លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ(កណ្តាល)បាន​ចុចប៊ូតុងដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​ឯកសារឌីជីថល​ជាផ្លូវការនៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានប្រកាសដាក់​ឱ្យដំណើរការជាផ្លូវ​ការ​ប្រព័ន្ធ​ឯកសារឌីជីថល(FMIS PORTAL) ​ជំហានទី១​ នៅថ្ងៃ​ពុធនេះ សម្រាប់​​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ ក្នុងគោលបំណងដើម្បី​ពង្រឹង​គណនេយ្យភាព​ បង្កើនប្រសិទ្ធភាពការងារខ្ពស់ និងកាត់បន្ថយអំពើពុករលួយ ជាដើម​​។​

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធីនេះថា ជាមួយនឹងការអនុវត្តប្រព័ន្ធថ្មី​ ការបញ្ជូនឯកសារ​ផ្សេងៗ​នឹង​មាន​លក្ខណៈ​ជាឌីជីថលទាំងអស់​។ ប្រព័ន្ធ​ឯកសារឌីជីថល​នឹង​ផ្តល់​ផលចំណេញ​យ៉ាងច្រើនទាំងពេលវេលានិងថវិកា​ ជាពិសេស​នឹងជួយ​បង្កើននួវប្រសិទ្ធភាព​ការអនុវត្តថវិកា​សម្រាប់រដ្ឋបាលស្រុក​ចំនួន ៧៥ និងរដ្ឋបាល​ឃុំ​ចំនួន១៨៥ ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល​ក្នុងជំហានទី១នេះ​។​

លោករដ្ឋមន្រ្តី​ថ្លែងដូច្នេះថា៖«ការរៀបចំ​ឱ្យមាន​ប្រព័ន្ធឯកសារ​ឌីជីថលនេះ​ មិនមែនជាការចៃដន្យនោះទេ​ តែជាការគិតគូយ៉ាងច្បាស់​លាស់​ផ្អែកតាមផែនការសកម្មភាព​នៃយុទ្ធសាស្រ្តកែទម្រង់​ប្រព័ន្ធរដ្ឋបាល​ ថវិការដ្ឋបាល​ថ្នាក់ក្រោមជាតិ​ឆ្នាំ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល»​។

លោក ព័ន្ធមុនីរ័ត្ន ថ្លែងទៀតថា នេះគឺជាការចាប់ផ្តើមសាកល្បង​ប្រព័ន្ធ​ឯកសារ​ឌីជីថល​ជំនានទី១​ មុននឹង​ឈានទៅពង្រីក​ការប្រើប្រព័ន្ធ​ឯកសារ​ឌីជីថលដល់​រដ្ឋបាលស្រុក​និង​ឃុំ​ផ្សេងទៀត​នៅទូទាំងប្រទេស​។

លោកថ្លែងបន្តថា៖«ការកែទម្រង់ហិរញ្ញវត្ថសាធារណៈ​មិនមានដំណើរថយក្រោយនោះទេ​ ហើយក៏​មិនបង្អង់ឡើយ​ ក្នុងការ​កសាងនិងចាប់យក​ការប្រើប្រាស់ប្រព័ន្ធឌីជីថល ​ស្របតាមកន្លងថ្មី​របស់សាកលលោក​ក្នុង​យុគសម័យ​បដិវត្តន៍ឧស្សាហកម្ម​ជំនាន់ទី៤ ដែល​ជាឃ្នាស់ដ៏សំខាន់សម្រាប់សម្រួល​ដល់ការរស់​នៅ​ ការប្រកបអាជីវកម្ម​ និងការអភិវឌ្ឍន៍​ប្រទេសជាតិ​ទាំងមូល​»។​

ប្រព័ន្ធ FMIS PORTAL មាន​គុណសម្បត្តិ​ជាច្រើន ដូចជា អាចប្រើប្រាស់​តាមប្រព័ន្ធអ៊ិនធ័រណិត​ បញ្ជូនឯកសាររហ័ស​ទាន់​ពេលវេលា​ មិនតម្រូវ​ឱ្យមន្រ្តី​ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើដំណើរទៅកាន់រតនាគារ​រាជធានី-ខេត្ត​ដោយផ្ទាល់​ រាល់ការ​ធ្វើប្រតិបត្តិការ​មានការកត់ត្រា​ពេលវេលាច្បាស់លាស់​ និង​មានសុវត្ថិភាព​ខ្ពស់​ មានការជូនដំណឹង​រាល់ពេល​មានការកែប្រែឯកសារ​ ពិនិត្យ​ អនុម័ត​លើសំណើ និង​អាចធ្វើការ​ឆ្លើយ​ឆ្លងគ្នា​តាមរយៈអក្សរ សម្លេង និង​រូបភាព​ អាចចែករំលែក​ឯកសារទៅ​កាន់កម្មវិធីផ្សេងៗ​ ព្រមទាំង ពង្រឹង​គណនេយ្យភាព​ កម្ម​វិធី​មានភាពងាយស្រួល​ប្រើប្រាស់​ កាត់បន្ថយអំពើពុករលួយ​ បង្កើនប្រសិទ្ធភាពការងារខ្ពស់​ កាត់បន្ថយគ្រោះថា្នក់ផ្សេងៗពេលធ្វើដំណើរ។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន​ក្រុមការងារគ្រប់គ្រង បាន​ថ្លែងក្នុង​កម្ម​វិធិនេះថា ក្រុមការងារគម្រោង​ FMIS ​បានកសាងសមទ្ធិផលថ្មីមួយទៀត​ទៅតាម​ផែនការ​ពង្រីក​អនុវត្តគម្រោង​ FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដែល​បាន​ដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធឯកសារឌីជីថល FMIS PORTAL ​ជំនាន់ទី១ នៅរដ្ឋបាល​ថ្នាក់ស្រុក​ រដ្ឋបាល​ភូមិនៅ​ថ្ងៃនេះ​។

