លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មលើកឡើងថា ការដោះដូរដីនេះ នឹងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្ត្រនានា ជំរុញ និងកែលម្អឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

អ្នកអភិរក្សសត្វព្រៃលើកឡើងថា ដីព្រៃដែលជាដែនជម្រកសត្វព្រៃភ្នំតាម៉ៅ កំពុងឈានទៅរកការបំផ្លិចបំផ្លាញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចជាគោលការណ៍តាមការស្នើសុំ ដើម្បីកាត់ឆ្វៀលដីភ្នំតាម៉ៅ៨០០ហិកតា ក្នុងនោះមានដីព្រៃ៥០០ហិកតា និងដីសម្រាប់ចិញ្ចឹមសត្វគោ៣០០ហិកតា ប្រគល់ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីយកទៅអភិវឌ្ឍ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៤មករា ឆ្នាំ២០២២ ដែលបានផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងរៀបចំដែន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្តតាកែវ គឺបានបញ្ជាក់ថា រដ្ឋាភិបាលបានយល់ព្រមឱ្យមានការដោះដូរដីក្នុងតំបន់ភ្នំតាម៉ៅចំនួន៨០០ហិកតា ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដើម្បីអភិវឌ្ឍ។

បង្គោលដែលត្រូវបានគេលាបពណ៌ ដើម្បីគ្រោងនឹងឈូសឆាយ ដើម្បីអភិវឌ្ឈ។ រូបភាព៖ sceenshot ពិវីដេអូ Wildlife care

លិខិតសរសេរដូច្នេះថា៖«រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យដោះដូរដី៣០០ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងទីតាំងដីទំហំ៥០០ហិកតា ស្ថិតនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ របស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ហើយអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិឱ្យក្រុមហ៊ុន និងដៃគូសហការ មុនធ្វើការអភិវឌ្ឍ»។

សត្វទោចដែលរស់នៅក្នុងទ្រុងលើភ្នំតាម៉ៅ៖ រូបភាព៖ ខ្មែរណាស់

លិខិតដដែលបញ្ជាក់ថា ការកាត់ឆ្វៀលដី៣០០ហិកតាពីស្ថានីយចញ្ចឹមគោពូជភ្នំតាម៉ៅនោះ គឺរដ្ឋនឹងទទួលបានមកវិញដីទំហំ​៤០០​ហិកតានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអគាររដ្ឋបាលកម្ពស់២ជាន់មួយខ្នង អាគារស្នាក់នៅមួយខ្នង ក្រោលគោចំនួន​២ខ្នង ឃ្លាំងចំណីសត្វចំនួន២ខ្នង ឃ្លាំងដាក់សម្ភារៈ ចំនួនមួយខ្នង និងសម្ភារផ្សេងៗទៀត។

រីឯទំហំដី៥០០ហិកតា ដែលបានកាត់ឆ្វៀលចេញពីរដ្ឋបាលព្រៃឈើភ្នំតាម៉ៅ គឺរដ្ឋនឹងទទួលបានមកវិញជាការបង្កើតសួនសត្វ Safari Angkor លើផ្ទៃដីទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយស្ដារ និងអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយ​លើខេត្តសៀមរាប ដែលក្នុងនោះ រួមមានការសាងសង់អគាររដ្ឋបាល អគារចត្តាឡីស័ក អគារព្យាបាលសត្វព្រៃ សាងសង់របងព័ទ្ធជុំវិញ សាងសង់ផ្លូវ រៀបចំទីតាំងអភិវឌ្ឍន៍ផ្សេងទៀត ទិញសម្ភារបរិក្ខារ និងតបណ្តាញទឹក។

ក្រៅពីនេះ រដ្ឋក៏ទទួលបានការផ្ដល់ឡានម៉ូតូជាច្រើនគ្រឿង និងមានរៀបចំផ្ដល់ដីកម្មសិទ្ធិឯកជនទំហំជិតហិកតា ស្ថិតនៅភូមិត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលអាចសង់ផ្ទះស្នាក់នៅអចិន្ត្រៃយ៍ឱ្យមន្ត្រី បុគ្គលិក និងកម្មករចំនួន៨៥នាក់នៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ជុំវិញបញ្ហានេះ សារព័ត៌មានខ្មែរណាស់ទទួលបានលិខិតមួយពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលក្នុងលិខិតនោះបានអះអាងថា ការកាត់ឆ្វៀលដីទាំងនោះ មិនធ្វើឱ្យប៉ះពាល់ដែនជម្រកសត្វព្រៃភ្នំពេញឡើយ។ លិខិតដែលលោក វេង សាខុន បានបំភ្លឺទៅកាន់ទីស្ដីការគណៈរដ្ឋមន្រ្តីបានបន្តទៀតថា ទីតាំងដែលមានការដោះដូរដី គឺមិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលមានទំហំ៤០០ហិកតា និងមានរបងព័ទ្ធជុំវិញជាង៨ពាន់ម៉ែត្រឡើយ ហើយក៏មិនប៉ះពាល់ទៅដល់ការសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance)ដែរ។

លោក វេង សាខុន បានបញ្ជាក់តាមលិខិតនោះទៀតថា ការដោះដូរផ្ទៃដីតំបន់ភ្នំតាម៉ៅ ជាការចាំបាច់របស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្ត្រនានា ជំរុញ និងកែលម្អឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ អាចប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាព។

