
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា អភិបាលខេត្តកោះកុង និងអគ្គិសនីកម្ពុជា កាលពីថ្ងៃទី ១០ ខែឧសភា បានសម្ពោធដាក់ឱ្យដំណើរការគម្រោងអនុស្ថានីយខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុងខេត្តកោះកុង កំពង់ចាមនិងក្រចេះ។
គម្រោងនេះអនុវត្តក្នុងក្របខណ្ឌឥណទានសម្បទានពីសាធារណរដ្ឋបារាំង និងជំនួយឥតសំណងពីសហភាពអឺរ៉ុបតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFP)។
លោក ស៊ុយ សែម ថ្លែងក្នុងកម្មវិធីនេះថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នាជាបន្តបន្ទាប់ ដើម្បីផ្ដល់ប្រភពអគ្គិសនីគ្រប់គ្រាន់តាមតម្រូវការនៃកំណើនសេដ្ឋកិច្ចនិងតម្រូវការពីអ្នកប្រើប្រាស់។
លោករដ្ឋមន្រ្តីថ្លែងទៀតថា៖ «ការអភិវឌ្ឍលើវិស័យថាមពលអគ្គិសនីខាងលើ គឺដើម្បីអភិវឌ្ឍន៍កម្ពុជាឲ្យប្រែក្លាយទៅជាប្រទេសមួយមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ចីរភាពអាចទុកចិត្តបានមានគុណភាព និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេស ដែលជាកត្តាចម្បង និងចាំបាច់បំផុត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងការផ្ដល់នូវសុខមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋ»។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា ដែលចូលរួមកម្មវិធីនេះថ្លែងថាលោកមានមោទនភាពចំពោះការចូលរួមរបស់ប្រទេសបារាំង(AFD)ក្នុងវិស័យថាមពលនៅកម្ពុជាតាមរយៈគម្រោងស្ថានីយបញ្ជូន និងការចែកចាយថាមពលអគ្គិសនីសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ។
លោកថ្លែងទៀតថា គម្រោងនេះបង្ហាញពីទំនាក់ទំនងដ៏ល្អសម្រាប់រយៈពេលវែងសម្រាប់រដ្ឋាភិបាលបារាំងជាមួយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និង AFD ដើម្បីជួយគាំទ្រលើយុទ្ធសាស្ត្រអគ្គិសនីរបស់ប្រទេសកម្ពុជា និងលើកកម្ពស់សមត្ថភាពទទួលបានអគ្គិសនីជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
លោកថ្លែងដូច្នេះថា៖«យើងកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងនេះជាផ្លូវការនៅថ្ងៃនេះ ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវថាមពលអគ្គិសនីដែលអាចជឿទុកចិត្តបាននៅក្នុងខេត្តចំនួន៣»។
រដ្ឋាភិបាលបារាំងបានផ្តល់ហិរញ្ញប្បទានសម្បទាន ៧០ លានអឺរ៉ូ និងជំនួយឥតសំណង ១លានអឺរ៉ូពីសហភាពអឺរ៉ុបតាមរយៈតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)សម្រាប់ការអភិវឌ្ឍគម្រោងក្នុងវិស័យថាមពលអគ្គិសនីកម្ពុជា៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022