
រោងចក្រព្រឹត្តិកម្មទឹកស្អាត«ម្លេច» ក្នុងខេត្តកំពត បានដាក់ឱ្យដំណើការហើយ កាលពីថ្ងៃអង្គារ៍ម្សិលមិញដែលរោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាត ២ ពាន់ម៉ែតគូបក្នុង១ថ្ងៃដែលផ្តល់ទឹកស្អាតដល់ប្រជាជនពាន់គ្រួសារក្នុងតំបន់នេះ។
រោងចក្រព្រឹត្តិកម្មទឹកស្អាត«ម្លេច» ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងក្នុងកម្មវិធីសម្ពោធថា រោងចក្រព្រឹត្តិកម្មទឹកស្អាត «ម្លេច» បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
លោកថ្លែងទៀតថា រោងចក្រព្រឹត្តិកម្មទឹកស្អាត ប្រព័ន្ធចែកចាយទឹក និងហេដ្ឋារចនាសម្ព័ន្ធ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨ និងបញ្ចប់ការសាងសង់ និងសាកល្បងផលិតទឹកស្អាតកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
លោកថ្លែងដូច្នេះថា៖«រោងចក្រនេះចំណាយទឹកប្រាក់ប្រហែល ១០ពាន់ ៦៦០ លានរៀល ជាមួយនឹងសមត្ថភាពផលិតទឹកស្អាត២ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ»។
លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងកម្មវិធីនេះថា នេះជាសមិទ្ធិផលមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តកំពតដើម្បីឆ្លើយតបនឹងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ ព្រមទាំងប្រជាពលរដ្ឋនៅទីប្រជុំជនក្បែរនោះ និងភូមិសាស្រ្តក្នុងខេត្តតាកែវ ផងដែរ។
លោកថ្លែងដូច្នេះថា៖«លើសពីនេះក៏បានជួយបំពេញនូវសេចក្តីត្រូវការទឹកស្អាតជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងទ័ពកងពលតូចថ្មើជើងលេខ៣១ដែលកំពុងឈរជើងនៅទីនោះ»៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022