
ចាប់តាំងពីដើមឆ្នាំ ២០២២ រហូតមកដល់ពេលនេះ តម្លៃថ្នាំ និងជីកសិកម្ម បន្តហក់ឡើងទ្វេដងដែលធ្វើឱ្យកាត់បន្ថយប្រាក់ចំណេញរបស់ប្រជាកសិករស្របពេលតម្លៃទំនិញភាគច្រើននៅលើទីផ្សារកើនឡើងឥតឈប់ឈរ។
បុរសវ័យកណ្តាលសម្បុររាងខ្មៅគឺលោក ថុង សុភាព ដែលបានដឹកស្វាយចន្ទីបីបាវលើម៉ូតូមកពីចម្ការឈប់នៅក្រោមផ្ទះបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានខ្មែរណាស់ថា ទិន្នផលស្វាយចន្ទីរបស់លោកបានកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែង ឆ្នាំនេះ ស្វាយចន្ទីផ្តល់ផលបានជាង២០តោន ខណៈឆ្នាំទៅប្រមូលបានជាង១០តោន។
កសិករដាំស្វាយចន្ទីលើផ្ទៃដីសរុប ៤០ ហិកតានៅខេត្តព្រះវិហាររូបនេះ កត់សម្គាល់ថា ទោះបីយ៉ាងណា សព្វថ្ងៃ ថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំបាញ់សម្លាប់សត្វល្អិតបានឡើងថ្លៃខ្លាំងណាស់។
លោក អះអាងថា តម្លៃថ្នាំបាញ់ស្មៅបានកើនពី ២៣០ ០០០រៀល ដល់ ៥២០ ០០០ រៀលក្នុង ១កេស ខណៈ ថ្នាំបាញ់សម្លាប់សត្វល្អិត(ប្រភេទម្សៅ)បានកើនពី ៦០០ ០០០រៀលក្នុង១កេស ដល់ ៩០០ ០០០រៀលក្នុង១កេស។
ចំណែក ជីទឹកសម្រាប់បំប៉នលើដំណាំស្វាយចន្ទីបានកើនឡើងគុណនឹងពីរបើប្រៀបធៀបនឹងឆ្នាំទៅ។ឆ្នាំនេះ តម្លៃជីទឹកមានតម្លៃ ៥០០ ០០០រៀលក្នុង១កេស(២០ដប់)ហើយ តម្លៃនេះមានការប្រែប្រមួលខុសៗគ្នាទៅតាមប្រភេទជីនីមួយៗ។
លោកប្រាប់ខ្មែរណាស់ដូច្នេះថា៖«ខ្ញុំចំណាយអស់ប្រមាណមួយម៉ឺនដុល្លារសម្រាប់ទិញជី បំប៉ននិងថ្នាំសម្លាប់សត្វល្អិតក្នុង១រដូវនៅលើផ្ទៃដីសរុប ៤០ ហិកតា។ នេះយើងមិនគិតពីការចំណាយលើតម្លៃកម្លាំងពលកម្ម និងប្រេងម៉ាស៊ូតផង។អញ្ចឹងក៏ដោយ យើងនៅតែទទួលបានប្រាក់ចំណេញខ្លះ តែមិនច្រើនទេ»។
លោកបន្ថែមទៀតថា នារដូវប្រមូលឆ្នាំនេះ តម្លៃស្វាយចន្ទីស្រស់មានតម្លៃជាមធម្យមចន្លោះពី ៣ ៥០០រៀល ទៅ ៣ ៨០០រៀលក្នុង១គីឡូក្រាម និងស្វាយចន្ទីស្ងួតមានតម្លៃចន្លោះពី៤ ០០០រៀល ទៅ ៥០ ០០រៀលក្នុង១គីឡូក្រាម។តម្លៃនេះ ធ្លាក់ចុះជាងឆ្នាំមុនជាមធ្យម ៥០០ រៀលក្នុង១គីឡូក្រាម។
លោកថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំឃើញថាស្វាយចន្ទីមានតម្រូវការទីផ្សារល្អនៅលើពិភពលោកព្រោះជាដំណាំឧស្សាហកម្មដែលអាចកែច្នៃវិចខ្ចប់សម្រាប់នាំចេញបាន។ បើទោះជា តម្លៃចន្ទីឡើងចុះពី១ឆ្នាំទៅ១ឆ្នាំ ក៏យើងអាចលក់ចេញបានដោយមិនពិបាករកទីផ្សារ ដូចនឹងកសិផលហូបផ្លែផ្សេងទៀត»។
