
បច្ចុប្បន្ន នៅតាមមន្ទីរពេទ្យ គ្លីនិក បន្ទប់ពិគ្រោះ និងមន្ទីរពេទ្យរដ្ឋ និងឯកជននានា បានផ្លាស់ប្តូរពីការគ្រប់គ្រងប្រតិបត្តិការ ដោយប្រើក្រដាស មកឌីជីថលវិញ ដើម្បីបង្កភាពងាយស្រួល ដល់បុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺ។
ក្នុងចំណោមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនទាំងនោះ ភាគច្រើនប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល «ពេទ្យយើង» ដែលបង្កើតឡើងដោយស្ថាបនិកស្ត្រី ជាជនជាតិខ្មែរ គឺលោកស្រី ប៉ុង លីមសាន ដែលមានគំនិតផ្តួចផ្តើមម្មវិធីនេះឡើង ក្រោមឆ័ត្ររបស់ក្រុមហ៊ុនហ្វឺសវីម៉ិនថេកអេស៊ាដែលជាក្រុមហ៊ុន បង្កើតប្រព័ន្ធគ្រប់គ្រងបែបឌីជីថល នៅតាមមន្ទីរពេទ្យ និងឱសថស្ថាន មន្ទីរពិសោធន៍ និងមន្ទីរពេទ្យព្យាបាលធ្មេញ ជាដើម។
កម្មវិធីពេទ្យយើង ហាក់មានការចាប់អារម្មណ៍ខ្លាំង និងដាក់ដំឡើងប្រើប្រាស់ពីបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួនធំ នៅក្នុងប្រទេសកម្ពុជា។

លោក លី វៃលាង វេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ និងសរីរាង្គខាងក្នុង និងជាស្ថាបនិក នៃមន្ទីរសម្រាកព្យាបាលហ្វីលមេដភ្នំពេញ កំពុងដាក់ដំណើរការប្រព័ន្ធពេទ្យយើង ដើម្បីគ្រប់គ្រងទិន្នន័យ និងប្រតិបត្តិការ នៅក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួន បានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធឌីជីថលបានជួយសម្រួលដល់បុគ្គលិក និងអ្នកជំងឺរបស់ខ្លួន និងផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងរាល់ចំណូលចំណាយ និងប្រវត្តិជំងឺរបស់អតិថិជន។
លោកថ្លែងដូច្នេះថា៖ «ការជ្រើសរើសយកប្រព័ន្ធពេទ្យយើង ទៅប្រើប្រាស់ ដោយសារមានគុណភាព និងការគ្រប់គ្រងទិន្នន័យរបស់អ្នកជំងឺ គឺអាចទទួលយកបាន ជាពិសេសយើងអាចចេញវេជ្ជបញ្ជា តាមរយៈកុំព្យូទ័រ ដោយមានភាពច្បាស់លាស់ និងសុក្រឹតដល់អ្នកជំងឺ ក្នុងការទៅទិញថ្នាំ និងរបៀបនៃការប្រើប្រាស់ថ្នាំ បានច្បាស់លាស់។ រីឯប្រសិទ្ធភាពនៃការព្យាបាល វាល្អប្រសើរទៅតាមនឹងដែរ»។

ចំណែកអ្នកគ្រូពេទ្យ សាត់ ស្រីពៅ អគ្គនាយិកាគ្លីនិក អេសភី បានឱ្យដឹងថា បន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធឌីជីថលពេទ្យយើង ការកត់ត្រាប្រតិបត្តិការ និងទិន្នន័យ នៅក្នុងគ្លី មានភាពច្បាស់លាស់ ហើយអ្នកគ្រូពេទ្យ អាចពិនិត្យមើលអំពីប្រភពចំណូល និងចំណាយមកពីគ្រប់ផ្នែកទាំងអស់ នៅក្នុងគ្លីនិក បានជារៀងរាល់ថ្ងៃ ដូចជារបាយការណ៍ថ្នាំ ចំនួនអតិថិជន ចាស់ថ្មី និងរបាយការណ៍មន្ទីរពិសោធន៍ជាដើម។
អគ្គនាយិកាគ្លីនិករូបនេះលើកឡើងដូច្នេះថា៖«បើអត់កត់ត្រាតាមប្រព័ន្ធពេទ្យយើងនេះទេ គឺពិបាកណាស់! ពិបាកគ្រប់គ្រង សម្រាប់អតិថិជនវិញ នៅពេលដែលគាត់ទៅសាខារបស់យើងផ្សេងៗ ទិន្នន័យរបស់គាត់ គឺនៅក្នុងប្រព័ន្ធទាំងអស់។ ដូច្នេះ! មិនចាំបាច់ពិបាកសួរគាត់ច្រើនសា ដែលអាចធ្វើឱ្យគាត់ធុញនោះទេ។ នៅពេលចេញវេជ្ជបញ្ជាអី! ពីដើមអតិថិជនពិបាកមើលពីកន្លែងមួយទៅកន្លែងមួយ។ តែនៅពេលយើង ចេញថ្នាំតាមកុំព្យូទ័រ អត់មានការភាន់ច្រឡំថ្នាំ ដូចពីមុនទេ។ គាត់អាចមានទំនុកចិត្តរាល់ឯកសារព្យាបាលរបស់គាត់ គឺច្បាស់លាស់។ អីចឹងធ្វើអោយអតិថិជនសប្បាយចិត្តដែរ»។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសក្រើនរំលឹកដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវឈប់ចេញវេជ្ជបញ្ជា ដែលសរសេរដោយដៃ និងមិនត្រឹមត្រូវ តាមក្បួនខ្នាតនៃវេជ្ជសាស្រ្ត។
នៅក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា«កន្លងមក ក្រសួងសង្កេតឃើញថា មានកន្លែងព្យាបាលមួយចំនួន បានអនុវត្តត្រឹមត្រូវ ទៅតាមសារាចរណែនាំរបស់ក្រសួង ស្តីពី ការចេញវេជ្ជបញ្ជា តាមប្រព័ន្ធកុំព្យូទ័រ ជំនួសដោយការសរសេរដៃវិញ។ ប៉ុន្តែនៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត មិនបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួង ក្នុងការចេញវេជ្ជបញ្ជា តាមកុំព្យូទ័រនៅឡើយ និងនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ»៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022