លោក វេង សាខុន ចុះពិនិត្យការដាំបន្លែលើទឹក(hydroponic)របស់កសិករនៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់កាលពីឆ្នាំ២០១៩។ រូបភាព៖ ក្រសួងកសិកម្ម

មន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា វិស័យដាំបន្លែនៅលើទឹកនៅកម្ពុជានៅមានតិចតួចនៅឡើយ ដោយសារប្រភេទដំណាំនេះ ត្រូវការដើមទុនច្រើន ហើយមិនមែនជាដំណាំសេរីរាង្គ។

លោក សាយ តុម អនុប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំនៃក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២១មករាថា បន្លែដាំនៅលើទឹក មិនមែនជាប្រភេទបន្លែសរីរាង្គនោះទេ ដោយសារគេត្រូវដាក់បញ្ចូលសារធាតុចិញ្ចឹមចូលទៅក្នុងទឹក ដើម្បីឱ្យបន្លែនោះលូតលាស់ល្អ។

លោកន្ថែមថា៖« កាលណាដាំលើទឹក គេត្រូវប្រើសារជាតិចិញ្ចឹម។ សារជាតិចិញ្ចឹម គេដាក់ជាតិគីមីដាក់ជាតិអីច្រើនណា៎ ឱ្យវាស្រូបទៅហ្នឹង ភាសាអង់គ្លេសគេហៅថា ហាយដ្រូផូនិក(Hydroponic) នៅក្នុងទឹកហ្នឹងត្រូវប្រើជាតិគីមីច្រើន បានបន្លែហ្នឹងវារស់ ដាក់ក្នុងទឹកឱ្យវា(បន្លែ)ស្រូប ហើយគ្រាន់តែវាមិនបានប្រើថ្នាំកសិកម្ម ប៉ុន្តែអាសារជាតិចិញ្ចឹមវាប្រើជាតិគីមីច្រើន»។

មន្ត្រីដដែលបន្តថា ប្រសិនបើកសិករចង់ចេះបច្ចេកទេសដាំបន្លែលើទឹកនេះ គឺអាចទាក់ទងទៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីប្រឹក្សាឬរៀនអំពីបច្ចេកទេស ក៏ដូចជាការអនុវត្តឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ចៀសវាងការធ្វើទាំងមិនទាន់ចេះក្បួនខ្នាត ដែលនាំ​ឱ្យខាតបង់ប្រាក់។

លោកថ្លែងដូច្នេះថា៖«អ៊ីចឹងបច្ចេកទេសហ្នឹង ពួកខ្ញុំនឹងជួយបង្រៀន ជួយណែនាំអ៊ីចឹងណា៎។ ចៀសវាង ធ្វើទៅខុស វាអស់ដើមច្រើន។ គាត់ត្រូវ វិភាគសេដ្ឋកិច្ចដែរ បើសិនមានដីកន្លះហិកតា ស្រាប់គាត់យកដីកន្លះហិកតាហ្នឹង ទៅធ្វើអាកសិកម្មលើទឹកហ្នឹងអស់ដើម។ ឧទាហរណ៍ថា អស់ដើម៣០ម៉ឺនដុល្លារ ហើយគាត់ធ្វើប៉ុន្មាន លក់ចុះលក់ឡើង អត់បាន៣០ម៉ឺនវិញផង វិភាគសេដ្ឋកិច្ចណា៎ ធ្វើចុះធ្វើឡើង ឮតែគេថា លក់ចុះលក់ឡើងបានតែ២០ម៉ឺន ខាត១០ម៉ឺនបាត់ ហើយខាតប៉ុន្មានឆ្នាំទៀត ខាតពេលទៀត​ អ៊ីចឹងបើគាត់មានដីប៉ណ្ណឹង គាត់ធ្វើទីវាលធម្មតាឬគាត់អាចធ្វើផ្ទះសំណាញ់ចំណេញជាង»។

លោក យ៉ៃ ចន្ថា ជាអ្នកដាំបន្លែនៅលើទឹកចំនួន២ពាន់គុម្ពម្នាក់ និងមានមុខបរមួយទៀត ជាគ្រូបង្រៀនវិទ្យាល័យ ហ៊ុនសែនកំពង់ភ្នំ នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បានលើកឡើងថា ការបើកដាំបន្លែលើទឹក ប្រសិនបើគ្រាន់តែដាំលក្ខណៈគ្រួសារ មិនសូវជាចំណាយច្រើននោះទេ ត្រឹមតែជាង១០០ដុល្លា គឺគ្រប់គ្រាន់ហើយ ប៉ុន្តែប្រសិនបើដាំលក្ខណៈធំដុំសម្រាប់លក់ នោះនឹងត្រូវចំណាយប្រាក់ច្រើន ដោយសារត្រូវការចំណាយលើការរៀបផ្សាដែក និងរៀបជាថ្នាល។

លោកបន្តថា លោកបានរៀនបច្ចេកទេសដាំបន្លែលើទឹកនេះ ពីវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញមួយ​ ហើយអាចដាំបានគ្រប់ប្រភេទបន្លែស្លឹក ដូចជាស្ពៃគ្រប់ប្រភេទ ខាត់ណាដើម ខាត់ណាផ្កាទាំងពីរពណ៍ ប៉េងប៉ោះ ត្រសក់និងប្រភេទបន្លែផ្សេងៗទៀត លើកលែងតែបន្លែប្រភេទមើម ប៉ុណ្ណោះដែលមិនអាចដាំលើទឹកបាន។

ចំពោះការប្រើប្រាស់សារជាតិគីមីវិញ លោកនិយាយថា វាមានការប្រើប្រាស់ដែរ នោះគឺជីដែលដាក់ចូលទៅក្នុងទឹក ប៉ុន្តែជីទាំងនោះសុទ្ធតែជារបស់ដែលបន្លែត្រូវការដើម្បីស្រូប ដើម្បីមានការលូតលាស់ និងវាមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេ។

យោងតាមរបាយការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថា ផលិតផលបន្លែគ្រប់ប្រភេទរបស់កម្ពុជាប្រមូលផល បាននៅឆ្នាំ២០២១មានចំនួន៩០៨,៥៩៥តោន គឺកើនឡើងចំនួន១៤,១៥%បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន៧៩៥,៩៦៤តោន៕