កសិករម្នាក់ទៀត លោក វ៉ាន់ សំណាង មានចម្ការស្វាយចន្ទី និងដំឡូងមី លើផ្ទៃ ៣០ ហិកតា ស្ថិតក្នុងស្រុកសណ្តាន់ ឃុំទំរីង ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងតំបន់របស់លោក ជីនិងថ្នាំកសិកម្មឡើងថ្លៃគ្រប់ប្រភេទ។ ជាក់ស្តែង ជីស(ជីអ៊ុយរេ) តម្លៃបានហក់ឡើងពី ៩០ ០០០រៀល ដល់ចន្លោះពី ១៦០ ០០០រៀល ទៅ ១៨០ ០ ០០រៀលក្នុង១បាវ។
លោកថ្លែងដូច្នេះថា៖«យើងគិតមើល កាលពីមុនជីសមានតម្លៃ ៩ ០០០០រៀល ស្ទើតែគ្មានលុយទិញប្រើផង ចុះទម្រាំវាឡើងគុណនឹងពីរដងទៀត គ្រាន់តែ១ហិកតា យើងចំណាយលើជីអស់ពី ៥០ម៉ឺនទៅ ៦០ម៉ឺនរៀល ហើយផលដែលយើងបានមកវិញស្ទើតែទប់ទលនឹងតម្លៃជីមិនរួច»។
លោក សំណាង បញ្ជាក់ថា ក្នុងរដូវប្រមូលឆ្នាំ២០២២ តម្លៃដំឡូងមីស្រស់ក៏ធ្លាក់ថ្លៃដែរគឺ ៣៣០ រៀលក្នុងគីឡូក្រាម បើធៀបនឹងឆ្នាំមុន ៣៧០ រៀលកក្នុង១គីឡូក្រាម។ លោកនិយាយដូច្នេះថា៖«កសិករឥឡូវ ពិបាកណាស់ ការចំណាយលើកម្លាំងពលកម្ម ជី និងថ្នាំកសិកម្មកាន់តែកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ យើងចំណាយច្រើន ដល់ពេលយើងលក់វិញគ្មានបានចំណេញប៉ុន្មានទេ ទូទាត់ទៅ ១ហិកតា សល់លុយ ២ ទៅ ៣លានរៀលប៉ុណ្ណោះ»។
ដំណាំដំឡូងមីត្រូវបានគេដាំស្ទើទូទាំងប្រទេសកម្ពុជា ដែលជាធម្មតាគេចាប់ផ្តើមដាំកក្នុងឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈក្នុងឆ្នាំនីមួយៗ។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលពីខែមីនា កន្លងទៅបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា បច្ចុប្បន្ន ជីគីមីថ្លៃជាមធ្យម ៨២០ ដុល្លារក្នុង១តោន កើនពី ៤២០ ដុល្លារក្នុង១តោន កាលពីឆ្នាំទៅ។លោកបានណែនាំឱ្យប្រជាកសិករងាកមកប្រើប្រាស់និងផលិតជីសេរីរាងដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយ។
លោកសរសេរដូច្នេះថា៖«ខ្ញុំចង់អោយកសិករយើងងាកមកផលិតជីសេរីរាងដោយខ្លួនឯងវិញសម្រាប់ពេលនេះបើយើងទិញជីសេរីរាងនាំចូលតម្លៃ ៤២០ ដុល្លារក្នុងមួយតោន ដែលពីមុនមកតម្លៃជាមធ្យមគឺតែ ២២០ ដុល្លារក្នុងមូយតោន។ តែបើខ្ញុំផលិតជាក់ស្តែងដោយផ្ទាល់វិញអស់តែ ២៤ ដុល្លារក្នុងមួយតោនទេ ជាមធ្យមអាចផលិតបាន ២៤ តោនជារាងរាល់ថ្ងៃ ហើយប្រសិនបើទិញគេវិញអស់ប្រមាណ ១០ ០០០ ដុល្លារមួយថ្ងៃ»។
របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២២ បង្ហាញថា ប្រទេសកម្ពុជាបាននាំចូលថ្នាំ និងជីកសិកម្មមានតម្លៃជាប្រាក់ ៣៩០ លានដុល្លារក្នុងរយៈពេល ១០ខែឆ្នាំ ២០២១ កើន ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ មានតម្លៃ ២៧៦ លានដុល្លារ៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022