
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសហគមអឺរ៉ុបមានសន្ទុះងើបឡើងយ៉ាងឆាប់រហ័សដែលបានក្លាយទីផ្សារធំទី២ បន្ទាប់ពីទីផ្សារក្នុងប្រទេសចិនគឺមានចំណែកទីផ្សារ៣១%នៃទីផ្សារសរុបក្នុងត្រីមាសទី១ឆ្នាំ២០២២។
ការនាំចេញកើនឡើងនេះ បន្ទាប់ពីវិធានការរក្សាការពារពីសហគមអឺរ៉ុបដែលយកពន្ធនាំចូលអង្ករពីកម្ពុជាបានផុតកំណត់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងមក។ សហគមអឺរ៉ុបានយកពន្ធនាំចូលអង្ករពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំជាប់គ្នាគិតចាប់ពីឆ្នាំ២០១៩។
ជុំវិញបញ្ហានេះ លោក ធូ វិរៈ អ្នករាយការណ៍ព័ត៌មានខ្មែរណាស់ បានសម្ភាសន៍លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia ជាក្រុមហ៊ុននាំចេញអង្ករឈានមុខមួយនៅកម្ពុជា មានខ្លឹមសារសំនួរ-ចម្លើយដូចខាងក្រោម។

លោក ធូ វិរៈ៖ តើលោកយល់ឃើញយ៉ាងណា បន្ទាប់វិធានការរក្សាការពារត្រូវបានផុតកំណត់កាលពីដើមឆ្នាំនេះ?
លោក សុង សារ៉ន៖ ទាក់ទងនឹងទីផ្សារនៅសហគមអឺរ៉ុប ក្នុងមួយរយៈពេលនេះ យើងឃើញថា ការនាំចេញអង្ករកម្ពុជាមានសន្ទុះងើបឡើងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងសហគមអឺរ៉ុបបានលើកលែងវិធានការរក្សាការពារ(safeguard measure) ដែលលែកយកពន្ធនាំចូលអង្ករពីកម្ពុជា បាននាំឱ្យសន្ទុះនាំចេញអង្កររបស់យើងងើបឡើងជាង ៣០ ភាគរយ បើធៀបនឹងឆ្នាំ២០២០ និង២០២១។
វិធានការរក្សាការពារពីសហគមអឺរ៉ុបត្រូវបានផុតកំណត់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
លោក ធូ វិរៈ៖ តើក្រុមហ៊ុន AMRU RICE Cambodia សម្លឹងឃើញភាពរីកចម្រើននៃការនាំចេញអង្ករកម្ពុជានៅទីផ្សារអឺរ៉ុបដូចម្តេច?
លោក សុង សារ៉ន៖ ចំពោះ ក្រុមហ៊ុន AMRU RICE ក៏បាននាំចេញអង្ករមានកើនឡើងទៅកាន់សហគមអឺរ៉ុបដែរគឺជាង ៣០ ភាគរយក្នុងរយៈពេល៣ដំបូងដើមឆ្នាំនេះ។ កំណើនដែលយើងឃើញមានការងើបឡើងវិញនេះ ដោយសារកត្តា២គឺទី១ អង្ករកម្ពុជារួចពន្ធនាំចូលទៅសហគមអឺរ៉ុប និងទី២ ដោយសារការដឹកជញ្ជូនទំនិញមានភាពល្អប្រសើរជាងឆ្នាំ២០២១ បើទោះជា តម្លៃដឹកជញ្ជូននៅតែថ្លៃខ្លាំងដូចឆ្នាំ២០២១ ប៉ុន្តែវាល្អប្រសើរជាង ព្រោះសំបូរទូរកុងតឺន័រ។
លោក ធូ វិរៈ៖ តើប្រភេទអង្ករអ្វីខ្លះមានទីផ្សារល្អនៅអឺរ៉ុប? ហេតុអ្វី?
