
សកម្មជនការពារព្រៃឈើស្នើយ៉ាងទទូចទៅអាជ្ញាធររដ្ឋាភិបាលទប់ស្កាត់បទល្មើសព្រៃឈើ ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នាពេលថ្មីៗនេះបានចេញរបាយការណ៍មួយ រកឃើញថា គម្របព្រៃឈើទំហំ ៦.២៧១ហិកតារ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញនៅក្នុងឆ្នាំ២០២១។
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ ថ្លែងប្រាប់សារព័ត៌មានខ្មែរណាស់ (Khmernas) ក្រោយអង្គការលើកលែងទោសអន្តរជាតិបញ្ចេញរបាយការណ៍របស់ខ្លួនជាង ៤ទំព័រ កាលពីថ្ងៃទី២៨ មករា ដោយរកឃើញថា ព្រៃឈើនៅកម្ពុជាត្រូវបានកាប់បំផ្លាញខ្លាំងជាងគេនៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

លោក ហេង ស្រស់ អះអាងថា ការបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញព្រៃឈើរហូតបច្ចុប្បន្ននេះ គឺជាចេតនារបស់មន្ត្រីរដ្ឋាភិបាល ជាពិសេសមន្ត្រីក្រសួងបរិស្ថានតែម្ដង ត្បិតថា ការរកស៊ីកាប់ព្រៃឈើនៅកម្ពុជាមិនអាចធ្វើឡើងដោយពលរដ្ឋដឹកម៉ូតូ និងគោយន្តបានទេ គឺមានតែឧកញ៉ាមានលុយ និងមន្ត្រីមានអំណាចទើបអាចរកស៊ីកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀតក្នុងប្រទេសបាន។
លោកបន្តថា៖ «យើងរកឃើញទាំងភស្តុតាង និងឯកសារផ្សេងៗដែលបញ្ជាក់ថា មន្ត្រីរាជរដ្ឋាភិបាលជាអ្នកស៊ីញ៉េឱ្យមានការរកស៊ីកាប់បំផ្លាញព្រៃឈើចេញពីប្រទេសកម្ពុជា យកទៅលក់នៅខាងក្រៅប្រទេស។ ហើយឈើទាំងអស់ទៀតសោត សុទ្ធសឹងតែជាឈើកាប់ចេញពីក្នុងតំបន់ព្រៃឧទ្យាន ឬតំបន់ដែនជម្រកសត្វព្រៃ។ អ៊ីចឹងហើយចង់មិនចង់ គឺមន្ត្រីឧទ្យានរក្ស និងមន្ត្រីអ្នកអនុវត្តច្បាប់គឺសុទ្ធសឹងតែជាអ្នកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ នៅតាមតំបន់ដែលមានការកាប់បំផ្លាញព្រៃនឹងឯង»។
គម្របដើមឈើប្រមាណ ៦៤ភាគរយ ត្រូវបានកាប់បំផ្លាញ ចាប់តាំងពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។ ស្ថាប័ននេះបានគណនាពីចម្ងាយ ដោយប្រើប្រព័ន្ធទិន្នន័យ កាលពីពេលថ្មីៗនេះ និងចុះសម្ភាសន៍សកម្មជនបរិស្ថាន និងប្រជាសហគមន៍ ២០នាក់ ដែលរស់នៅតំបន់ព្រៃឡង់ និងព្រៃព្រះរកា។
សារព័ត៌មានខ្មែរណាស់មិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅឡើយគិតត្រឹមថ្ងៃទី២៩ មករា។
របាយការណ៍ដដែលនេះ បានដកស្រង់ប្រសាសន៍ប្រធានអង្គការលើកលែងទោសអន្តរជាតិ លោក Richard Pearshouse ដោយថ្លែងថា រូបភាពកាប់ឈើខុសច្បាប់យ៉ាងខ្លាំងនៅកម្ពុជា កំពុងគំរាមកំហែងដល់ព្រៃឈើសំខាន់ៗនៅសល់ចុងក្រោយ ដែលជនជាតិដើមភាគតិចពឹងអាស្រ័យចិញ្ចឹមជីវិត។ លោកបន្តថា ព្រៃឈើជាជម្រកវប្បធម៌ ប្រតិបត្តិប្រពៃណីរបស់ពួកគេ និងទាមទារឱ្យអាជ្ញាធរបញ្ឈប់ការកាប់ឈើខុសច្បាប់ និងលុបបំបាត់អំពើពុករលួយជាបន្ទាន់។
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ អះអាងបន្តថា ក្រុមហ៊ុនចំនួន ៣ គឺក្រុមហ៊ុនស៊ីងបាយអូធិក (Think Biotech) ក្រុមហ៊ុន ធីង៉ា និងក្រុមហ៊ុនភីអ៊ិនធី (PNT) គឺជាអ្នកកាប់ឈើពីតំបន់ព្រៃឡង់ ក៏ដូចជាព្រៃព្រះរកា ហើយទៅលក់ឱ្យក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) ដើម្បីនាំចេញទៅក្រៅប្រទេស ដូចជាប្រទេសវៀតណាម ចិន ហុងកុង និងតំបន់អឺរ៉ុបផង។

សកម្មជនការពារព្រៃឈើរូបនេះបន្តថា លោកលើកទឹកចិត្តមន្ត្រីរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដោយស្មារតីជួយជាតិមាតុភូមិ និងជៀសវាងអនុវត្តច្បាប់ជំរិតទារលុយពីជនប្រព្រឹត្តខុសច្បាប់ មកដាក់ក្នុងហោប៉ៅខ្លួនឯង។ លោកគូសបញ្ជាក់ថា បើសិនមន្ត្រីនៅបន្តបណ្ដែតបណ្ដោយដូច្នេះ មានន័យថា មន្ត្រីទាំងនោះជាអ្នកនៅពីក្រោយខ្នង នៃអ្នករកស៊ីកាប់បំផ្លាញព្រៃឈើ និងចូលដៃចូលជើងប្រព្រឹត្តបទល្មើសដូចគ្នា៕
- សកម្មជនព្រៃឈើស្នើយ៉ាងទទូចទប់ស្កាត់បទល្មើសព្រៃឈើ ខណៈព្រៃនៅតំបន់ការពាររងការកាប់បំផ្លាញ - នៅថ្ងៃទី 29/01/2022
- រដ្ឋបាលខេត្តកណ្ដាលទទួលស្គាល់ថា ការប្រមូលសំរាមនៅក្រុងតាខ្មៅមិនទាន់បានល្អប្រសើរ - នៅថ្ងៃទី 28/01/2022
- ក្រសួងកសិកម្មបង្កើនការត្រួតពិនិត្យសារធាតុញៀនបន្ទាប់ពីសម្ដេច ស ខេង ស្ដីបន្ទោសខ្លាំងៗ - នៅថ្ងៃទី 27/01/2022