លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន១១៩នាក់ កាលពីថ្ងៃទី២៤មីនា ឆ្នាំ២០២២។ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសនីយ៍។

រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានលើកឡើងថា ពលរដ្ឋរស់នៅតាមបុរីចំនួនជិត១០០បុរីក្នុងរាជធានីភ្នំពេញ កំពុងប្រឈមការពិបាកទទួលបានសេវាទូរសព្ទនិងអ៊ិនធឺណិតប្រើប្រាស់ ដោយសារបុរីទាំងនោះមុនពេលសាងសង់ គឺមិនបានតភ្ជាប់បណ្ដាញសេវាចូល ហើយបច្ចុប្បន្ន ក្រសួងកំពុងខិតខំដោះស្រាយបញ្ហានេះ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានថ្លែងថា ក្រសួងកំពុងធ្វើការជាមួយប្រតិបត្តិករ និងម្ចាស់បុរី ដើម្បីធ្វើយ៉ាងណា ឱ្យមានសេវាទូរសព្ទនិងអ៊ិនធឺណិតប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ខណៈលោកអះអាងថា បុរីទាំងជិត១០០នៅក្នុងរាជធានីភ្នំពេញ ដែលស្ទើរតែមិនមានសេវាទូរសព្ទនិងអ៊ិនធឺណិតប្រើប្រាស់នៅពេលនេះ ដោយសារមុនពេលសាងសង់ ម្ចាស់បុរីមិនបានគិតគួរតភ្ជាប់បណ្ដាញឱ្យចូលក្នុងបុរី ឬក៏សាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តភ្ជាប់សេវា ដូចជាបង្គោលអង់តែនជាដើម។

ប៉ុន្តែលោកបញ្ជាក់ថា កិច្ចការងារនេះ គឺកំពុងជួបបញ្ហាមួយចំនួន ដូច្នេះត្រូវការពេលវេលាច្រើន ដើម្បីដោះស្រាយ។ លោកថ្លែងដូច្នេះថា៖«ប៉ុន្តែការងារនេះ មិនមែនការងារងាយស្រួលទេ។ ព្រោះបានជួបប្រទះបញ្ហាជាច្រើន ដូចជា បុរីអត់ដីសម្រាប់សាងសង់បង្គោលអង់តែន ម្ចាស់បុរីមិនចង់សហការ។ កន្លែង(បុរី)ខ្លះ អត់មានចិញ្ចើមថ្នល់ដើម្បីតភ្ជាប់បណ្ដាញចូលទៅក្នុងបុរី។ ទាំងអស់នេះ សុទ្ធតែជារឿងដែលយើងត្រូវដោះស្រាយ»។

លោក ជា វ៉ាន់ដេត បានថ្លែងបែបនេះ នៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់មួយរវាងវិស័យឯកជននិងរដ្ឋ កាលពីថ្ងៃទី២១មេសា ដើម្បីជំរុញវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ប្រកបដោយចីរភាព ភាពធន់ និងធ្វើសមាហរណកម្មទៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (ឧស្សហកម្ម ៤.០)។ លោកអះអាងថា អាទិភាពរបស់ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ គឺនឹងខំប្រឹងដើម្បីឱ្យការប្រើប្រាស់សេវាទូរគមនាគមន៍ បានល្អប្រសើរជាងមុនក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខនេះ។

ការលើកឡើងរពីរដ្ឋមន្រ្តីរូបនេះ ស្របពេលពលរដ្ឋរស់នៅតាមបុរីមួយចំនួន កំពុងត្អួញត្អែរថា សេវាទូរសព្ទគ្រប់ប្រពន្ធទាំងអស់ គឺមិនមានសេវាឬខ្សោយសេវា ក្នុងទាក់ទងនៅពេលចូលដល់ក្នុងបុរី និងធ្វើឱ្យពួកគាត់ត្រូវចំណាយបន្ថែមទៀត ដើម្បីទិញឧបករណ៍សម្រាប់ចាប់យកសេវាដាក់លើដំបូលផ្ទះ។

ក្រុមពលរដ្ឋទាំងនោះ​ បានស្នើសុំឱ្យរដ្ឋាភិបាល ក្រុមហ៊ុនដែលជាប្រតិបត្តិការបម្រើសេវាកម្មទូរសព្ទ និងម្ចាស់បុរី ត្រូវពន្លឿនដោះស្រាយបញ្ហានេះ ព្រោះវាកំពុងដើរផ្ទុយនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលកំពុងជំរុញឱ្យមានរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល៕