
កម្ពុជារំពឹងថាដូងប្រេងឆៅផលិតនៅកម្ពុជានឹងអាចចាប់យកចំណែកទីផ្សារដូងប្រេងអន្តរជាតិបន្ថែមទៀត បន្ទាប់ពីឥណ្ឌូនេស៊ីដែលជាប្រទេសនាំចេញដូងប្រេងដ៏ធំជាងគេនៅលើពិភពលោកបានហាមឃាតការនាំចេញដូងប្រេង ដើម្បីទប់ទល់នឹងតម្លៃទំនិញហក់ឡើងនៅក្នុងប្រទេសនេះ។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុននាំចេញដូងប្រេងធំជាងគេនៅកម្ពុជា ប្រាប់ខ្មែរណាស់ថា ប្រេងដូងកម្ពុជារំពឹងមានទីផ្សារល្អនាឆ្នាំនេះ បន្ទាប់ពីឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងធំមួយនៅលើពិភពលោកបានប្រកាសហាមឃាត់ការនាំចេញដូងប្រេងជាបណ្តោះអាសន្ន។
លោកថ្លែងដូច្នេះថា៖« ចំពោះឱកាសនេះវាជាការល្អមួយដែរ ប៉ុន្តែប្រេងដូងវាផលិតមកបានដោយការប្រើកម្លាំងពលកម្ម និងចាក់ប្រេងម៉ាស៊ូតនិងសាំង ដើម្បីដឹកជញ្ជូន ប្រមូលផល និងចូលរោងចក្រកែច្នៃ ដូច្នេះ កម្ពុជាមិនអាចមិននាំចេញដូងប្រេងបានទេ»។
លោកថ្លែងបន្តទៀតថា៖«ប្រេងឆៅយើងទុកយូអត់បានទេ យើងអត់មានរោងចក្រកែច្នៃទៅជាប្រេងឆា ឬប្រេងចាក់ឡានបានទេ យើងមានតែប្រេងដូងឆៅ យើងត្រូវតែនាំចេញ។ រីឯនៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ គេមានរោងចក្រកែច្នៃដូងទៅជាប្រេងសម្រាប់ចាក់ឡានបាន អីចឹង យើងមានតែប្រេងឆៅតែប៉ុណ្ណោះ យើងត្រូវតែនាំចេញមិនអាចទុកបាននោះទេ»។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានប្រកាសកាលពីចុងខែមេសាថា ឥណ្ឌូណេស៊ីនឹងលែងឱ្យនាំចេញប្រេងដូង ដើម្បីធានាលទ្ធភាពទទួលបានអាហារ និងប្រេងចម្អិនអាហារនៅក្នុងប្រទេសនេះ ដោយសារកង្វះខាតវត្ថុធាតុដើមក្នុងស្រុក។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីមួយថ្លែងថា៖«ខ្ញុំនឹងបន្តតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនេះ ដើម្បីឱ្យលទ្ធភាពទទួលបានប្រេងចម្អិនអាហារនៅក្នុងប្រទេសមានច្រើនក្រៃលែងក្នុងតម្លៃសមរម្យ»។
ដូងប្រេងគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ច្នៃជាចំណីអាហារ ថាមពល ឱសថ និងគ្រឿងសម្អាង។
បច្ចុប្បន្ន កង្វះជម្រើសជំនួសប្រេងដូង មានកាន់តែធ្ងន់ធ្ងរឡើងដោយសង្រ្គាមនៅអ៊ុយក្រែន ព្រោះអ៊ុយក្រែនជាអ្នកផលិត និងនាំចេញប្រេងផ្កាឈូករ័ត្នដ៏សំខាន់ បានជំរុញឱ្យតម្លៃប្រេងកែច្នៃពីបន្លែនៅទូទាំងពិភពលោកកើនឡើង។
ប្រទេសឥណ្ឌូនេស៊ីបានចេញដូងប្រេងប្រហែល ៦០% នៅលើពិភពលោកដែលចិននិងឥណ្ឌាជាអ្នកប្រើប្រាស់ច្រើនជាងគេ។
ក្នុងឆ្នាំ ២០២០-២០២១ ឥណ្ឌាបាននាំចូលប្រេងដូងចំនួន ៨,៥ លានតោន ខណៈចិនបានបញ្ជាទិញយ៉ាងតិច ៦,៨ លានតោន ដែលគេរំពឹងថានឹងកើនឡើងដល់ ៧,២ លាននៅឆ្នាំ ២០២១-២០២២។
លោក ម៉ុង ឫទ្ធី ថ្លែងទៀតថា តម្លៃដូងប្រេងឆៅនៅលើទីផ្សារអន្តរជាតិកំពុងហក់ឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២២។ តម្លៃដូងប្រេងនៅលើទីផ្សារអន្តរជាតិឆ្នាំ ២០២១ ជាមធ្យម ៩៨៨ ដុល្លារក្នុង១តោន ហើយបានកើនដល់ជាង១ពាន់ដុល្លារក្នុង១តោនក្នុងដើមឆ្នាំនេះ។
លោកបន្តថា៖« សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០២២តម្លៃជាមធ្យម ១ ៥២០ដុល្លារក្នុង១តោន ហើយ ក្នុងឆ្នាំ២០២២ តម្លៃនឹងកើនដល់ជាមធ្យម ១ ១៩០ ដុល្លារក្នុង១តោន»។
បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កំពុងវិនិយោគដំាដូងប្រេងលើផ្ទៃដីជាង២ម៉ឺនហិកតា នៅក្នុងខេត្តព្រះសីហនុ។ក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគលើដំណាំដូងប្រេងតាំងពីឆ្នាំ១៩៩៦។
បើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញដូងប្រេងជាង ៦២ ២១៦ តោន កើន ១៤,២២ ភាគរយបើធៀបឆ្នាំ ២០២០ ក្នុងនោះនាំទៅប្រទេសឥណ្ឌាជាង ៤៨ ៩៧៦ តោន និងម៉ាឡេស៊ី ១៣ ២៤០ តោន៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022