លោក សុង សារ៉ន៖ ប្រភេទអង្ករដែលភាគច្រើនយើងនាំចេញទៅកាន់ទីផ្សារសហគមអឺរ៉ុបគឺប្រភេទអង្ករក្រអូប អង្ករល្អប្រណិត និងអង្ករសរីរាង្គ។ហើយទីផ្សារអឺរ៉ុបនៅតែជាទីផ្សារខ្លាំង ដែលយើងអាចឈរជើងបាន មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពិសេសផ្តល់ដល់អ្នកហូប(អ្នកប្រើប្រាស់)ដែលជាជនជាតិអាស៊ីដែលគាត់រស់នៅប្រទេសបារំាង នៅទីនោះ ក៏មានប្រជាពលរដ្ឋខ្មែរយើងគាំទ្រផលិតផលយើងច្រើនដែរ ហើយយើងបានសាយភាយទៅដល់តំបន់អឺរ៉ុបខាងកើត ដូចជា ហូឡង់ អាលឺម៉ង់ ប៊ែលហ្សិក និងអង់គ្លេស រហូតដល់តំបន់អឺរ៉ុបប្រទេសអ្នកមានមួយចំនួនទៀតដែលមានមូលដ្ឋាននៅអឺរ៉ុបខាងជើង មានប្រទេសហ្វាងឡង់ ដាណឺម៉ាក ស្វីស និងណ័រវេ។ទីនោះគឺទីផ្សារអង្ករសរីរាង រឹងមាំមែនតែនទីផ្សារសរីរាង្គរបស់យើង មានភាពល្បីល្បាញ ឈរជើងរឹងមាំនៅក្នុងទីផ្សារក្នុងតំបន់អឺរ៉ុបខាងជើង។
ចំណែក ទីផ្សារនៅអឺរ៉ុបខាងកើតយើងនៅចាញ់គេនៅឡើយ ដោយសារអឺរ៉ុបខាងកើត ដែលភាគច្រើនគាត់ទិញតែអង្ករដែលមានតម្លៃថោក។ អង្ករមានតម្លៃថោកយើងពិបាកប្រកួតប្រជែងជាមួយមីយ៉ាន់ម៉ា(ភូមា) យើងអត់អាចមានឱកាសបានដូចភូមាទេ ដោយសារអង្ករភូមាមានតម្លៃថោកខ្លាំងជាងអង្ករយើង។
លោក ធូ វិរៈតើក្រុមហ៊ុន AMRU RICE មានផែនការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបចំនួនប៉ុន្មានតោន? អង្ករប្រភេទអ្វីខ្លះ?
លោក សុង សារ៉ន៖ ចំពោះ ផែនការរបស់ក្រុមហ៊ុន AMRU RICE យើងផ្តោតទៅលើការនាំចេញអង្ករសរីរាង្គទៅកាន់សហគមអឺរ៉ុបប្រហែលជា១ម៉ឺនតោននៅឆ្នាំ២០២០។ ហើយប្រភេទអង្ករល្អប្រណិត អង្ករក្រអូប ប្រហែលជាង២ម៉ឺនតោន ដូច្នេះយើងមានផែនការនាំចេញទាំងអស់ខ្ទង់៣ម៉ឺនតោនទៅកាន់ទីផ្សារសហគមអឺរ៉ុបនេះ។ ហើយស្ថានភាពយើងក្នុងរយៈពេល ៣ខែនេះ យើងឃើញថាមានភាពល្អប្រសើរ ដែលយើងនឹងអាចសម្រេចគោលដៅនេះ ប្រសិនបើការដឹកជញ្ជូនមានភាពធូរស្បើយ រឹតតែមានលទ្ធភាព មានកុងតឺន័រគ្រប់គ្រាន់ តម្លៃសមរម្យ យើងនឹងអាចសម្រេចគោលដៅនេះ ឬក៏លើសនេះ។
យោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កម្ពុជានាំចេញអង្ករក្នុងបរិមាណសរុប ១៧០ ៥៣៩តោន មានតម្លៃជាប្រាក់ជាង ១០០ លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២២ កើនឡើង ១០,៩៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទីផ្សារអឺរ៉ុបឈរលំដាប់ទី២ បន្ទាប់ពីទីផ្សារចិន ដែលមានបរិមាណ ៥២ ២២២តោន មានតម្លៃជាប្រាក់ជិត ៣៦ លានដុល្លារ៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022