ប្រព័ន្ធទូទាត់នេះមានលក្ខណៈទំនើប ទាន់សម័យ ព្រមទាំងផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកស្នើសុំសេវាដែលអាចប្រើប្រាស់ប្រព័ន្ធធនាគារ ឬប្រព័ន្ធផ្ទេរប្រាក់ផ្សេងៗដែលខ្លួនមាន សម្រាប់ទូទាត់ប្រាក់ថ្លៃសេវា។រូបភាព៖ គេទ័រអង្គភាពច្រកចេញចូលតែមួយ

លោក ​ប្រាក់ ​សំអឿន ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​ ក្រសួង​មហា​ផ្ទៃ​ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​សាក​ល្បង​ប្រព័ន្ធ​ទូទាត់​វិកយ​បត្រ ​(Payment ​Hub) ​នៅ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយ​កាល​ពី​ថ្ងៃ​ទី​២ ​ឧសភា​ថា បន្ទាប់ពី​អនុវត្ត​សាក​ល្បង​ប្រព័ន្ធ​ទូទាត់​វិកយបត្រ​នៅ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​រដ្ឋ​បាល​រាជធានី-​ខេត្ត​ចំនួន​ ៣​គឺ​រាជ​ធានី​ភ្នំពេញ ​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​សៀម​រាម​ ទទួល​បាន​លទ្ធផល​ល្អ​ ​ក្រសួង​មហាផ្ទៃនឹង​ពង្រីកប្រព័ន្ធទូទាត់នេះ​ទៅ​រដ្ឋ​បាល​ខេត្ត​គោល​​ដៅ​ ៥ ​បន្ថែម​ទៀត ​​រួម​មាន​ខេត្ត​កណ្តាល ​ខេត្ត​បាត់ដំបង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្ត​កំពង់​ស្ពឺ ​និង​ខេត្ត​កំពត​។

លោក​ថ្លែង​ដូច្នេះ​ថា​៖​«ការ​ដាក់​ឱ្យ​អនុវត្ត​បន្ថែម​នេះ ​ដោយ​សារ​ប្រព័ន្ធ​ទូទាត់​នេះ​មាន​លក្ខណៈ​ទំនើប​ ទាន់​សម័យ​ ព្រម​ទាំង​ផ្តល់​ជម្រើស​កាន់​តែ​ច្រើន​ដល់​អ្នក​ស្នើ​សុំ​សេវា​ដែល​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារ​ ឬ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ផ្សេងៗ​ដែល​ខ្លួន​មាន​ សម្រាប់​ទូទាត់​ប្រាក់​ថ្លៃ​សេវា​ ប្រសិន​បើ​អ្នក​ស្នើ​សុំ​សេវា​មិន​ចង់​ទូទាត់​ជា​សាច់​ប្រាក់​សុទ្ធ​ ហើយ​ម្យ៉ាង​ទៀត​ការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​ត្រូវ​បាន​កត់​ត្រា ​និង​មាន​របាយការណ៍​ទូទាត់​ច្បាស់​លាស់​»។

ក្រសួង​មហា​ផ្ទៃ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន ​ឃេស ​អ៊ិន​នើវេសិន​ ម.ក ​( KESS​ INNOVATION ​PLC)​ ជា​ក្រុម​ហ៊ុន​ផ្តល់​ដំណោះ​ស្រាយ​ច្រក​ផ្លូវ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឈាន​មុខ​មួយ​នៅ​កម្ពុជា ​អនុវត្ត​សាក​ល្បង​ប្រព័ន្ធ​ទូទាត់​វិកយ​បត្រ​នៅ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយ​។​

លោក ​ឌឿ អេលេណា ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មួយ​រូប​ក្រុម​ហ៊ុន ​ឃេស ​អ៊ិន​នើវេ​សិន ​ម.ក​ ប្រាប់​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី​៣ ​ឧសភាថា​ ក្រសួង​មហា​ផ្ទៃ​បាន​អនុវត្ត​សាកល្បង​រួច​ហើយ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយ​ រាជ​ធានីភ្នំពេញ ​កំពង់​ចាម​ និង​សៀម​រាប​ ហើយ​ក្រសួង​នឹង​បន្ត​ដាក់​អនុវត្ត​ប្រព័ន្ធ​ទូទាត់​នេះ​បន្ថែម​នៅ​គោល​ដៅ ​៥ ទៀត​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «ប្រព័ន្ធ​ទូទាត់​វិកយបត្រ​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់​ ប្រជាជន​មិន​ពិបាក​រឿង​កាន់​លុយ​កាក់​តាម​ខ្លួន​ ហើយ​ថា​ទៅ​សូក​លុយ​ទៅ​ឱ្យ​នរណា​មិន​បាន​ទេ ​តម្លៃ​សេវា​ប៉ុណ្ណា ​គាត់​បង់​ប៉ុណ្ណឹង​។ ​នៅ​ពេល​អនុវត្ត​ប្រព័ន្ធ​នេះ​រួច​ យើង​នឹង​មាន​ប្រព័ន្ធ​ទូទាត់​វិកយបត្រ​តាម​អនឡាញ​មួយ​ទៀត​ មាន​ន័យ​ថា​ប្រជា​ពល​រដ្ឋ​មិន​បាច់​ទៅ​ដល់​ទីតាំង​ផ្ទាល់​ទេ ​គាត់​អាច​បង់​ពី​ផ្ទះ​តាម​អ៊ិនធ័រណិត​ក៏​បាន​ដែរ​»។

លោក ​សំអឿន ​លើក​ឡើង​ថា ​ប្រព័ន្ធ​ទូទាត់​វិក្កយបត្រ​នេះគឺ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​វិក័យប័ត្រ​ឱ្យ​បាន​ឆាប់​រហ័ស​ មាន​ប្រសិទ្ធ​ភាព ​តម្លាភាព ​និងគណនេយ្យ​ភាព​។​

លោក​ថ្លែង​ដូច្នេះ​ថា​៖«​​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ស្នើ​សុំ​សេវា​រដ្ឋ​បាល​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​ អាច​ធ្វើការ​បង់​កម្រៃ​សេវា​តាម​ម៉ាស៊ីន​បង់​ប្រាក់​ KIOSK​ ដែល​បាន​ដាក់​នៅ​ក្នុង​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​ តាម​រយៈ​គណនី​ធនាគារ​ដែល​ខ្លួន​មាន​»។

បច្ចុប្បន្ន ក្រុម​ហ៊ុន ​ឃេស ​អ៊ិន​នើវេ​សិន ​ម.ក មានដៃគូ​សហប្រតិបត្តិការ ១០ រួមមាន ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារ ABA  ធនាគារ​ស្ថាបនា ​ធនាគារ Wing អ៊ីម៉ាន់នី ព្រមទាំង Alipay,WeChat, Fliggy,Sunmi និង​​Ipification (IP)៕