
នាយករដ្ឋមន្រ្តីស្រីលង្កាលោក Mahida Rajapaksa បានដាក់សំណើរសុំលាលែងពីតំណែង នេះបើតាមការអះអាងពីមន្រ្តីរដ្ឋាភិបាលម្នាក់។ ការលាលែងពីតំណែងនេះ ស្របពេលប្រទេសកំពុងប្រឈមនឹងបាតុកម្មដោយវិបត្តិសេដ្ឋកិច្ច ឈានដល់ការផ្ទុះហិង្សា។
មន្រ្តីសុំមិនបញ្ចេញឈ្មោះរបស់ស្រីលង្កាម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា លោក Mahinda Rajapaksa បានដាក់លិខិតសុំលាលែងពីតំណែងនាយករដ្ឋមន្រ្តី ទៅកាន់ប្រធានាធិបតីលោក Gotabaya Rajapaksa ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក។
មន្រ្តីនាំពាក្យរបស់នាយករដ្ឋមន្រ្តីលោក Rohan Weliwita បានលើកឡើងដែរថា ការដាក់លិខិតសុំលែងតំណែងរបស់មេដឹកនាំដែលមានវ័យ៧៦ឆ្នាំរូបនេះ គឺដើម្បីត្រួសត្រាយផ្លូវដើម្បីបង្កើតរដ្ឋាភិបាលរូបរួមថ្មីមួយ ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតី ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានរបស់ប្រទេស បើគិតចាប់តាំងពីស្រីលង្កាទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨មក។
ការដាក់លិខិតរបស់លោក Rajapaksa ដើម្បីសុំលាលែងពីតំណែងនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកគាំទ្រគណបក្សរបស់លោក បានសម្រុកចូលកន្លែងតវ៉ាដ៏ធំមួយក្នុងទីក្រុង Colombo និងបានប៉ះទង្គិចគ្នាដោយហិង្សាជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលធ្វើឱ្យក្រុមប៉ូលិស ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមទាំងពីរវិញ។
ក្រុមបាតុករគាំទ្ររដ្ឋាភិបាលរាប់រយនាក់ ដែលខ្លះប្រដាប់ដោយបំពង់ដែក បានប្រមូលផ្ដុំគ្នានៅខាងក្រៅវិមានប្រធានាធិបតី មុនពេលសម្រុកចូលទៅទីទាំងរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានបោះតង់តាំងពីខែមុន ដើម្បីតវ៉ាឱ្យក្រុមគ្រួសារដ៏មានឥទ្ធិពលចុះចេញពីអំណាច ដោយសារការដឹកនាំធ្វើឱ្យប្រទេសជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ច្បាប់អាជ្ញាសឹកត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងស្រីលង្កាដែលមានប្រជាជាន២២លាននាក់ បន្ទាប់ពីមានការផ្ទះហិង្សារបស់ក្រុមអ្នកតវ៉ាទាំងពីរនេះ៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022