
រដ្ឋបាលខេត្តកណ្ដាលបានចាត់ទុកក្រុងតាខ្មៅ គឺជាបេះដូងសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ជាងគេរបស់ខេត្ត។ ប៉ុន្តែ បញ្ហាគ្រប់គ្រង និងប្រមូលសំរាមនៅតែមិនទាន់គ្របដណ្តប់ទូទាំងក្រុងតាខ្មៅទាំងមូលនៅឡើយ។
អភិបាលរងខេត្តកណ្ដាល លោក តាំង ម៉េងលាន ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងក្រុងតាខ្មៅ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ថា រដ្ឋបាលខេត្តតម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋ ត្រូវតែរួមគ្នាដោះស្រាយបញ្ហាសំរាម និងកាកសំណល់រឹង ទើបទទួលបានជោគជ័យ។
តាមរយៈកិច្ចប្រជុំដែលផ្សព្វផ្សាយលើហ្វេសប៊ុករដ្ឋបាលខេត្តនេះ លោក តាំង ម៉េងលាន បន្តថា វិសាលភាព នៃការផ្តល់សេវា សំអាតសំរាម នៅមិនទាន់គ្របដណ្តប់នៅក្នុងក្រុងទាំងមូលនៅឡើយទេ ដោយនៅមានផ្នែកខ្លះនៃសង្កាត់ស្វាយរលំ រកាខ្ពស់ និងសិត្បូ ខណៈក្រុមហ៊ុនកំពុងតែខិតខំបន្ថែមទៀត។ លោកគូសបញ្ជាក់ថា កត្តានេះហើយ ដែលធ្វើឱ្យនៅមានសំរាមរាយប៉ាយ នៅតាមផ្នែកខ្លះនៃដងផ្លូវ ក្នុងប្រភពទឹកសាធារណៈ និងកន្លែងសាធារណៈសំខាន់ៗមួយចំនួនទៀត បណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សោភ័ណភាព បរិស្ថានក្នុងទីក្រុង និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាងនេះទៅទៀតមន្ត្រីរដ្ឋបាលខេត្តនេះបានជំរុញដល់ក្រុមហ៊ុនប្រមូលសំរាមស៊ុនទ្រី ត្រូវពង្រឹង និងខិតខំបន្ថែមទៀតទៅលើការដឹកជញ្ជូន និងទុកដាក់សំរាម តាមស្តង់ដារបច្ចេកទេស ហើយត្រូវបង្កើន ចំនួនរថយន្តដឹកសំរាម រ៉ឺម៉កដឹកសំរាម ចំនួនភ្នាក់ងារបោសសំអាត ឱ្យសមស្របទៅនឹងបរិមាណសំរាមដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងក្រុងតាខ្មៅ។
លោកបន្តថា៖ «ក្រុមហ៊ុនស៊ីនទ្រីត្រូវយកចិត្តទុកដាក់ ប្រមូលសំរាមប្រចាំការនៅតាមមាត់ទន្លេ ដងផ្លូវសាធារណៈ ប្រភពទឹក និងកន្លែងសាធារណៈសំខាន់ៗ ព្រោះមានសំរាមរាយប៉ាយយ៉ាងច្រើននៅទីនោះ ជាងនេះទៅទៀត ក្រុមហ៊ុនត្រូវរៀបចំប្រតិទិនពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាមជាក់លាក់ ពោលគឺក្រុមហ៊ុនត្រូវរៀបចំបង្កើតប័ណ្ណព័ត៌មានផ្សព្វផ្សាយពីពេលវេលាបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋ និងពេលវេលាដែលក្រុមហ៊ុនត្រូវប្រមូលសំរាមជូនដល់ប្រជាពលរដ្ឋ»។
បញ្ហាសំរាមជាវិបត្តិរបស់សង្គមទាំងមូល ហើយត្រូវការការចូលរួមពីពលរដ្ឋទាំងអស់គ្នា ដោយមានការគាំទ្រពីអាជ្ញាធររដ្ឋ។ ពលរដ្ឋត្រូវទុកដាក់សំរាម ឱ្យមានមានរបៀប ហើយក្រុមហ៊ុនត្រូវប្រមូលសំរាមជាទៀងទាត់ជាដើម។
យុវជនសំរាម ដែលគេស្គាល់ទូទៅពីការងារប្រមូលសំរាមដោយស្ម័គ្រចិត្តរបស់ពួកគេ ដែលដឹកនាំដោយយុវជន សាន ដារ៉ាវីត កំពុងធ្វើយុទ្ធនាការរៃអង្គាស ស្នើសុំធុងសំរាមពីសប្បុរសជននានា។ យុវជនទាំងនេះគូសបញ្ជាក់ថា សំរាមពាសវាលពាសកាល គឺបានធ្វើឱ្យតម្លៃប្រជាជនយើងធ្លាក់ចុះ និងធ្វើអោយប្រទេសរបស់យើងត្រូវបានគេមើលងាយ ពួកយើងសង្ឃឹមថា បងប្អូននឹងចូលរួមស្រលាញ់ ថែរក្សា ព្រមទាំងជួយលើកកំពស់បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ប្រទេសកម្ពុជាយើងឱ្យបានប្រសើរជាងនេះ។
