លោក គុណ ញឹម នាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ)។រូបភាព៖ ហ្វេសប៊ុក អគរ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា​(អគរ)នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ប្រមូល​ចំណូលបាន​ជាង២ ៤២៨ប៊ីលានរៀល (៥៩៧លាន​ដុល្លារ)ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ ធ្លាក់ចុះ​ ២,៥ ភាគ​រយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំទៅ។​

បើ​យោង​តាម​ទិន្នន័យ​ពី​ អគរ ចំណូល​ដែល​ប្រមូល​បាន​តាម​ប្រភេទ​ ​រួមមាន អាករ​លើតម្លៃបន្ថែមជាង៩៤៣ប៊ីលានរៀល​ស្មើ​នឹង​ ៣៨,៩%​នៃចំណូឡសរុប និង​អាករពិសេស​ជាង៨៩៤ប៊ីលាន​រៀល​ ពន្ធគយ​ជាង៤៣ប៊ីលាន​រៀល​(៣៦,៨ %)។ ពន្ធគយជាង៤៣៦ប៊ីលានរៀល​(១៨%)អាករបន្ថែម​លើផលិតផល​ប្រេងជាង១០០ប៊ីលានរៀល(៤,២%)អាករ​នាំចេញ​និង​កម្រៃ​ផ្សេងៗ​ជិត៥៣ប៊ីលានរៀល(២,២%)​។

ដោយឡែក ចំណូល​តាម​ក្រុម​ទំនិញ​ឃើញថា យានយន្ត​ និ​ងគ្រឿង​ចក្រ​ជាង១ ០២៣ប៊ីលាន​រៀល​(៤២,២​% នៃចំណូល​សរុប)​ ទំនិញ​ចម្រុះ​ជាង៧០៨ ប៊ីលានរៀល​(២៩,២%)​ ព្រមទាំង ផលិតផល​តេលសិលាជាង៥៥៣ប៊ីលានរៀល​(២២,៨%)​ និង​សម្ភារសំណង់​ និង​កម្រៃ​ផ្សេងៗជាង១៤២ប៊ីលានរៀល​(៥,៩%)។

ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គយ និង​រដ្ឋាករ​ប្រចាំ​តី្រ​មាសទី១​ លោក គុណ ញឹម នាយកនៃ អគរ បាន​លើកឡើងថា ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងការបំពេញតួនាទី និងភារកិច្ចរបស់អង្គភាពដោយក្រើន​រំលឹក​ឱ្យ​​ការបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងពង្រីកបន្ថែមទៀតនូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ការពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ។

លោក​ថ្លែងទៀតថា៖«មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងអភិបាលកិច្ច និងការកៀរគរចំណូល ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹមប្រកបដោយប្រសិទ្ធភាព ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ និង​បន្តចូលរួមឱ្យបានសកម្មក្នុងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម»។

លោក​បន្តទៀតថា៖ «​អគរ​នឹង​បន្តសហការជិតស្និទ្ធជាមួយអង្គភាពជំនាញពាក់ព័ន្ធលើការងារត្រួតពិនិត្យទំនិញសារធាតុគីមីដែលអាចប្រើប្រាស់ច្រើនមុខសញ្ញា (ជាធាតុផ្សំគ្រឿងញៀន) និងរៀបចំផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិគាំទ្រនានាដែលពាក់ព័ន្ធនឹងការងារគយ»។

ក្នុង​ឆ្នាំ ២០២១​ អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន​ជាង៩ ២៩៥ប៊ីលានរៀល (ប្រមាណ២ ២៩៥លាន​ដុល្លារ​ ថយចុះ​ ៥,១ ភាគ​រយ បើធៀប​នឹង​ឆ្នាំ២០២០៕