ស្ថានភាពផ្លូវរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ រូបភាព៖ កោះសន្តិភាព

ខេត្តប៉ៃលិន ៖ គេ​សង្កេតឃើញ​ភ្លៀង​ធ្លាក់​ខ្លាំង​ជោក​ជាំ​ជាប់​ៗគ្នា​ច្រើនថ្ងៃនៅក្នុង​ក្រុងប៉ៃលិន បា​ន​ក្លាយទៅជា​ជំនន់​​ទឹកភ្លៀង ហូរ​លិច​លើផ្លូវលំ​មួយ​កន្លែងបណ្តាល​ឱ្យ​រង​ការខូចខាត​ផ្លូវ និង​ខូច​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ចេញចូល​ទៅ​មក ជា​ពិ​សេស​គឺ​អ្នកបើកបរ​រថយន្ត​តែម្តង ​។

ភ្លៀងបានធ្លាក់​ខ្លាំង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ហូរ​លិច​ផ្លូវលំ​ខូច​នេះ ​កាលពី​វេ​លា​ម៉ោង៥ ​និង​៣០​នាទី​រសៀល​ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង ក្នុង​ភូមិ​អូរ​ប្រើស សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ឃុន ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ខា​ងលើ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ​ចាប់តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ២០២២ រហូតមកដល់​ពេ​លនេះ គឺ​មេឃ​បង្អុរ​ភ្លៀង​ស្ទើរតែ​រាល់​ថ្ងៃ ដោយ​ថ្ងៃ​ខ្លះ​ភ្លៀង​តិច ថ្ងៃ​ខ្លះទៀត ភ្លៀង​ខ្លាំង ធ្វើ​ឱ្យ​ដំណាំ​ដាំដុះ​ប្រជាពលរដ្ឋ​លូតលាស់​យ៉ាង​ល្អ​ ។ តែ​ក៏​បង្កើត​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ជំនន់​ទឹកភ្លៀង ជាពិសេសកា​លពី​រសៀល​ថ្ងៃកើត​ហេតុ គឺ​ភ្លៀង​ខ្លាំង​រយ:ពេល​យូរ ទើប​ទឹកភ្លៀង​នេះ បាន​ប្រមូល​ផ្តុំគ្នា​ហូរ​ចូលក្នុង​អូរ​នេះ​តែមួយ បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ ខណ:ដែល​អ្នកភូមិ​ដាក់​ប្រព័ន្ធ​លូ ទំហំ​ត្រឹមតែ២កង់ លុះ​ទឹកហូរ​មិនទា​ន់ ក៏​បណ្តាល​ឱ្យ​ស្ទះ​ហូរ​លើ​ផ្លូវ ទទួលរង​ការខូចខាត​តែម្តង​។

លោក​បន្ត​ទៀត​ថា បញ្ហា​ជំនន់​ទឹកភ្លៀង​នេះពិតជា​ខ្លាំង​មែ​ន តែ​មាន​រយ:ពេល​ខ្លី ក៏​ស្រក​អស់​ទៅវិញ បើសិនជា​មា​នប្រព័ន្ធ​លូ​ធំជាង​នេះ អាច​ឱ្យ​ទឹកហូរ​ទា​ន់ មិន​មានការ​កកស្ទះក្លាយជា​ហូរ​លើ​ផ្លូវ​នោះ​ឡើយ​ ។ លោកក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​អូរ​ប្រើស សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​ខេត្ត ជួយ​សាងសង់​លូ​ប្រអប់ ដែល​មាន​លក្ខណៈធំ​ទូលាយ អាច​ឱ្យ​ទឹកហូរ​ទាន់ មិនបានការ​ហូរ​លើ​ផ្លូវ​ខូច​បែបនេះ​។ លោក​បញ្ជាក់​ថា តាមពិត​ទៅ​ប្រព័ន្ធ​លូ ដែល​ដាក់លើ​ផ្លូវ​នេះ គឺ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​រៃអង្គាស​ថវិកា​គ្នា​ធ្វើ ដូច្នេះ ​មិនសូវ​មាន​ស្តង់​ដា​នោះ​ទេ​។

រូបភាព៖ កោះសន្តិភាព

ចំណែក​លោកគង់ សា​មួន មេភូមិ​អូរ​ប្រើសបានឱ្យ​ដឹង​ថា ៖ ជំនន់​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃទី០៩ ខែឧសភា​នេះ បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​មួយ​កន្លែង​ប្រវែង​ជាង៥០ម៉ែត្រ និង​ខូច​ប្រព័ន្ធ​លូ​បង្ហូរទឹក​ផង​ដែរ​ ។ លោក​បន្ត​ទៀត​ថា ប្រព័ន្ធ​លូ​នេះ មាន​លក្ខណ:តូច​បន្​តិច ព្រោះ​មិន​នឹកស្មាន​ថា ទឹក​អាច​ឡើង​ខ្លាំង​រហូតដល់​លិចលង់​បែបនេះ ដោយ​ប្រព័ន្ធ​លូ​នេះ គឺ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ជួយ​ធ្វើ ដើម្បី​ឱ្យ​មានផ្លូវ​សម្រាប់​ចេញចូល​ទៅមក ជាពិសេស​គឺ​ប្រជាពលរដ្ឋ ដែល​មាន​ដី​នៅត្រង់​ចំណុច​ខាង លើ​អាច​នឹង​ដឹក​កសិផល​យក​ទៅ​លក់ដូរ​នៅ​ស្តង់​ទា​ន់​ពេល​វេលា ខណ:ដែល​ពីមុន​គឺ​មានការ​លំ​បា​កខ្លាំង​។

ទោះបីជា​យ៉ាងណា ខាង​លោក​នឹង​រាយការណ៍​ជូន​ទៅ​ថ្នាក់​លើ ដើម្បី​ជួយ​ដោះស្រាយ​ធ្វើ​ប្រព័ន្ធ​លូ​ឱ្យ​មាន​លក្ខណ:ធំ​ទូលាយ​ជាង​នេះ​បន្តិច ដើម្បី​មិន​ឱ្យ​ជំនន់​ទឹកភ្លៀង​លិច​បន្ត​ទៀត​៕