ក្រុមយុវជននេះអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមជួយទិញធុងសំរាមខ្នាត២៤០លីត្រ ក្នុងមួយធុងមានតម្លៃ ៤៥ដុល្លា ចំនួន៥០០ធុង ដើម្បីពង្រាយធុងសំរាមទាំងអស់នេះទៅកាន់ទីសាធារណៈនានា ក្នុងគំរោងកម្ពុជាស្អាត។
ក្រុមយុវជនទាំងនេះបន្តថា សំរាប់បងប្អូនដែលជឿជាក់ គាំទ្រគំរោងពួកគេ និងដើម្បីឱ្យគំរោងមួយនេះបានដើរទៅមុខជាបន្ត បងប្អូនអាចទិញជាធុងសំរាមខ្នាតនេះ ដើម្បីបរិច្ចាគ ឬអាចបរិច្ចាគតាមកំលាំងសទ្ធា តាមរយៈគណនីធនាគារអេប៊ីអេ (ABA): 000 48 73 57 (San Daravit)
គណនីអេស៊ីលីដា (ACLEDA): 3473 0053 0926 16 (San Daravit) គណនីអេស៊ីលីដាទាន់ចិត្ត : 069 21 60 85 និងគណនីវីង (Wing) :069216085 ។
ចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២២ តទៅ សាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមផាកពិន័យទៅតាមច្បាប់ចំពោះអ្នកដែលមិនបានបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងបញ្ចេញខុសម៉ោង ដែលខាងសាលារាជធានីបានកំណត់ក្នុងខណ្ឌចំនួន៥ ដូចជា ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។
យោងតាមអនុក្រឹត្យលេខ១១៣ ស្ដីពីការគ្រប់គ្រងសំណល់រឹង ជំពូកទី៧ ដែលបានចេញនៅឆ្នាំ២០១៥ បានកំណត់ថា ការមិនអនុវត្តតាមការកំណត់ ក្នុងការញែក និងការវេចខ្ចប់ដោយឡែកនូវសំរាម សំណល់រឹងក្នុងទីប្រជុំជន ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ត្រូវទទួលការពិន័យអន្តរការណ៍ចំនួន ១ម៉ឺនរៀលសម្រាប់លំនៅឋាន និង១សែនរៀល សម្រាប់ទីតាំងអាជីវកម្ម សិប្បកម្ម អាគារខុនដូរ ឬបុរីលំនៅឋាន និង ២សែនរៀល សម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន ហើយក្នុងករណីមិនរាងចាល គឺត្រូវទទួលពិន័យទ្វេដងនៃប្រាក់ពិន័យអន្តរកាណ៍លើកមុន។ ចំណែកបុគ្គលដែលនាំយកកញ្ចប់ ឬធុងផ្ទុកសំរាម សំណល់រឹងទីប្រជុំជន ទៅដាក់នៅតាមដងផ្លូវ ឬទីសាធាណៈខុសម៉ោងអនុញ្ញាត ត្រូវពិន័យប្រាក់ ២ម៉ឺនរៀលសម្រាប់លំនៅឋាន ១សែន ៥ម៉ឺនរៀលសម្រាប់ទីតាំងអាជីវកម្ម ទីតាំងសេវាកម្ម សិប្បកម្ម ខុនដូរ និងបុរីលំនៅឋាន និង ៤សែនរៀលសម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន ហើយក្នុងករណីមិនរាងចាល ត្រូវពិន័យប្រាក់ទ្វេដង នៃប្រាក់ពិន័យលើកមុន៕
- សកម្មជនព្រៃឈើស្នើយ៉ាងទទូចទប់ស្កាត់បទល្មើសព្រៃឈើ ខណៈព្រៃនៅតំបន់ការពាររងការកាប់បំផ្លាញ - នៅថ្ងៃទី 29/01/2022
- រដ្ឋបាលខេត្តកណ្ដាលទទួលស្គាល់ថា ការប្រមូលសំរាមនៅក្រុងតាខ្មៅមិនទាន់បានល្អប្រសើរ - នៅថ្ងៃទី 28/01/2022
- ក្រសួងកសិកម្មបង្កើនការត្រួតពិនិត្យសារធាតុញៀនបន្ទាប់ពីសម្ដេច ស ខេង ស្ដីបន្ទោសខ្លាំងៗ - នៅថ្ងៃទី 27/01/2022