មូសតែ គឺជាប្រភេទសត្វជញ្ជក់លើត្រួយខ្ចី និងស្លឹកស្វាយចន្ទី ហើយវាមានរូបរាងធំជាងមូសធម្មតាបន្តិច ដែលវាមានពណ៌ខៀវ ពណ៌បៃតង និងពណ៌ក្រហម។ រូបភាព៖ ផ្ដល់ដោយលោក លោក ហ៊ល ឡុង ។

ស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរដ្ឋាភិបាលចាត់បញ្ចូលក្នុងផលិតផលអាទិភាព ហើយមានសក្តានុពលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនចំណូល និង កាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ ការដាំស្វាយចន្ទី នៅតែប្រឈមបញ្ហាមួយចំនួន ដូចការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញ​ និងបញ្ហាទីផ្សារជាដើម ជាពិសេសគឺជំងឺមូសតែ ដែលកើតឡើងស្ទើរតែនៅគ្រប់ចម្ការស្វាយចន្ទីទាំងអស់។

សារព័ត៌មានខ្មែរណាស់ សូមលើកឡើងពីបញ្ហានៃការកើតឡើងជំងឺមូសតែលើដំណាំស្វាយចន្ទី និងពិធីសាស្រ្ដដោះស្រាយ ដើម្បីផ្ដល់ជាចំណេះដឹងសម្រាប់កសិករដាំស្វាយចន្ទីទាំងអស់ តាមរយៈកិច្ចសម្ភាសន៍ជាសំនួរចម្លើយជាមួយ លោក ហ៊ល ឡុង ប្រធានអភិវឌ្ឍន៍ផលិតផលឈើហូបផ្លែ និងដំឡូងមី នៃក្រុមហ៊ុនអាហ្គ្រោហ្វាម៉ាស៊ី (Agro Farmacy) និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា។

ខ្មែរណាស់៖ តើមូសតែ គឺជាអ្វី មានរូបរាងដូចម្តេច និងកើតឡើងនៅខែណា និងដំណាក់កាលណាខ្លះ ?

លោក ហ៊ល ឡុង៖ មូសតែ គឺជាប្រភេទសត្វជញ្ជក់លើត្រួយខ្ចី និងស្លឹកស្វាយចន្ទី ហើយវាមានរូបរាងធំជាងមូសធម្មតាបន្តិច ដែលវាមានពណ៌ខៀវ ពណ៌បៃតង និងពណ៌ក្រហម។ វដ្តជីវិតរបស់វា មាន៣ដំណាក់កាល ដូចជា មេ ពង និងកូន ដែលទើបញាស់ ដោយដំណាក់កាលពីពងទៅដំណាក់កាលញាស់មានរយៈពេល៧ថ្ងៃ ហើយវាមានអាយុចាប់ពី២៨ ទៅ៣៧ថ្ងៃប៉ុណ្ណោះ វានឹងងាប់ទៅវិញ។ មូសតែ ចូលចិត្តអាកាសធាតុត្រជាក់ ហើយវាបំផ្លាញចន្ទីចាប់ពីខែកក្កដា ដល់ខែធ្នូ ហើយវក្នុងមេ១ អាចពងបានពី៤០ ទៅ៦០ពង។ 

មូសតែ គឺជាប្រភេទសត្វជញ្ជក់លើត្រួយខ្ចី និងស្លឹកស្វាយចន្ទី ហើយវាមានរូបរាងធំជាងមូសធម្មតាបន្តិច ដែលវាមានពណ៌ខៀវ ពណ៌បៃតង និងពណ៌ក្រហម។ រូបភាព៖ ផ្ដល់ដោយលោក ហ៊ល ឡុង។

ខ្មែរណាស់៖ តើ​មូលហេតុ​អ្វី​បានជា បណ្តាលឱ្យស្វាយចន្ទីមានបញ្ហាមូសតែ?

លោក ហ៊ល ឡុង៖ មូសតែ ជាប្រភេទសត្វល្អិតដែលតែងតែកើតលើដំណាំស្វាយចន្ទីពីមួយដំណាក់កាលទៅមួយដំណាក់កាលរហូត ព្រោះសត្វនេះចូលចិត្តជញ្ជក់លើដើមចន្ទី ជាពិសេសប្រភេទពូជ M23 ជាប្រភេទដើមដែលមានរសជាតិឆ្ងាញ់ និងផ្អែម សម្រាប់វាជញ្ជក់ ដូច្នេះស្វាយចន្ទីប្រភេទ M23 មានមូសតែច្រើនជាងគេ។

ខ្មែរណាស់៖ តើនៅពេលដែលស្វាយចន្ទីមានបញ្ហាមូសតែនឹងមានរោគសញ្ញាអ្វីខ្លះកើតឡើង ហើយនឹងរងផលប៉ះពាល់យ៉ាងដូចម្តេច?

