ចៃសដែលកើតឡើងលើដើមស្វាយចន្ទីស្ទើរមួយរយភាគរយនៅតាមចម្ការស្វាយចន្ទីកន្លងមក។ រូបភាព៖ ផ្តល់ដោយ លោក ហ៊ល ឡុង ប្រធានអភិវឌ្ឍន៍ផលិតផលឈើហូបផ្លែ និងដំឡូងមី នៃក្រុមហ៊ុនអាហ្គ្រោហ្វាម៉ាស៊ី (Agro Farmacy) និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា។

ស្វាយចន្ទី គឺជាដំណាំកសិកម្មដ៏សំខាន់មួយ ដែលមានសក្តានុពលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនចំណូល និងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែការដាំស្វាយចន្ទី នៅតែប្រឈមបញ្ហាមួយចំនួន ដូចការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញ និងបញ្ហាទីផ្សារជាដើម ជាពិសេស គឺជំងឺចៃស ដែលកើតស្ទើរនៅគ្រប់ចម្ការស្វាយចន្ទីទាំងអស់។

សារព័ត៌មានខ្មែរណាស់ សូមលើកឡើងពីបញ្ហានៃការកើតឡើងជំងឺចៃសលើដំណាំស្វាយចន្ទី និងវិធីសាស្រ្ដដោះស្រាយ ដើម្បីផ្ដល់ជាចំណេះដឹងសម្រាប់កសិករដាំស្វាយចន្ទីទាំងអស់ តាមរយៈកិច្ចសម្ភាសន៍ជាសំនួរចម្លើយជាមួយ លោក អួន សីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ ផ្តល់ដោយ លោក អួន ស៊ីឡុត

ខ្មែរណាស់៖ តើចៃស ជាអ្វី មានរូបរាងដូចម្តេច កើតឡើងនៅពេលណា?

លោក អួន ស៊ីឡុត៖ ចៃស ជាប្រភេទសត្វល្អិតម៉្យាង ដែលមានសន្ដានដូចជាចៃ ប៉ុន្តែវាមានពណ៌ស ហើយវាកើតឡើងនៅពេលដែលចន្ទីមានក្តឹប ជាពិសេសរដូវក្តៅកាន់តែខ្លាំង ចាប់ពីខែមករា ដល់ខែឧសភា គឺចៃសកើតឡើងកាន់តែច្រើន។ តាមការស្រាវជ្រាវ ពូជស្វាយចន្ទី M23 វាទាក់ទាញចៃសច្រើនជាងគេ ដោយចៃស ជញ្ជក់ក្តឹបស្វាយចន្ទី ក៏ដូចជាផ្ការបស់ស្វាយចន្ទី ហើយវាបំផ្លាញស្ទើរតែទាំងអស់ នៅពេលដែលកសិករធ្វេសប្រហែសធ្វើឱ្យមានចៃសនៅក្នុងចម្ការ។

ខ្មែរណាស់៖ តើមូលហេតុអ្វីបានជាបណ្តាលឲ្យស្វាយចន្ទីមានចៃស?

លោក អួន ស៊ីឡុត៖ ចៃស កើតឡើងដោយសារការសម្អាតចម្ការមិនបានស្អាត មានន័យថា នៅខាងក្រោមដើមស្វាយចន្ទីមានស្មៅ នៅពេលដែលមិនស្អាត គឺជាជម្រករបស់ចៃស ដូច្នេះ! នៅពេលដែលមានផ្កា គឺជាឱកាសមួយធ្វើឱ្យចៃស កើតឡើង ហើយក៏វាឆ្លងតាមខ្យល់ដែរ ដោយសារវាបក់ពីចម្ការមួយទៅចម្ការមួយទៀត។

ខ្មែរណាស់៖ នៅពេលស្វាយចន្ទីមានចៃស នឹងមានរោគសញ្ញាអ្វីខ្លះកើតឡើង ហើយរងផលប៉ះពាល់យ៉ាងដូចម្តេច?