លោក​ថ្លែងទៀតថា គម្រោង​ FMIS បាន​ឆ្លងកាត់​ដោយជោគជ័យ​ពីរជំហានរួចមក​ហើយគឺជំហានទី១ ឆ្នាំ ២០១៣-២០១៦ ដែល​ផ្តោតលើការ​អគ្គនាយកដ្ឋាននាយកគន្លឹះ​នៃក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងរតនាគាររាជធានី-ខេត្តជំហានទី២ ឆ្នាំ២០១៧-២០២០ ដោយផ្តោតទៅលើលេខាធិការដ្ឋាននៃក្រសួងស្ថាប័នថ្នាក់ជាតិ​ និងមន្ទីរសេដ្ឋកិច្ច​រាជធានី-ខេត្ត​។

លោកបន្តថា សម្រាប់គម្រោង FMIS ជំហានទី៣ នឹងបញ្ចប់នៅ​ឆ្នាំ២០២៥ ​ផ្តោតមួយ​ផ្នែកលើការពង្រីកវិសាលភាព​ការប្រើប្រាស់ប្រព័ន្ធ​ FMIS ទៅដល់​រដ្ឋបាលថ្នាក់ក្រោមជាតិ​ ដែលជាហេតុនាំ​ឱ្យមានការកសាងឡើង​នូវ​ប្រព័ន្ធ​ឯកសារឌីជីថលជំនាន់ទី១សម្រាប់ជាជំនួយ​ និងសម្រួលដល់ការ​ងារ​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ អង្គភាពថវិកា​ គ្រឹះស្ថានសាធារណៈ​មានលក្ខណៈរដ្ឋបាល ដើម្បី​ពង្រឹង​អនុវត្តប្រព័ន្ធ​ឌីជីថល ការកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្ត​ការងារ​ដោយអនុវត្តប្រតិបត្តិការទាំងស្រុងតាមប្រព័ន្ធ​ FMIS។

លោកថ្លែងដូចច្នេះថា៖«ការសម្រេចបាន​នូវការ​អភិវឌ្ឍន៍ប្រព័ន្ធឯកសារឌីជីថលនេះ​គឺ​បង្ហាញ​យ៉ាងច្បាស់ពីគំនិតផ្តួចផ្តើម ​និងការយកចិត្តទុកដាកខ្ពស់ពីរាជរដ្ឋាភិបា​ល​កម្ពុជា​លើការងារកែទម្រង​ក្នុងវិស័យសាធារណៈ​សំខាន់ៗទាំង​៣ រួមមាន កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ ​ត្រូវ​បានកំណត់ជាគោលនយោបាយគន្លឹះ​សម្រាប់ដោះស្រាយ​បញ្ហាប្រឈមនានា​ និងបង្កើននូវកានុវត្តន៍ភាព​ថ្មីៗសម្រាប់​ពន្លឿនដល់ការអភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ចកម្ពុជា»​។

រហូតមក​ដល់ពេលនេះ គម្រោង​ FMIS បានដាក់​ឱ្យប្រើប្រាស់នៅ​​ការដ្ឋានសរុប ១៥៨ និងអ្នកប្រើប្រាស់​ប្រព័ន្ធចំនួន ២ ១៨៩នាក់ ក្នុងនោះ ការដ្ឋានជំហានទី​១ និងជំហានទី២ ដែលសម្រេចបាន​នៃអង្គភាព​ទទួលបន្ទុក​ហិរញ្ញវត្ថុក្រសួងស្ថាប័នមានចំនួន​ ៣៧ អគ្គនាយកដ្ឋានគន្លឹះនៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ចំនួន ៨ អង្គភាព​ថវិកា​អាណាប័កផ្ទេរសិទ្ធិ​ពេញលេញនៅ​ថ្នាក់កណ្តាល​ ២៤ រតនាគាររាជធានី-ខេត្តទាំង ២៥ និង​មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។

ចំណែក អនុវត្តជំហានទី៣​ សម្រេចបានការដ្ឋាន​នៅរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងអង្គភាពថវិការអាណាប័កផ្ទេរសិទ្ធិ​ពេញលេញនៅ​ថ្នាក់កណ្តាល​ចំនួន២។

​គម្រោងនេះ​នឹងបន្តពង្រីក​ការដ្ឋានដោយឱ្យប្រើប្រាស់​ប្រព័ន្ធ FMIS បន្ថែម​ទៀត​ ដល់រដ្ឋបាលក្រុងស្រុក​ខណ្ឌ ៤៤ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ​និងគ្រឹះស្ថានសាធារណៈ​រដ្ឋបាល ៣០ សម្រាប់ថ្នាក់ជាតិ​។

ទន្ទឹមនឹងនេះ ប្រព័ន្ធ​ FMIS ក៏បាន​អភិវឌ្ឍន៍ និងដាក់​ឱ្យប្រើប្រាស់​នូវមុខងារថ្មី​ចំនួន២គឺទី១​មុខងាររៀបចំផែនការថវិកា​ និងទី២ មុខងារលទ្ធិកម្មពេញលេញ និងត្រៀមអភិវឌ្ឍន៍មុខងារបន្ថែម​ថ្មី​ចំនួន២ផ្សែងទៀត​គឺមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងមុខងារគ្រប់គ្រងសន្និធិ៕