ការឆ្លើយបំភ្លឺរបស់លោក វេង សាខុន ទៅកាន់ទីស្ដីការគណៈរដ្ឋមន្រ្តីនេះ គឺបន្ទាប់ពីលោកស្រី ស៊ូវណ្ណា ហ្គោនឡែត (SUWANNA GAUNTLETT) នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសត្វព្រៃ បានស្នើសុំជួបសម្តេច ហ៊ុន សែន ដោយផ្ទាល់ ដើម្បីស្នើសុំអន្តរាគមន៍ទប់ស្កាត់ជាបន្ទាន់ចំពោះកាត់ឆ្វៀលដីទាំងនេះ ព្រោះលោកស្រីព្រួយបារម្ភថា ដីព្រៃភ្នំតាម៉ៅង នឹងត្រូវកាត់ផ្ដាច់ជាពីរចំណែកតូចៗ សត្វព្រៃជាង១ពាន់ក្បាល នឹងបាត់បង់ទីជម្រក ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នឹងបាត់បង់កេរ្តិ៍ឈ្មោះ ហើយការងាររួមគ្នារវាងរដ្ឋាភិបាល និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងរយៈពេល២០ឆ្នាំនេះ ដើម្បីការពារប្រព័ន្ធបរិស្ថាននៅភ្នំតាម៉ៅ នឹងគ្មានអ្វីទាំងអស់ ហើយថវិកាវិភាគទានរបស់អង្គការកន្លងមក នឹងបែរជាទទេស្អាត។

សត្វស្វាកំពុងរស់នៅក្នុងភ្នំតាម៉ៅ។ រូបភាព៖ ខ្មែរណាស់

ឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានព្រៃធម្មជាតិចំនួន២៣០០ហិកតាព័ទ្ធជុំវិញ ហើយវាជាកន្លែងប្រមូលផ្ដុំខ្លាឃ្មុំធំជាងកន្លែងផ្សេងៗទៀតនៅលើពិភពលោក និងមានចំនួនសត្វរមាំង និងសត្វប្រើសច្រើនជាងគេ បើប្រៀបធៀបជាមួយតំបន់ផ្សេងទៀតនៅកម្ពុជា។

លោក នីច ម៉ាក (Nick Marx) ប្រធានគម្រោងសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៥ឧសភានេះថា លោកបានចូលរួមការពារសត្វព្រៃនៅភ្នំតាម៉ៅចំនួន២០ឆ្នាំ ដោយសារព្រៃភ្នំតាម៉ៅជាជម្រកដ៏សំខាន់របស់សត្វព្រៃរស់នៅ ហើយលោកបារម្ភនៅពេលដែលមានការឈូសឆាយដីព្រៃ ដែលវានឹងធ្វើឱ្យបាត់បង់សត្វព្រៃ។

លោកថ្លែងដូច្នេះថា៖«គេឈូសព្រៃនៅភ្នំតាម៉ៅ សត្វព្រៃងាប់ មានសត្វព្រៃច្រើន នៅក្នុងព្រៃភ្នំតាម៉ៅ ។ អត់មានព្រៃ សត្វព្រៃគ្មានកន្លែងរស់នៅ រស់អត់បាន។ ខ្ញុំអត់ដឹងថាអង្គការសម្ព័នមិត្តសត្វព្រៃ នឹងធ្វើអ្វីនោះទេ ប្រសិនជាគេឈូសឆាយព្រៃភ្នំតាម៉ៅ»។

លោក នីច ម៉ាក (Nick Marx) ប្រធានគម្រោងសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។រូបភាព៖ Screenshot ពីវីដេអូ ហ្វេសប៊ុក Wildlife Care

ចំណែកលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានលើកឡើងថា ការកាត់ធ្វៀលដីភ្នំតាម៉ៅនេះ ជារឿងមួយដែលគួរឱ្យចាប់អារម្មណ៍ ព្រោះបរិមាណសត្វនៅក្នុងតំបន់នោះមានការកើនឡើងជាប្រចាំ ប៉ុន្តែរដ្ឋាភិបាលបែរមិនពង្រីកផ្ទៃដីថែរក្សា។

លោកថ្លែងដូច្នេះថា៖«ទោះបីដីមានតម្លៃក្នុងការកាត់ទៅឱ្យក្រុមហ៊ុនឯកជនក៏ដោយ គួរតែពិចារណាក្នុងការកាត់ដីនៅតំបន់ផ្សេងជាជាងយកដីនៅក្នុងតំបន់ មណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ ទៅប្រើប្រាស់បែបនេះ។ វាមានតួនាទីសំខាន់ក្នុងការសង្គ្រោះសត្វព្រៃ មកពីគ្រប់ទិសទី វានៅក្បែររាជធានីភ្នំពេញដែលអាចផ្តល់ឱកាសកម្សាន្តដល់ប្រជាពលរដ្ឋ»។

បច្ចុប្បន្ន ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានដើរតួនាទីយ៉ាងសំខាន់ជាកន្លែងសង្គ្រោះ ព្យាបាលសត្វព្រៃ ដែលរឹបបានពីការជួញដូរខុសច្បាប់ និងសត្វព្រៃដែលបានរបួសពីការជាប់អន្ទាក់របស់មនុស្សនៅតាមព្រៃធម្មជាតិនានា៕