សិក្ខាសាលាអន្តរក្រសួងដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដែលរៀបចំដោយអង្គការ Energylab ក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។ រូបភាព៖ អគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន

កម្ពុជាប្ដេជ្ញាជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុង ឱ្យបាន៤០ភាគរយ និងម៉ូតូឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការបង្ហោះហ្វេសប៊ុករបស់នាយកដ្ឋានដឹកជញ្ជូនកាលពីថ្ងៃទី១០មីនា អំពីសិក្ខាសាលាអន្តរក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដែលរៀបចំដោយអង្គការ Energylab ក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១មីនាថា ការប្ដេជ្ញានេះ គឺដោយសារការបំពុលបរិស្ថានមានការកើនឡើងខ្ពស់ ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើន ដូច្នេះមិនមែនតែកម្ពុជាទេ គឺពិភពលោកទាំងមូលបានប្តេជ្ញាជារួមថា នឹងរកវិធីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ដែលធ្វើឱ្យមានការកើនកម្តៅពិភពលោក និងគ្រោះមហាន្តរាយផ្សេងៗ។

លោកថ្លែងដូច្នេះថា៖«អ៊ីចឹង! កម្ពុជាតាមរយៈក្រសួងបរិស្ថានបាន Summit(បញ្ជូន) នូវ Master Plan (គម្រោងមេ) ដើម្បីចូមរួមកាត់បន្ថយនៃការកើនឡើងនៃកាបូនជាតិពុល ទៅអង្គការសហប្រជាជាតិរួចហើយ ជាពិសេសរួមបញ្ចូលការផ្លាស់ប្តូរប្រើរថយន្តប្រើឥន្ធនៈ ទៅរថយន្តប្រើថាមពលអគ្គិសនីជំនួសវិញ ដើម្បីឆ្លើយតបជាមួយនឹងការកាត់បន្ថយផ្សែងពុលនៅក្នុងបរិស្ថាន»។

លោកបន្តថា រដ្ឋាភិបាលកំពុងពា្រងគោលនយោបាយ ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ហើយក៏បានពិភាក្សាជាមួយវិស័យឯកជនជាច្រើន ដើម្បីឱ្យចូលរួមវិនិយោគនាំចូលយានយន្តអគ្គិសនីមកកម្ពុជា ប៉ុន្តែបញ្ហាយានយន្តអគ្គិសនីនេះមាន២ចំណុច មានដូចជា យានយន្ត និងហេដ្ឋារចនាសម្ព័ន្ធ។

លោកថ្លែងដូច្នេះថា៖«ហេដ្ឋារចនាសម្ព័ន្ធ មិនមែនសំដៅទៅលើផ្លូវថ្នល់ទេ គឺសំដៅទៅលើស្ថានីយ៍ លទ្ធភាពទៅលើការបញ្ជូលភ្លើងអគ្គិសនីទៅឱ្យយានយន្ត។ ឥឡូវយើងចង់ឱ្យនាំចូលយានយន្តអគ្គិសនីចូលស្រុកខ្មែរឱ្យបានច្រើន ប៉ុន្តែសំណួរនៅត្រង់ថា តើយើងអាចមានលទ្ធភាពនៅក្នុងការធ្វើយ៉ាងណា ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ គាត់ប្រើយាន្តយន្តអគ្គិសនីត្រូវទៅសាកភ្លើងនៅកន្លែងណា។ ដូច្នេះ! យើងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ»។

លោកបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនីមិនត្រឹមតែជួយដល់បរិស្ថានទេ វាថែមទាំងជួយកាត់បន្ថយការចំណាយថវិកា២០ទៅ៤០ភាគរយ។ លោកបានឱ្យដឹងដែរថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បច្ចុប្បន្ននៅមានចំនួនតិចតួចនៅឡើយទេ ដូច្នេះរដ្ឋាភិបាលកំពុងព្យាយាមធ្វើគោលនយោបាយ សហការជាស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញកាត់បន្ថយអត្រាពន្ធលើយានយន្តអគ្គិសនីពី ជាង១២០ភាគរយ មកនៅត្រឹមជាង៦០ភាគរយ។

លោក គង់ សុផល អគ្គនាយករងដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារការ និងដឹកជញ្ជូន ធ្លាប់ប្រាប់សារព័ត៌មានខ្មែរណាស់ កាលពីខែមករាថា មកដល់ពេលនេះ រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីមានចំនួន៦១គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ ម៉ូតូមានចំនួនតិចតូចប៉ុណ្ណោះ ខណៈនៅតាមផ្លូវសាធារណៈគេសង្កេតឃើញថា មានចំនួនច្រើន ប៉ុន្តែអ្នកប្រើប្រាស់មិនទាន់មកចុះបញ្ជី ព្រោះម៉ូតូគ្មានស្លាកលេខ។

កាលពីថ្ងៃទី៥ មករា ក្រសួងសាធារណការបានបង្ហោះតាមហ្វេសប៊ុកថា ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី ក្រសួងបានស្នើទៅកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុង នោះទីតាំងទី១ស្ថិតនៅទីស្តីការក្រសួង និងទីតាំងបួនកន្លងទៀត ស្ថិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្តដើរ ដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី៕