
បុរសម្នាក់បានឈប់ធ្វើការពីវិស័យកសិកម្ម ងាកមកបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
លោក សុខ ហេង ម្ចាស់កសិដ្ឋានមួយ នៅឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១០ ឧសភានេះថា លោកបានចាប់ផ្តើមប្រមូលទិញដី តាំងពីឆ្នាំ២០២១ ហើយមកដល់ពេលនេះប្រមូលទិញបានជាង៥ហិកតា ដើម្បីបង្កើតកសិដ្ឋាន ដោយមានចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗនៅជុំវិញ មានដូចជាចិញ្ចឹមត្រី បង្កង មាន់ ជន្លេន គោ ដាំស្រូវ និងបន្លែផ្សេងៗទៀត។
លោកថ្លែងដូច្នេះថា៖«យើងផ្តោតសំខាន់ទៅលើគោ ដោយសារគោយើងយកអាចម៍វាទៅធ្វើជាថ្នាំ និងកាកសំណល់វាទៅចិញ្ចឹមជន្លេន ហើយយកអាចម៍ជន្លេន ទៅធ្វើជាជីដាំបន្លែផ្សេងៗទៀត ហើយយើងយកជន្លេនធ្វើជាមេចំណីឱ្យសត្វ មាន់ ទា ត្រី បង្កង កង្កែប ស៊ី»។
លោកបន្តថា បច្ចុប្បន្នលោកទើបប្រមូលទិញដីធ្វើជាកសិដ្ឋានបានចំនួនជាង៥ហិកតា ដោយជីកស្រះបានចំនួន១៣ស្រះសម្រាប់ចិញ្ចឹមត្រី បង្កង និងដាំស្រូវបានចំនួន២ហិកតា ដោយគ្រោងនឹងពង្រីកបន្ថែមឱ្យបានចំនួន១០ហិកតា ហើយដីនៅតំបន់របស់លោក ស្ថិតនៅតំបន់ទួល និងជាប់មាត់បឹង ហើយកន្លងមកឃើញកសិករធ្វើស្រូវមិនសូវទទួលចំណេញនោះទេ។
លោកថ្លែងបន្ថែមដូច្នេះថា៖«ភាគច្រើន(ធ្វើស្រូវ) ចូលដើម ដីមិនសូវអំណោយផល ហើយណាមួយខ្ញុំឃើញ ខាងខ្ញុំ(អូររាំងឳ)ភាគច្រើនត្រីនាំចូលពីខាងវៀតណាមវិញ។ ដូច្នេះ!ខ្ញុំសម្រេចចិត្តទិញដីហ្នឹងធ្វើជាកសិដ្ឋាន ក្នុងការផលិតវត្ថុធាតុដើម ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់នៅក្នុងភូមិយើង កាត់បន្ថយការនាំចេញពីក្រៅ ហើយកាត់បន្ថយប្រើជីគីមីផងដែរ ខ្ញុំចិញ្ចឹមបែបលក្ខណៈធម្មជាតិទាំងអស់»។
កសិកររូបនេះលើកឡើងថា កន្លងមកកសិករនៅក្នុងភូមិលោកក៏មានចិញ្ចឹមត្រីដែរ ប៉ុន្តែចិញ្ចឹមត្រីមួយមុខ ក្នុងស្រះតូចៗប៉ុណ្ណោះ ភាគច្រើនខាតបង់ ព្រោះមិនបានចិញ្ចឹម និងដាំបន្លែផ្សេងៗទៀត ដើម្បីទប់គ្នាកុំឱ្យខាតនោះទេ។ លោកមានគោលបំណងក្នុងរយៈពេល៥ឆ្នាំទៀត ខិតខំដាំបន្លែ ចិញ្ចឹមសត្វ និងត្រី ឱ្យបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុករបស់លោក។
លោកបញ្ជាក់ថា កន្លងមកលោកធ្លាប់ធ្វើការឱ្យអង្គការផ្នែកកសិកម្ម និងក្រុមហ៊ុនផ្នែកសិកម្មផងដែរ ប៉ុន្តែក្រោយចុះជួបកសិករតាមសហគមន៍ដែលចិញ្ចឹមសត្វ និងដាំបន្លែ មានជីវភាពធូរធា ដូច្នេះលោកក៏សម្រេចចិត្តឈប់ធ្វើការមកទិញដីបង្កើតជា កសិដ្ឋាន។
