
សត្វខ្ទីងព្រៃមួយក្បាលនៅខេត្តឧត្ដរមានជ័យ ត្រូវបានពលរដ្ឋនិងអាជ្ញាធរ សហការគ្នាចាប់បាននៅព្រឹកថ្ងៃទី៣១មីនានេះ ក្រោយពីបានដេញវ័ធមនុស្ស៣នាក់ឱ្យរបួសធ្ងន់ ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល កាលពីថ្ងៃទី៣០មីនា។ អាជ្ញាធរបញ្ជាក់ថា សត្វខ្ទីងព្រៃនេះ នឹងត្រូវដឹកយកទៅអភិរក្សនៅសួនសត្វភ្នំតាម៉ៅ។
លោក នៅសំ តារារិទ្ធិ អភិបាលស្រុកបន្ទាយអំពិល បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៣១មីនានេះថា សត្វខ្ទីងដែលវ័ធពលរដ្ឋឱ្យរងរបួសនោះ ត្រូវបានកម្លាំងជំនាញរបស់មន្ទីរបរិស្ថានខេត្ត អ្នកជំនាញមកពីសួនសត្វភ្នំតាម៉ៅសហការគ្នាជាមួយពលរដ្ឋ ព័ទ្ធចាប់បាន ហើយនៅពេលនេះកំពុងរក្សាទុកនៅក្នុងសាលាស្រុក ដើម្បីរង់ចាំការបញ្ជូនទៅភ្នំតាម៉ៅ។
លោកថ្លែងដូច្នេះថា៖«បាទ នឹងបញ្ជូនទៅភ្នំតាម៉ៅ ឥឡូវនេះយើងកំពុងធ្វើកំណត់ហេតុនិងប្រគល់ទទួលទៅឱ្យភ្នំតាម៉ៅ។ ហើយគាត់ក៏មិនចង់ដឹកកាត់ថ្ងៃដែរដោយសារខ្លាច វាមានបញ្ហានៅតាមផ្លូវ អ៊ីចឹងគាត់ថាចាំត្រជាក់ចាំគាត់ចេញដំណើរពីនេះទៅ»។
យោងតាមទំព័រហ្វេសប៊ុកមួយឈ្មោះ អូត ឡាទីន បានបង្ហោះថា មានពលរដ្ឋចំនួន៣នាក់ដែលត្រូវសត្វខ្ទីងវ័ធបណ្ដាលឱ្យរបួសធ្ងន់ គឺឈ្មោះ ទិក ក្រឹង ភេទប្រុស ដែលបានរងរបួសជើងឆ្វេងរយះសាច់ជង្គង់ប៉ុនបាតដៃ។
ពលរដ្ឋម្នាក់ទៀតឈ្នោះ យ៉ុន វឿ ភេទប្រុស ត្រូវបានសត្វខ្ទីងវ័ធឱ្យរងរបួសសាច់ភ្លៅខាងស្ដាំ ធ្លុះពីរកន្លែង ប៉ុន្តែមិនប៉ះចំឆ្អឹងនោះទេ រីឯពលរដ្ឋម្នាក់ទៀត គឺឈ្មោះ ស្នេហ៍ នាវ ភេទស្រី ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ យ៉ុន វឿ គឺត្រូវបានសត្វខ្ទីងវ័ធឱ្យរងរបួសរយះសាច់កដៃខាងស្ដាំ ខណៈលោកស្រីនិងប្ដីកំពុងកាប់ដើមដំឡូងមី។
ជនរងគ្រោះទាំងបីនាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីបង្អែកខេត្ត ខណៈសត្វខ្ទីងនេះ ត្រូវបានពលរដ្ឋអះអាងថា ជាសត្វដែលរស់នៅតាមតំបន់ជើងភ្នំជាយូរមកហើយ ប៉ុន្តែមូលហេតុដែលវាចូលក្នុងភូមិបណ្ដាគ្រោះថ្នាក់ដល់អ្នកស្រុកនេះ អាចប្រហែលដោយសារង្វេងហ្វូង៕
- ក្រុមហ៊ុន B.R.B សហការជាមួយក្រសួងពាណិជ្ជកម្មជួយរកទីផ្សារឲ្យផលិតផលសិប្បកម្ម - នៅថ្ងៃទី 21/06/2022
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022