
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)បានជួយបង្កើនជីវភាពកសិករបានជិត១៥ម៉ឺនគ្រួសារក្នុងរយៈពេល៦ឆ្នាំ។ នេះបើតាមរបាយការណ៍ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៨មីនានេះ។
ប្រភពដដែលបន្តថា កម្មវិធីផ្សព្វផ្សាយកសិកម្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុបានគាំទ្រដល់គ្រួសាកសិករក្រីក្រ និងជនងាយរងគ្រោះចំនួន ១៤៨ ២៣០ គ្រួសារ ក្នុងរយៈពេល៦ឆ្នាំនៃការអនុវត្តគម្រោងដែលមានអាយុកាល៧ឆ្នាំ។ គម្រោងនេះបានជួយបង្កើនតម្លៃទ្រព្យសម្បតិ្តគ្រួសារកសិករគោលដៅពី១ ៤៥៣ ដុល្លារ នៅឆ្នាំ២០១៨ ដល់ ២ ០៥៥ ដុល្លារ នៅឆ្នាំ២០២១ និងបានចងក្រងបណ្ដុំអាជីវកម្មចំនួន ២ ៥៨៤ ចំណែកអគារប្រមូលផ្ដុំ និងទុកដាក់កសិផលចំនួន១៦៦អគា និងសាងសង់ផ្ទះសំណាញ់បានចំនួន ៤១៦ សម្រាប់ដំណាំសុវត្ថិភាព។
លោកវេង សាខុន បានលើកឡើងថា កម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុនេះ កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះ ដែលបានប្រកាន់យករបរកសិកម្មជាការងារស្នូលប្រចាំគ្រួសារ ហើយក្រសួងសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD នឹងបន្តគាំទ្រកម្មវិធីនេះ។
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបានការគាំទ្រហិញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) និងអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រាប់រយៈពេល៧ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០១៥ ដែលមានខេត្តគោលដៅចំនួន២០ ក្នុងនោះមានដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តគោលដៅមួយចំនួនទៀត៕
- ក្រុមហ៊ុន B.R.B សហការជាមួយក្រសួងពាណិជ្ជកម្មជួយរកទីផ្សារឲ្យផលិតផលសិប្បកម្ម - នៅថ្ងៃទី 21/06/2022
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022