តំណាងក្រុមហ៊ុន Koima របស់កូរ៉េ បានចុះពិនិត្យចម្ការការ៉ុតរបស់​កសិករ ហង់ សុវណ្ណ នៅខេត្តប៉ៃលិន កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២។រូបភាព៖​ហ្វេសប៊ុក មន្ទីរកសិកម្មខេត្តប៉ៃលិន

ក្រុមហ៊ុន Koima ជាក្រុមហ៊ុននាំចូលដ៏​ធំមួយរបស់កូរ៉េខាងត្បូង​នឹង​បញ្ជាទិញការ៉ុត​ប្រមាណ ៤០ តោនពី​កម្ពុជា ដើម្បីបំពេញតម្រូវទីផ្សារកំពុងតែកើនឡើងនៅក្នុងប្រទេសកូរ៉េ។​

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ប៉ៃលិន ប្រាប់ខែ្មរណាស់នៅថ្ងៃអង្គារថា បន្ទាប់ពី​តំណាង​ក្រុមហ៊ុននេះ មកសិក្សាពី​សក្តានុពល​ដំណាំកសិកម្ម ៤មុខ រួមមាន ​ស្វាយកែវរមៀត ចេកអំបូងលឿង ការ៉ុត និងមៀន​ប៉ៃលិន កាលពី​ថ្ងៃទី៦ ឧសភា រួមមក ​ក្រុមហ៊ុន​​បាន​​បញ្ជាទិញ​ការ៉ុតប្រហែល ៤០ តោនសម្រាប់ទីផ្សារកូរ៉េជាលើកដំបូង។

លោកថ្លែងដូច្នេះថា៖«គាត់បាន​ចុះមកពិនិត្យមើលកសិផល​សម្រាប់ជាតម្រូវការទីផ្សារកូរ៉េ នៅពេលគាត់​បានទៅមើលដំណាំការ៉ុត គាត់ថាដំណាំការ៉ុតអាចនាំយកទៅ​បាន​ឥឡូវធ្វើយ៉ាងណាឱ្យយើងរៀបចំ​ប្រមូលទិញ​ឱ្យគាត់ឱ្យបានច្រើន​។ នៅខែក្រោយ​នេះ គាត់​ឱ្យយើងប្រមូលទិញ​៤០តោន​នាំយកទៅទីផ្សារកូរ៉េក្នុងដំណាក់កាលទី១»។

លោក ​ហង់ ​សុវណ្ណ ​កសិករ​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់​ម្នាក់​ ស្ថិត​នៅ​ភូមិ​ក្បាល​ព្រលាន​ សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​បាន​ដាំ​ដំណាំ​ការ៉ុត​សាក​ល្បង​តាម​ការ​ណែនាំ​និង​ផ្តល់បច្ចេកទេសពី​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​កាល​ពី​ឆ្នាំ​២០២០​ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​លោក​ក៏​បាន​ពង្រីក​ការ​ដាំដុះ​ការ៉ុត​បន្ថែម​ទៀត​រហូត​ដល់​បច្ចុប្បន្ន​នេះ​។នេះបើ​តាមមន្ទីរកសិកម្មខេត្តប៉ៃលិន

លោក​ប្រាប់​ថា​៖«​ដំណាំ​ការ៉ុត​ដាំ​ចំនួន​តិច​ក្នុង​ការ​សាក​ល្បង​តែ​ឃើញ​ថា​ទទួល​បាន​ផល​ល្អកសិកររូបនេះបាន​ពង្រីក​ការ​ដាំ​បន្លែ​ការ៉ុត​បន្ថែម​ទៀត​លើ​ផ្ទៃ​ដី ​មួយ​រ៉ៃ​»។

លោក សុផាត ថ្លែងទៀតថា ក្រៅពីការ៉ុត ដំណាំកសិកម្ម​៣មុខទៀត រួមមាន ស្វាយកែវរមៀត មៀនប៉ៃលិន និងចេកអំបូងក៏ក្រុមហ៊ុន​បង្ហាញចំណាប់អារម្មណ៍​សម្រាប់ទីផ្សារកូរ៉េ ផងដែរ​។

លោកបន្ថែមទៀតថា ជាផ្លូវការក្រុមហ៊ុននេះ​ចង់នាំចូល​ការ៉ុត​ជាមុនសិន ចំណែកដំណាំកសិកម្ម​៣មុខទៀតក្រុមហ៊ុន​នឹងបន្ត​​រៀបចំ​ក្រុមការងារដើម្បីសិក្សាសក្តានុពលទីផ្សារបន្ថែម​ទៀត ហើយប្រសិនបើការនាំចូលការ៉ុតមួយ​លើកនេះទទួលបាន​ជោគជ័យ​ ប្រហែលជាក្រុមហ៊ុន​នឹងបន្ត​​ធ្វើកិច្ចសន្យា​ទិញ-លក់​បន្ថែម​ទៀត។

លោក​បន្ថែមថា៖ «នេះគឺជាការចង់បានរបស់​យើងតាមការចង្អុលបង្ហាញ​របស់ថា្នក់ដឹកនាំក្រសួង​រុក្ខាប្រមាញ់ និងនេសាទ​ បានណែនាំ​ឱ្យ​ថ្នាក់ខេត្ត​ជួយរកទីផ្សារកសិផលឱ្យប្រជាកសិករ​។ យើង​នឹង​បំផុសឱ្យសហគមន៍​យើងដែលមានស្រាប់ដាំដំណាំការ៉ុត ដើម្បីបំពេញ​តម្រូវការរបស់កូរ៉េ»។

បើយោង​តាម លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម នៅកម្ពុជាការ៉ុតភាគច្រើនត្រូវបានគេដាំនៅតំបន់ខ្ពស់រាប ដែលមានអាកាសធាតុត្រជាក់ ដូចជា ខេត្តមណ្ឌលគិរី ព្រះវិហារ និងខេត្តពោធិ៍សាត់(តំបន់​អូរសោម)។ ​ពូជការ៉ុតខ្លះ​ក៏គេអាច​ដាំ​នៅតំបន់កណ្តាល​ដែរ ប៉ុន្តែ​មើមវាតូចប៉ុនមេជើងប៉ុណ្ណោះ៕