិចតួចនៅកម្ពុជា។
ហ្វេសប៊ុកក្រសួងបរិស្ថានសរសេរដូច្នេះថា៖«ឱ! ផ្កាបំពង់ក្រឡោម អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ និងសូមកុំប្រព្រឹត្តដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ធនធានធម្មជាតិ ប៉ុន្តែកុំបេះដូច្នេះ វាទៅជាបំផ្លាញវិញទេ!»។
យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម គេអាចហៅឈ្មោះបានជាច្រើនប្រភេទទៀត ដូចជា បំពង់ស្រមោច ឬ ផ្កាបំពង់លុក គឺជាពួករុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។
គេហៅវាថាជារុក្ខជាតិស៊ីសាច់ ព្រោះវាអាចចាប់ សម្លាប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។
រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជា ដូចជា នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ និងនៅឧទ្យានជាតិជួរក្រវ៉ាញកណ្តាល ជាដើម។
ផ្កាបំពង់ក្រឡោម ជាប្រភេទរុក្ខជាតិម៉្យាងមានរាងដូចបំពង់ ហើយផ្ទុកសារធាតុម្យ៉ាង ដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់ងាប់។
នៅពេលសត្វល្អិតងាប់ហើយ សរីរាង្គពិសេសរបស់វាក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិតទៅជាសារធាតុចិញ្ចឹម ធ្វើឱ្យរុក្ខជាតិប្រភេទនេះលូតលាស់បានល្អ។
នៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ១២៩ប្រភេទ ក្នុងនោះមានប្រាំប្រភេទកំពុងដុះលូតលាស់នៅប្រទេសកម្ពុជា។ រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរឡើយ៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022