លោក ហ៊ល ឡុង៖ នៅពេលដែលមូសតែជញ្ជាក់ស្លឹក និងត្រួសស្វាយចន្ទី ក្នុងរយៈពេល២ ទៅ៣ថ្ងៃ នោះវានឹងធ្វើឱ្យត្រួយស្វាយចន្ទីខ្ចី វិវត្ដទៅជាពណ៌ស្វាយ ពណ៌ខ្មៅ ធ្វើឱ្យងាប់ត្រួយ និងងាប់ស្លឹកនៅចុងៗមែក។ ប្រសិនជាបណ្តោយឱ្យមូសតែ ស៊ីក្នុងរយៈពេល ២សប្តាហ៍ ទៅ១ខែ ដើមស្វាយចន្ទី នឹងងាប់នៅផ្នែកខាងចុងមែកតែម្តង ហើយបើមិនបាញ់ថ្នាំ វានឹងស៊ីអស់ពីចម្ការ គ្មានស្វាយចន្ទីប្រមូលផលនោះទេ។ ជាពិសេសក្នុងអំឡុងខែសីហា ដល់ខែតុលា ជារដូវ ដែលមានភ្លៀងធ្លាក់ច្រើន ចន្ទីលាស់ស្លឹកខ្ចីល្អ ហើយវាក៏ជាចំណីសម្រាប់មូសតែផងដែរ។

ត្រួតស្វាយចន្ទីដែលត្រូវបំផ្លាញដោយដោយមូសតែ។ រូបភាព៖ ផ្ដល់ដោយលោក ហ៊ល ឡុង។

ខ្មែរណាស់៖ តើកសិករគួរមានវិធីសាស្ត្រអ្វីខ្លះ និងថ្នាំអ្វីខ្លះ ដើម្បីព្យាបាលជំងឺនេះ?

លោក ហ៊ល ឡុង៖ កសិករត្រូវដឹងថា តើពេលណាកសិករត្រូវចុះថែទាំស្វាយចន្ទីជាប់លាប់ គឺខែដែលត្រូវថែទាំចន្ទីជាប់លាប់ចាប់ពីខែកញ្ញា ដល់ខែតុលា ​ដោយកសិករត្រូវដាក់អាទិភាពចុះថែទាំកុំឱ្យមានមូសតែ និងដង្កូវ។ ថ្នាំដែលត្រូវព្យាបាលមូសតែមានច្រើនប្រភេទដូចជា Imidacioprid, Pemetrozine, Chlorpyrifos និង Acetamiprid។

ខ្មែរណាស់៖ តើកសិករគួរធ្វើដូចម្តេចដែរ ដើម្បីការពារ និងបង្ការជំងឺនេះ?

លោក ហ៊ល ឡុង៖ កសិករត្រូវសម្អាតស្មៅចម្ការឱ្យស្អាត តាក់តែងមែក  ត្រូវស្គាល់ពីវត្តមានសត្វល្អិតមូសតែឱ្យបានច្បាស់ តាមដាន និងត្រួតពិនិត្យវត្តមានមូសតែឱ្យបានត្រឹមត្រូវ និងប្រើថ្នាំកម្ចាត់សត្វល្អិតការពារ និងកម្ចាត់ ដោយលាយជាមួយទឹកស្អិត។

ខ្មែរណាស់៖ តើក្នុងចំណោមកសិករ១០០នាក់ដែលដាំស្វាយចន្ទី មានចំនួនប៉ុន្មាននាក់ ដែលជួបបញ្ហាមូសតែ ឬក្នុងអត្រាចន្ទី១០០ដើម ត្រូវបានមូសតែបំផ្លាញប៉ុន្មានដើម?

លោក ហ៊ល ឡុង៖ កសិករដែលដាំស្វាយចន្ទី M23 ស្ទើរតែ១០០ភាគរយ ដែលជួបបញ្ហាមូសតែ ហើយតាំងពីសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនអាហ្គ្រោហ្វាម៉ាស៊ី (Agro Farmacy) មានការផ្សព្វផ្សាយពីជំងឺនេះ កសិករ៨៥ភាគរយ បានស្គាល់ពីមូសតែ ដូចជារោគសញ្ញា ការបំផ្លាញ និងវិធីការពារពីបញ្ហាមូសតែលើស្វាយចន្ទីរបស់ពួកគាត់៕