លោក អួន ស៊ីឡុត៖ រោគសញ្ញារបស់វាស្រួលចំណាំ គឺវាមានភ្នាសដាស់ពណ៌សរុំបញ្ចូលគ្នា ហើយសម្លឹងមើលឱ្យបានយូរបន្តិច នឹងឃើញចៃសមានសកម្មភាពលើផ្កា និងក្តឹបស្វាយចន្ទី ហើយវាបំផ្លាញលើត្រួយ កញ្ចុំផ្កា និង ក្កឹប វានឹងធ្វើឱ្យថយផលពីចន្លោះពី២០ទៅ៨០ភាគរយ។

ខ្មែរណាស់៖ តើកសិករគួរមានវិធីសាស្ត្រអ្វីខ្លះ និង ថ្នាំអ្វីខ្លះ ដើម្បីព្យាបាលចៃស?

លោក អួន ស៊ីឡុត៖ កសិករត្រូវសម្អាតខាងក្រោមដើមស្វាយចន្ទីឱ្យបានស្អាត ដូចជាសម្អាតស្មៅឱ្យបានជ្រះល្អ ដើម្បីបន្ថយជម្រករបស់ចៃស និងប្រើវិធានគីមី ដែលអាចប្រើថ្នាំមួយចំនួន ដូចជា អ៊ីមីដាក្លរព្រីដ(Imidacloprid) ឌីណូតេហ្វុយរ៉ង់ (Denotefuran) ភីមេត្រូហ្ស៊ីន (Pymetrozine) អាសេហ្វាត(Acephate) និង អាសេតាមេព្រីដ ។ កសិករត្រូវត្រួតពិនិត្យចម្ការក្នុងករណីវារាតត្បាតខ្លាំងត្រូវបាញ់ថ្នាំពុល៣ដងជាប់ៗគ្នាចន្លោះពី ៥ ទៅ៦ថ្ងៃម្តង។

ខ្មែរណាស់៖ តើកសិករគួរធ្វើដូចម្តេច ដើម្បីការពារ និងបង្ការជំងឺនេះ?

លោក អូន ស៊ីឡុត៖ កសិករត្រូវភ្ជួររាស់នៅក្នុងចម្ការ និងសម្អាតស្មៅក្រោមដើមស្វាយចន្ទីឱ្យបានស្អាត។ មកដល់ពេលនេះ យើងមិនទាន់មានវិធានការពារជាលក្ខណៈសរីរាង្គក្នុងការកម្ចាត់ចៃសទេ ក្រៅពីវិធានការដោយប្រើថ្នាំគីមី និងវិធានការសម្អាតចម្ការ គ្រាន់តែជាផ្នែកមួយទេ វាអាចកាត់បន្ថយបានត្រឹម៥០ ភាគរយប៉ុណ្ណោះ។

ខ្មែរណាស់៖  តើក្នុងចំណោមកសិករ១០០នាក់ដែលដាំស្វាយចន្ទី មានចំនួនប៉ុន្មាននាក់ ដែលជួបបញ្ហាមូសតែ ឬ ក្នុងអត្រាចន្ទី១០០ដើម ត្រូវបានមូសតែបំផ្លាញប៉ុន្មានដើម?

លោក អួន ស៊ីឡុត៖ ចៃសកើតលើស្ទើរគ្រប់ចម្ការទាំងអស់ នៅពេលដែលរដូវដែលវាត្រូវកើត ហើយវាកើតលើស្វាយចន្ទី និងស្វាយកែវរមៀត ដូច្នេះ! កសិករមិនអាចជៀសផុតបាននោះទេ មានតែបង្ការជាមុនខ្លះ និងធ្វើវិធានគីមីខ្លះ។

ចៃសកើតឡើងនៅរដូវក្តៅ ហើយវាធ្វើឱ្យចន្ទីបាត់បងទិន្នផលពី២០ ទៅ៨០ភាគរយ។ រូបភាព៖ ផ្តល់ដោយ លោក ហ៊ល ឡុង ប្រធានអភិវឌ្ឍន៍ផលិតផលឈើហូបផ្លែ និងដំឡូងមី នៃក្រុមហ៊ុនអាហ្គ្រោហ្វាម៉ាស៊ី (Agro Farmacy) និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា។

កំណត់ចំណាំ៖ ការផ្សាយអត្ថបទអប់រំទាក់ទងនឹងជំងឺដែលកើតឡើងលើស្វាយចន្ទីជាបន្តបន្ទាប់នេះ គឺសារព័ត៌មានឌីជីថលខ្មែរណាស់មានការសហការគាំទ្រពីក្រុមហ៊ុននីលីដា និងសមាគមស្វាយចន្ទីកម្ពុជា៕