
រដ្ឋអំណាចទីក្រុងប៉េកាំង បានដាក់ទណ្ឌកម្មមន្រ្តីនិងអ្នកពាក់ព័ន្ធជិត១០០នាក់ ដោយសារមិនបានបំពេញតាមភារកិច្ចក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដែលបានវាយប្រហារខេត្តហឺណាន(Henan) កាលពីចុងខែកក្កដាឆ្នាំមុន សម្លាប់មនុស្សរាប់រយនាក់។ នេះបើតាមការចុះផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មាន Xinhua។
លោក Xu Liyi លេខាគណៈកម្មាធិការបក្សកុម្មុយនិស្តនៅទីក្រុង Zhengzhou នៃខេត្តហឺណាន ត្រូវបានដកចេញពីមុខតំណែង ហើយអភិបាលរងក្រុង Zhengzhou លោក Wu Fumin ក៏ត្រូវបានបណ្តេញចេញដែរ។
មន្រ្តីជាន់ខ្ពស់ប្រចាំខេត្តទាំងពីររូបនេះ គឺស្ថិតក្នុងចំណោមមន្រ្តី៨៩នាក់ទៀត ត្រូវទទួលរងការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលកណ្ដាល សម្រាប់អ្វីដែលរដ្ឋអំណាចចិនបានបើកការស៊ើបអង្កេតរកឃើញថា ពួកគេមិនបានដោះស្រាយឱ្យបានល្អប្រសើរក្នុងការឆ្លើយតបបន្ទាប់ទៅគ្រោះទឹកជំនន់។
ចិនបានហៅគ្រោះទឹកជំនន់វាយប្រហារខេត្តហឺណានពីថ្ងៃទី១៧ដល់ថ្ងៃទី២៣កក្កដា ដែលបានធ្វើឱ្យបាត់ខ្លួននិងសម្លាប់មនុស្សអស់៣៩៨នាក់ គឺជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ។ បើយោងតាមរបាយការណ៍ស៊ើបអង្កេតពីរដ្ឋាភិបាលកណ្ដាលបានរកឃើញថា មានបញ្ហានៃការរាយការណ៍យឺតយ៉ាវ និងការលាក់បាំងក្នុងការរាយការណ៍ព័ត៌មានអំពីគ្រោះមហន្តរាយ និងការធ្វេសប្រហែស ពីគណៈកម្មាធិការគណបក្ស រដ្ឋាភិបាល និងនាយកដ្ឋានពាក់ព័ន្ធថ្នាក់ក្រោម ដែលគ្រប់គ្រងខេត្តហឺណាន។
ក្រៅពីនេះ អ្នកគ្រប់គ្រងក្រុមហ៊ុនដែលទទួលខុសត្រូវ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Zhengzhou រួមទាំងខ្សែរថភ្លើងក្រោមដី ដែលមានមនុស្ស១៤នាក់លង់ទឹកស្លាប់ គឺស្ថិតក្នុងចំណោមមនុស្ស១១នាក់ ត្រូវបានចាប់ខ្លួនឬឃុំខ្លួន ដោយសារការស៊ើបអង្កេតរបស់រដ្ឋាភិបាលកណ្តាលដែរ។
នៅក្នុងប្រទេសចិន មន្ត្រីថ្នាក់តំបន់ និងក្រុង ត្រូវបានទម្លាក់ពីតំណែងជាញឹកញាប់ដោយរដ្ឋាភិបាលកណ្តាល ដើម្បីឆ្លើយតបទៅនឹងការដោះស្រាយមិនល្អទៅនឹងបញ្ហាមួយចំនួន ជាពិសេសគឺគ្រោះមហន្តរាយធម្មជាតិ។ យោងតាមរបាយការណ៍បញ្ជាក់ថា ក្រុមមន្រ្តីនៅទីក្រុងវូហាន និងខេត្តហឺប៉ី ជាទីចាប់កំណើតដំបូងនៃវីរុសកូវីដ១៩ ដែលបានសម្លាប់មនុស្សអស់៤៥១២នាក់ នៅក្នុងខេត្តនេះ ក៏ទទួលរងការដាក់ទណ្ឌកម្មស្រដៀងគ្នានេះដែរ៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022