លោក វេង សាខុន នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា៤.០រវាងក្រសួងកសិកម្ម ជាមួយក្រុមហ៊ុនឯកជន នៅថ្ងៃទី២១មករាឆ្នាំ២០២២។ រូបភាព៖ ហ្វេសប៊ុកលោក វេង សាខុន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនឯកជនចំនួន៣ សហការគ្នាដើម្បីសម្រេចឱ្យបានតាមគោលដៅ ក្នុងការសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា៤.០ ឱ្យបានចំនួន១ម៉ឺនខ្នងក្នុងរយៈពេល១០ឆ្នាំ ដើម្បីផលិតបន្លែបន្ថែមជាអប្បបរមាចំនួន៤០០តោនក្នុងមួយឆ្នាំ។ នេះបើតាមហ្វេសប៊ុក លោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី២១ ខែមករា។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ រវាងក្រសួងកសិកម្ម ជាមួយក្រុមហ៊ុន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd លោក វេង សាខុន បានលើកឡើងថា ការសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ មិនត្រឹមតែផ្តល់ការផ្គត់ផ្គង់ ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារក្នុងមូលដ្ឋាននោះទេ ថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិដែរ។

លោកបន្តថា ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព។

លោក វេង សាខុន បញ្ជាក់ថា អនុស្សរណ:នេះ នឹងជួយបំពេញនូវអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងគូភាគីទាំងអស់ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ ជាពិសេស វានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ ចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។

លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២២ មករា ថា ក្រុមហ៊ុនឯកជនទាំងនេះ នឹងដាំប្រភេទដំណាំដែលមានតម្លៃថ្លៃ ហើយនៅក្នុងហ្គ្រីនហៅស៍ តែងតែត្រូវបានគេដាំដំណាំមានទីផ្សារ ដោយមិនចាំបាច់ប្រើសារធាតុគីមី ងាយប្រឆាំងនឹងអាកាសធាតុ និងសត្វល្អិត។

លោកថ្លែងដូច្នេះថា៖«មុនដែលចុះហត្ថលេខានោះ គឺគេ (ក្រុមហ៊ុន) ធ្វើចាប់ផ្តើមធ្វើហើយ។ ក្រុមហ៊ុនធំមួយហ្នឹងគឺគេធ្វើនៅខាងលិចទីរួមខេត្តកំពង់ឆ្នាំង ប៉ុន្តែអ្វីដែលយើងចុះហត្ថលេខាហ្នឹង គឺបានន័យថា យើងផ្តល់សិទ្ធិឱ្យគេពង្រីក ហើយពង្រីកហ្នឹងមិនមែនបានន័យថាឱ្យគាត់រកទិញដីខ្លួនឯងនោះទេ ឱ្យគាត់ហ្នឹង ជួយបណ្តុះបណ្តាលដល់សហគមន៍ សហការជាមួយសហគមន៍ ដើម្បីធ្វើរឿងនេះនៅទូទាំងប្រទេស»។

លោកបន្តថា ហ្គ្រីនហៅស៍ គឺជាផ្ទះម្លប់ ដែលជាកន្លែងដាំដំណាំមួយបង្កើតម៉ាក្រូអាកាសធាតុណាមួយសមស្របសម្រាប់ដំណាំ ព្រោះអាកាសធាតុខាងក្រៅមិនសមស្រប ជាពិសេសនៅតាមរដូវក្តៅ ដូច្នេះនៅហ្គ្រីនហៅស៍ត្រូវបានគេធ្វើវាឱ្យមានម្លប់។

លោកថ្លែងបន្ថែមថា៖«បើមានភ្លៀងមិនឱ្យដំណាំដែលមិនត្រូវការទឹកភ្លៀង ព្រោះបន្លែស្លឹកមិនត្រូវការទឹកភ្លៀងខ្លាំងនោះទេ។ អ៊ីចឹង!ដាំនៅក្នុងហ្នឹងបាន អាហ្នឹងជាគោលការណ៍រួមរបស់ហ្គ្រីនហៅស៍ ហើយនៅក្នុងហ្នឹងយើងគ្រប់គ្រង ចាត់ចែង ការស្រោចស្រព ដោយវៃឆ្លាត ប្រើប្រាស់ទឹកតិច ជាតំណក់ទឹក តាមដី ឬក៏តាមគល់ ឬក៏ស្រោចបាចពីលើស្លឹក ប៉ុន្តែយ៉ាងណាក៏ដោយគឺប្រើដោយសន្សំសំចៃ»។

លោកបញ្ជាក់ថា ហ្គ្រីនហៅស៍បច្ចេកវិទ្យា៤.០ គឺជាប្រព័ន្ធគ្រប់គ្រងជាលក្ខណៈអេឡិចត្រូនិចដោយអាចបញ្ជាឱ្យមានការចាប់ផ្តើមស្រោច និងបិទវិញតាមទូរស័ព្ទដៃ ដោយមិនចាំបាច់ដើរទៅបិទនោះទេ ហើយក្នុងប្រព័ន្ធទុយោក៏មានភ្ជាប់ជាតិល្បាយមួយចំនួនសម្រាប់ផ្តល់ជីវជាតិដល់ដំណាំផងដែរ។ លោក​ថា ក្រសួងមិនទាន់ដឹងតួរលេខជាក់លាក់ថា កម្ពុជាមានហ្គ្រីនហៅស៍ចំនួនប៉ុន្មាននោះទេ ព្រោះមានគម្រោងជាច្រើនបានបង្កើតហ្គ្រីនហៅស៍នៅតាមបណ្តាខេត្តនានា។

លោក វេង សាខុន បានបញ្ជាក់ដែរថា ដើម្បីសម្រេចគោលដៅក្នុងការសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ឱ្យបានចំនួន ១ម៉ឺនខ្នង ត្រូវជួយពង្រឹងសមត្ថភាពបច្ចកទេសសហគមន៍កសិកម្ម ត្រូវបន្តកៀរគរផ្នែកឯកជន និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមវិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេសទំនើបកម្ម ប្រកបដោយភាពវៃឆ្លាត ត្រូវបន្តពង្រឹងសមត្ថភាព និងគ្រប់គ្រងផែនការផលិត ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ដល់ទីផ្សារ និងអ្នកបញ្ជាទិញ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ ហិកតា នៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហិកតា នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០១៤ ដល់ ៨១០ ០៦៤ តោន នៅឆ្នាំ២០២១ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោនក្នុង១ហិកតា នៅឆ្នាំ២០១៤ ដល់ប្រមាណជាង១២តោនក្នុង១ហិកតា នៅឆ្នាំ២០២១ នេះ៕