លោកថ្លែងដូច្នេះថា៖«ឃើញកសិករធ្វើទៅកាន់តែមានជីវភាពធូរធា ដល់យើងដើរធ្វើការបានតែប្រាក់ខែតិចៗហ្នឹង ដូច្នេះគិតថា បើបន្តធ្វើការតទៀត យើងបានតែរួចចិញ្ចឹមខ្លួនយើង ដល់ពេលចាស់ទៅអត់មានសល់អី ក៏សម្រេចចិត្តបងបង្កើតកសិដ្ឋានខ្លួនឯង ហត់មែនប៉ុន្តែវាសល់ទ្រព្យដល់កូន ដល់ចៅដែរ»។

ចំណែក លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រសិនជាកសិករមានគំនិតច្នៃប្រឌិតប្រើប្រាស់ឱ្យអស់លទ្ធភាព ដូចជា ចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងដាំបន្លែ នោះនឹងធ្វើឱ្យកសិករទទួលបានចំណូលពីផលិតផលកសិកម្មទាំងអស់នេះ ដោយមិនបារម្ភខាត់បង់នោះទេ។
លោកថ្លែងដូច្នេះថា៖«ប្រសិនជាការសកម្មភាព(ចិញ្ចឹមសត្វឬដាំបន្លែ) ណាមួយខាតបង់ វាអាចមានចំណូលមួយផ្នែកផ្សេងៗទៀត ដូច្នេះអាចទប់គ្នាបានល្អ បើយើងធ្វើតែមួយមុខៗទេ បើខាតៗ ហើយ។ កម្រមានកសិករយើងធ្វើបែបហ្នឹងណាស់ ច្រើនតែប្រកាន់ធ្វើតែមួយមុខៗ»។
លោកបញ្ជាក់ថា ក្រសួងចង់ឃើញកសិករដែលមានគំនិតច្នៃប្រឌិតក្នុងការធ្វើកសិកម្មឱ្យបានចំនួនច្រើន ព្រោះកាកសំណល់ពីការចិញ្ខឹមសត្វ អាចយកទៅប្រើប្រាស់ក្នុងផ្នែកផ្សេងៗទៀត ដូចជាអាចយកទៅជាជាចំណីសត្វ និងជីដាក់បន្លែ។
យោងតាមរបាយការណ៍ក្រសួងកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ម៉ឺននៅឆ្នាំ២០១៤ ដល់ ៦៩ម៉ឹនហិកតា នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពីជាង ៤សែនតោននៅឆ្នាំ២០១៤ ដល់ជាង៨សែនតោន នៅឆ្នាំ២០២១។
ដោយឡែក ទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨ តោនក្នុង១ហិកតា នៅឆ្នាំ២០១៤ ដល់ជាង ១២ តោនក្នុង១ហិកតា នៅឆ្នាំ២០២១។
រីឯ ការចិញ្ចឹមសត្វ មានកសិដ្ឋានចិញ្ចឹមសត្វចំនួនជាង១ពាន់កន្លែង ក្នុងនោះ កសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុក ១៧លានក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%។នេះបើយោងតាមការណ៍ក្រសួងកសិកម្មឆ្នាំ២០២០៕
- UNODC បើកយុទ្ធនាការឌីជីថលប្រឆាំងអំពើហិង្សានៅរាជធានីភ្នំពេញរយៈពេល៦ខែ - នៅថ្ងៃទី 24/05/2022
- ការដាំខ្ទឹមបារាំងទាមទារឱ្យកសិករជ្រើសរើសពូជសុទ្ធដែលធន់ជំងឺនិងអាកាសធាតុ - នៅថ្ងៃទី 23/05/2022
- មន្ត្រីថា គ្មានការផ្លាស់ប្តូរឧទ្យានសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងនោះទេ - នៅថ្ងៃទី 21/05/2022