សិប្បកម្ម​ ឌុច វ៉ាន់នី បានចូលរួមតាំងពិព័រណ៍ផលិតផលមួយភូមិមួយ នាពេលឆ្នាំកន្លងទៅ។រូបភាព៖ ហ្វេសប៊ុក OVOP

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP) និង​ក្រុមហ៊ុន​ Total Energies នឹង​សហការគ្នា​នាំយកផលិតផលភូមិមួយផលិតផលមួយដាក់តាំងលក់​នៅគ្រប់ស្ថានីយ៍​ប្រេងឥន្ទនៈ ​តូតាល់ នា​ឆាប់ៗនេះ​។

អគ្គលេខាធិការនៃ​គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ(OVOP)  លោក ជា សំណាង ប្រាប់ខ្មែរណាស់នៅ​ថ្ងៃ​សុក្រ​នេះថា ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃម្សិលមិញ ភាគទំាង២ បានសម្រេចជាគោលការ​ក្នុងការសហការគ្នា ដើម្បី​នាំយក​ផលិតផល​ក្នុងស្រុកដែល​ផលិតដោយផលិតករខ្មែរមក​តាំងលក់​​តាម​ស្ថានីយ៍​ ​តូតាល់ អេនើជី ពិសេស​ផលិតផលក្នុង​វិស័យ​កសិកម្ម​។

លោកថ្លែងដូច្នេះថា៖ «យើង​បានសម្រេចជាគោលការណ៍រួម​គឺក្រុមហ៊ុនTotal Energies Cambodia នឹងសហការជាមួយ OVOP ក្នុង​គោលបំណងដើម្បី​រួមគ្នា​​លើក​កម្ពស់​ផលិត​ផល​ខ្មែរ​មកតាំងលក់​នៅ​តាម​ស្ថានីយ៍​ប្រេង តូតាល។ ការសហការគ្នានេះយើងនឹងជជែកគ្នា​ឱ្យស៊ីជម្រៅថែមទៀត​ថាតើយើង​នឹង​យក​ផលិតផល​អ្វីខ្លះ​ ដើម្បី​យកទៅដាក់​លក់​នៅក្នុងស្ថានីយ៍​របស់គាត់​»។

លោក​ប្រាប់ខ្មែរណាស់ទៀតថា ជាគោលដៅផលិតផល​របស់កក្រុមហ៊ុន តូតាល់ អេនើជី ​ប្រហែលជាមាន ​គ្រឿងភេសជ្ជៈ វត្ថុអនុស្សាវរីយ៍​ និងគ្រឿងអាហារ ដូចជា ចេកឆាប ជាដើមដូច្នេះ ភាគីទាំង២​​នឹងជជែកគ្នា​ឱ្យស៊ីជម្រៅ​ថែម​ទៀត​ នៅពេលមានចុះ​កិច្ចព្រមព្រៀង​សហការគ្នារវាងតូតាល់ នេនើជី ជាមួយ​នឹង​ OVOP។

លោក​បន្ថែម​ថា៖ «ប្រសិន​បើយើង​ឈានដល់ការអនុវត្តន៍ជាក់ស្តែង ខ្ញុំគិតថាវាមានផលប្រយោជន៍ដល់​ផលិតករ​ខ្មែរ​យើង​ដែល​ជាផលិតផលនៅក្នុងស្រុករបស់គាត់ ព្រោះយើង​ដឹកហើយនៅតាម​មូលដ្ឋាន​យើងនីមួយៗ គាត់​តែងតែមានផលិតផលធ្វើដោយសហគមន៍ និងប្រជាពលរដ្ឋក្នុង​មួលដ្ឋានគាត់​»។

វិស័យ​ឯកជន​បាន​ស្វាមន៍​គំនិត​ផ្តួចផ្តើម​នេះ​ដែលនឹង​លើក​កម្ពស់ផលិតផល​ក្នុងស្រុក​ ព្រមទាំង​លើក​កម្ពស់ជីវភាព​ផលិតករ និង​ប្រជាកសិករ​កម្ពុជា​។​

លោកស្រី កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌីជាក្រុមហ៊ុន​នំស្រួយ​ លី លី ប្រាប់ខ្មែរណាស់​ថា ក្រុមហ៊ុន​ លី លី រីករាយ​ក្នុងការ​សហការជួយ​ក្រុមហ៊ុន​ តូតាល ក្នុងការ​នាំយក​ផលិតផល​នំស្រួយ​ លី លី ដាក់តាំងលក់​នៅស្ថានីយ៍​តូតាល។​

លោកស្រី កែវ មុំ ថ្លែងដូច្នេះថា៖ «នេះជាសញ្ញាល្អដែល​ក្រុមហ៊ុន​តូតាល​គាត់មានទឹកចិត្ត​ចង់​ជួយ​ជំរុញ​លក់​ផលិតផល​របស់​ខ្មែរ​នៅក្នុងស្ថានីយ៍​ប្រេងរបស់តូតាល​។ ខ្ញុំ​រីករាយ​ នឹង​ចូល​រួម​ ប្រសិន​បើ​ ខាងតូតាល​ទទួលយក​ផលិតផល​បន្លែផ្លែឈើ​ក្រៀមរបស់​ខ្ញុំ»​។

លោក​ថ្លែងទៀតថា នេះគឺជា​គំនិត​ផ្តួច​ផ្តើមមួយ​នឹងចូល​រួម​ចំណែក​​ជួយលើកកម្ពស់ទីផ្សារ​ផលិតផល​ក្នុងស្រុក​របស់កម្ពុជា​ ហើយ​ក្រុមហ៊ុន​នឹងពិចារណាផលិតនំពីបន្លែផ្លែក្រៀម​ឡើងវិញ បន្ទាប់ពីផ្អាកមួយ​រយៈ​ដោយ​ពិបាកប្រកួតប្រជែង​នៅលើទីផ្សារ​។

លោកស្រីនិយាយដូច្នេះ៖ «​ខ្ញុំបានផ្អាកការ​ផលិត​នំពីបន្លែផ្លែឈើក្រៀម​មួយ​រយៈមកហើយ​ដោយសារ​តម្លៃ​ថ្លៃយើង​ពិបាក​ប្រកួតប្រជែង​ និងមានទីផ្សារ​តូច​ ដូច្នេះការផលិត​យើងថ្លៃដើម​យើង​ខ្ពស់​។ ប្រសិន​បើ តូតាល​គាត់មានចំណាប់អារម្មណ៍​ផលិតផលបន្លែផ្លែឈើ​ក្រៀម​ នុះ​យើង​នឹង​អាចពិចារណាក្នុងការ​ផលិតឡើងវិញ ហើយ​វាអាចជួយ​កសិករ​បានច្រើន​តាមរយៈ​ការផ្តល់​ឱកាសការងារ​ដល់គាត់​ ហើយយើងជួយ​ទិញកសិផល​មួយចំនួនធំពីគាត់​»។

បើ​យោងតាម​ លោក ជា សំណាង ស្ថានីយ៍​ប្រេងឥន្ទនៈ តូតាល់ អេនើជី មានជិត ២០ ស្ថានីយ៍​នៅទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្តមួយចំនួន​ ហើយ​ភាគីទាំង ២ មានផែនការ​នឹងអនុវត្តន៍​ការតាំងលក់​ផលិតផល​ក្នុងស្រុក​តាម​ស្ថានីយ៍​ប្រេង តូតាល នៅក្នុង​ខែ​សីហា ឆ្នាំនេះ​៕