
អ្នកនាំចេញនៅកម្ពុជាកំពុងប្រឈមនឹងតម្លៃដឹកជញ្ជូនឡើងខ្ពស់ចាប់តាំងពីមានការរីករាលជំងឺកូវីដ១៩ដំបូងនៅកម្ពុជានាដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលបានរាំងស្ទះដល់ការនាំចេញអំបិលទៅកាន់ទីផ្សារអន្តរជាតិ។
កញ្ញា ថូង ធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន ថូង ត្រេឌីង ឯ.ក (Thaung Trading Co., Ltd) ប្រាប់ខ្មែរណាស់នៅថ្ងៃពុធថា ក្រុមហ៊ុននៅតែប្រឈមនឹងតម្លៃដឹកជញ្ជូនខ្ពស់ដែលនាំឱ្យក្រុមហ៊ុនពុំទាន់អាចធ្វើការនាំចេញផលិតផលអំបិលទៅកាន់ទីផ្សារអន្តរជាតិ បើទោះជាមានការបញ្ជាទិញអំបិលមួយចំនួននៅទីផ្សារអឺរ៉ុប។
កញ្ញា ធីតា អះអាងថា៖«ចំពោះការនាំចេញ យើងនៅតែប្រឈមមុខនឹងតម្លៃដឹកជញ្ជូនខ្ពស់ ដែលធ្វើឲ្យការនាំចេញស្ថិតក្នុងដំណាក់កាលលំបាកក្នុងការប្រកួតប្រជែងតម្លៃ។ក្នុងត្រីមាសទី១នេះ យើងនៅតែមិនទាន់បាននាំចេញអំបិលទៅកាន់ប្រទេសណាមួយនៅឡើយ ទោះជាយើងនៅតែមានការបញ្ជាទិញដែលនឹងចំណាយពេលវេលាប៉ុន្មានខែទៀតពីប្រទេសឆេក និង ស្វីស និងអាលឺម៉ង់»។
កញ្ញាថ្លែងដូច្នេះថា៖«យើងសង្ឃឹមថាបញ្ហាភ័ស្តុភារនឹងកាន់តែប្រសើរឡើង បើមិនដូច្នេះទេ វានៅតែពិបាកសម្រាប់សង្វាក់ផ្គត់ផ្គង់ទាំងអស់ ពិសេសការនាំចេញពីប្រទេសកម្ពុជា ផងដែរ»។
កញ្ញាបន្ថែមទៀតថា ទោះបីយ៉ាងណា អំបិលផលិតដោយសហគ្រាសរបស់កញ្ញាមានគាំទ្រច្រើនអ្នកប្រើប្រាស់ក្នុងស្រុក។
កញ្ញាថ្លែងទៀងថា៖« ទីផ្សារក្នុងស្រុកគឺល្អសម្រាប់និរន្តភាពទីផ្សារ ព្រោះជាប្រជាជនបានយល់អំពីផលិតផល គុណភាព និងសុវត្ថិភាព ដោយសារកន្លែងរបស់យើងកំពុងអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារ បើទោះជាម្លៃខ្ពស់ជាងបន្តិច បើធៀបនឹងអំបិលធម្មតាដែលលក់នៅលើទីផ្សារឥឡូវនេះ។ ផ្កាអំបិលក៏ពេញនិយមនៅលើទីផ្សារ ផងដែរ»។
កញ្ញាបន្តទៀតថា សហគ្រាស ថូង កម្ពុជា ដែលសហគ្រាសចែកចាកអំបិលក្នុងស្រុក ក៏ផ្តោតលើគុណភាព និងស្តង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីផលិតអំបិលសម្រាប់ទីផ្សារទូទៅ ជាមួយនឹងតម្លៃសមរម្យ ដែលមិនខុសពីតម្លៃលក់នៅលើទីផ្សារ។
កញ្ញាថ្លែងដូច្នេះទៀតថា៖«ប៉ុន្តែវានៅតែបង្រៀនយើងបន្តិច ដោយសារអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ ពួកគេនៅតែគិតថាអំបិលរបស់យើងនៅតែមានពណ៌ប្រផេះ ដែលមិនល្អសម្រាប់ប្រើប្រាស់។ តាមពិតទៅ អំបិលរបស់យើងគឺមានលក្ខណៈសរីរាង្គ និងអស្ចារ្យជាងអំបិលរោងចក្រដែលពួកគេទិញជារៀងរាល់ថ្ងៃផងដែរ»។
លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា (Signature of Asia) ដែលជាក្រុមហ៊ុននាំចេញអង្ករឈានមុខមួយ បានឱ្យដឹងថា អ្នកនាំចេញក្នុងវិស័យអង្ករក៏ប្រឈមនឹងបញ្ហាតម្លៃដឹកជញ្ជូនឡើងខ្ពស់ ផងដែរ ប៉ុន្តែវាមានភាពល្អជាងឆ្នាំមុនដោយសំបូរទូរកុងតឺន័រច្រើន។
លោកថ្លែងដូច្នេះថា៖«យើងកត្តាមួយចំនួនរារាំងដល់ការនាំចេញគឺថ្លៃដឹកជញ្ជូនតាមផ្លូវទឹកកាលពីមុនផ្ទុះជំងឺកូវីដមានតម្លៃ១ពាន់ដុល្លារក្នុង១ទូរកុងតឺន័រ កើនដល់ជាង៦ពាន់ដុល្លារ១ទូរកុងតឺន័រ។ ចាប់ពីខែមេសាតម្លៃដឹកជញ្ជូនតាមផ្លូវបានកើនឡើង១០%»។
កាលពីឆ្នាំ ២០២០ ខេត្តកំពតផលិតអំបិលបានប្រមាណ ៨៥ ០០០ តោន និងខេត្តកែបផលិតបានជាង ២០ ០០០ តោន។ ជាមធ្យមប្រទេសកម្ពុជាត្រូវការអំបិលប្រើប្រាស់ក្នុងរង្វង់ ១០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។បើអាកាសធាតុល្អក្នុង ១ហិកតា គេអាចផលិតអំបិលបានប្រហែល ២០ តោនក្នុង ១ ឆ្នាំដោយគិតចាប់ពីខែមករាដល់ខែឧសភា។
របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ បង្ហាញថា នៅកម្ពុជាមានផ្ទៃដីផលិតអំបិលប្រមាណ ៤ ៥០០ ហិកតា គ្របដណ្តប់ក្នុងខេត្តកំពត-កែប៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022