លោកស្រី Lauren Higgins និងលោកស្រី ប៉ុង លឹមសាន ក្នុងដំណើរទស្សនកិច្ចនៅគ្លីនិកកុមារ និងសម្ភពឈួ អ៊ីសេង។ រូបភាពផ្ដល់ឱ្យដោយ​ កម្មវិធីពេទ្យយើង។

តំណាងស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោកស្រី Lauren Higgins បានធ្វើទស្សនកិច្ច នៅគ្លីនិកកុមារ និង សម្ភព ឈួ អ៊ីសេង កាលពីព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។ គ្លីនិកកុមារ និងសម្ភព ឈួ អ៊ីសេង ដែលមានទីតាំងនៅជិតផ្សារអូឡាំពិក ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ជាដៃគូរបស់កម្មវិធី «ពេទ្យយើង» និងជាសមាជិកមួយ នៅក្នុងបណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ដែលបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង ដើម្បីចូលរួមក្នុងការដឹកនាំយុទ្ធនាការទីក្រុងស្អាត និងបៃតងនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់មន្ទីរពេទ្យវៃឆ្លាតបៃតង ដែលទទួលជំនួយគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

លោកស្រី Lauren Higgins និងលោកស្រី ប៉ុង លឹមសាន ក្នុងដំណើរទស្សនកិច្ចនៅគ្លីនិកកុមារ និងសម្ភពឈួ អ៊ីសេង

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ស្ថាបនិកនៃគ្លីនិកកុមារ និងសម្ភព ឈួ អ៊ីសេងបានទទួលស្វាគមន៍លោកស្រី Lauren Higgins និងលោកស្រី ប៉ុង លឹមសាន ស្ថាបនិកនៃកម្មវិធីពេទ្យយើង យ៉ាងកក់ក្តៅ។ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បានបង្ហាញអំពីការគ្រប់គ្រងប្រតិបត្តិការ នៅក្នុងគ្លីនិក តាមបែបឌីជីថល ក៏ដូចជា ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺតាមបែបឌីជីថលជូនដល់អ្នកជំងឺ ដែលជាស្ត្រី និងកុមារ។

លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បានលើកឡើងថា ប្រព័ន្ធឌីជីថលពេទ្យយើង មានភាពងាយស្រួលប្រើប្រាស់ក្នុងការគ្រ់បគ្រងទិន្នន័យ នៅក្នុងគ្លីនិក រីឯការជួយគាំទ្រផ្នែកបច្ចេកទេសវិញ មានទំនាក់ទំនងល្អ ព្រោះសហការីរបស់ពេទ្យយើង បានជួយណែនាំពីរបៀបប្រើប្រាស់ និងជួយរាល់ពេល ដែលជួបបញ្ហានានា។

លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ធ្វើបទបង្ហាញអំពី បន្ទប់ថែទាំអ្នកជំងឺ ទៅកាន់លោកស្រី Lauren Higgins និងលោកស្រី ប៉ុង លឹមសាន នៅគ្លីនិកកុមារ និងសម្ភពឈួ អ៊ីសេង

លោកថា ប្រសិនបើនៅតាមមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ពិសេសមន្ទីរពេទ្យ នៅតាមបណ្តាខេត្តនានា បានប្រើប្រាស់ប្រព័ន្ធពេទ្យយើង វាពិតជាជួយសម្រួលច្រើននូវរាល់ប្រតិបត្តិការទាំងអស់ នៅក្នុងមន្ទីរពេទ្យ។

នៅក្នុងកិច្ចសំណេះសំណាលនេះ លោកស្រី Lauren Higgins ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ទៅលើការរីកចម្រើនរបស់មន្ទីរសម្រាកព្យាបាល ឈួ អ៊ីសេង ដែលជាសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ដោយបានប្រើប្រាស់ប្រព័ន្ធឌីជីថលពេទ្យយើងបានល្អ ដើម្បីផ្តល់សេវាសុខភាព ជូនដល់ស្ត្រី និងកុមារឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី Lauren Higgins និងលោកស្រី ប៉ុង លឹមសានសំណេះសំណាលជាមួយ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង និងក្រុមគ្រូពេទ្យ នៅគ្លីនិកកុមារ និងសម្ភពឈួ អ៊ីសេង

លោកស្រី Lauren បង្ហាញការសប្បាយចិត្តណាស់ ដែលឃើញនូវការគ្រប់គ្រងល្អ និងមានផែនការច្បាស់លាស់របស់គ្លីនិកកុមារ និងសម្ភព ឈួ អ៊ីសេង។

តំណាងស្ថានទូតអាមេរិក ក៏បានសន្យាថា នឹងនាំយកសមិទ្ធផលនេះ ទៅជជែកបន្ត និងសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការរួមគ្នា បន្តនៅថ្ងៃអនាគត។

គួរកត់សម្គាល់ថា កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ពេទ្យយើង មិនត្រឹមតែផ្ដល់ដំណោះស្រាយបែបឌីថល ដល់គ្លីនិក និងមន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែពេទ្យយើង បានចូលរួមក្នុងការថែរក្សាបរិស្ថាន ទីក្រុងស្អាត និងបៃតង តាមរយៈការកៀងគរមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន ដើម្បីចូលរួមក្នុងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង ដែលមានការគាំទ្រពីក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា៕