
ធនាគារអេស៊ីលីដាដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដាតាមប្រព័ន្ធឌីជីថលកំពុងមានកំណើនជាលំដាប់ដែលអ្នកចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលមានជាង ២,៣ លាននាក់ គិតត្រឹមខែមីនា ឆ្នាំ ២០២២។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី។រូបភាព៖ ហ្វេសប៊ុក ធនគារអេស៊ីលីដា
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីជួបជុំនាយក-នាយិកាសាខានៅក្រុងព្រះសីហនុ កាលពីថ្ងៃ២៩ មេសាថា ក្នុងចំណោមអ្នកចុះឈ្មោះ ២,៣ លាននាក់មានអ្នលប្រើប្រាស់សកម្មជាមធ្យមជាង ១លានប្រតិបត្តិការក្នុង១ថ្ងៃៗ។
លោកថ្លែងដូច្នេះថា៖«ក្នុងស្ថានភាពដ៏លំបាកដែលមានការបិទខ្ទប់ និងក្តីបារម្ភពីប៉ះពាល់សុខភាពការឆ្លងជំងឺកូវីដ១៩ គាត់ចាប់ផ្តើមកុម្ម៉ង់ទំនិញតាមឌីជីថល ពេលនោះហើយ កំណើនគាត់ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដាហក់ឡើងយ៉ាងលឿន»។
លោកបន្ថែមថា ក្នុងឆ្នាំ ២០២២ ធនាគារអេស៊ីលីដានឹងជំរុញចំនួននេះឱ្យកើនដល់ប្រមាណ ៩៧%នៃប្រតិបត្តិការទាំងអស់ យើងទុក ៣% សម្រាប់អ្នកដកសាចប្រាក់នៅតាមបញ្ជរ(ATM) ហើយធនាគារអេស៊ីលីដានឹងបន្តជំរុញអតិថិជនដែលនៅសល់ប្រហែល ៧០ម៉ឹននាក់ទៀតឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ខ្លួន។
លោកថ្លែងបន្តថា៖«យើងមានជាង ៣ លានគណនីរបស់ធនាគារអេស៊ីលីដា ដូច្នេះ យើងចង់ឱ្យគាត់ទាំងអស់ប្រើប្រាស់App យើង។យើងនៅសល់ប្រមាណ ៧០ម៉ឹននាក់ទៀតប៉ុណ្ណោះមិនទាន់ប្រើប្រាស់»។
ក្នុងឆ្នាំ២០២១ សម្ព័ន្ធធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុប ៧ ៨៥៥ លានដុល្លារ កើនឡើង ១៩,៩០% និងសេវាបញ្ញើ-សន្សំមានជាង ៥ ៧១៦ លានដុល្លារ កើន ២៣,៩៦% បើធៀបនឹងឆ្នាំ២០២០។
សម្ព័ន្ធធនាគារអេស៊ីលីដា មានបណ្តាញប្រតិបត្តិការចំនួន ៣១៩ សាខា នៅកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
របាយកការណ៍ប្រចាំឆ្នាំ ២០២១ នៃធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានស្ថិរភាព និងភាពធន់ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយផលប៉ះពាល់ពីវិបត្តិ និងគាំទ្រកម្មភាពសេដ្ឋកិច្ច។
របាយការណ៍នេះបង្ហាញទៀតថា ក្នុងឆ្នាំ ២០២១ វិស័យធនាគារមានទ្រព្យសកម្មបានកើន ១៨ % ដល់ ៥៥,១ ពាន់លានដុល្លារ និងប្រាក់បញ្ញើបានកើនឡើង ២០,៨ % ដល់ ៣២,៧ ពាន់លានដុល្លារ៕
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022